ជាតិ
រុក្ខជាតិ និងភាវៈរស់ជាច្រើនប្រឈមនឹងការវិនាស បើជីវៈចម្រុះរងការគំរាមកំហែង
× ភ្នំពេញ៖ ជីវៈចម្រុះ គឺជាបណ្តុំនៃជីវិតគ្រប់ប្រភេទរួមមាន រុក្ខជាតិ សត្វ ផ្សិត និងបាក់តេរី ក្នុងនោះក៏មានប្រព័ន្ធអេកូឡូស៊ីផ្សេងៗដែលជីវិត ស្នាក់អាស្រ័យក្នុងព្រៃ ទន្លេ និងសមុទ្រផងដែរ។ មនុស្សក៏ជាផ្នែកមួយនៃជីវៈចម្រុះដែរ ហើយក៏រស់នៅពឹងផ្អែកលើជីវៈចម្រុះដូចគ្នា។ នេះបើតាមសៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា«ធនធានធម្មជាតិនៅកម្ពុជា»។ ប្រព័ន្ធអេកូឡូស៊ី រួមទាំងមនុស្សផង សុទ្ធតែរស់នៅពឹងអាស្រ័យលើជីវចម្រុះ និងរស់ពឹងគ្នាទៅវិញទៅមក។ ដូច្នេះបើ ជីវៈចម្រុះ ឬប្រព័ន្ធអេកូឡូស៊ី រងការគំរាមកំហែង ឬត្រូវបំផ្លាញ នោះរុក្ខជាតិ និងភាវៈរស់ជាច្រើននៅផែនដី ប្រឈមនឹងការវិនាសផុតពូជ។
ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ធម្មជាតិនៅកម្ពុជាពោរពេញទៅដោយជីវៈចម្រុះ ដែលបានផ្តល់នូវអាហារចិញ្ចឹមជីវិត ឱសថព្យាបាលជំងឺ ឧសចម្អិនម្ហូអាហារ និងឈើសាងសង់ជម្រកផងដែរ។ ជាពិសេស នៅពេលជីវៈចម្រុះទទួលបានការថែរក្សា និងអភិរក្សបានល្អ សត្វ និងរុក្ខជាតិជាច្រើនប្រភេទ អាចរស់នៅជាមួយគ្នាជានិរន្តរ៍។ តួយ៉ាង ជីវៈចម្រុះដែលយើងឃើញសព្វថ្ងៃនេះ គឺជាលទ្ធផលនៃការវិវត្តដ៏យូរអង្វែង របស់រុក្ខជាតិ និងសត្វនីមួយៗ ក្នុងការសម្របខ្លួនទៅនឹងស្ថានភាពផ្សេងៗគ្នា នៃប្រព័ន្ធអេកូឡូស៊ី មិនថានៅខ្ពង់រាប វាលទំនាប សមុទ្រ ព្រៃ ឬបឹងនោះឡើយ។ ប្រភេទសត្វ និងរុក្ខជាតិមួយចំនួន រស់នៅបាន តែក្នុងតំបន់មួយប៉ុណ្ណោះនៅលើផែនដី។ គេចាត់ទុកថា វាជា«ប្រភេទសាមី»។ ជាក់ស្ដែង ជួរភ្នំក្រវាញ ជាជម្រករបស់សត្វ«ប្រភេទសាមី» ជាច្រើន ក្នុងនោះមានប្រភេទសត្វកង្កែបកម្រជាច្រើនផងដែរ។
តំបន់ខ្លះ ជាជម្រកសត្វ និងរុក្ខជាតិច្រើនប្រភេទ ដែលគេឲ្យឈ្មោះតំបន់នោះថា «តំបន់សម្បូរជីវៈចម្រុះ»។ បច្ចុប្បន្ន មានតំបន់បែបនេះចំនួន៣៥ លើពិភពលោក។ លើសពីនេះ សត្វចំនួន ៥ ទៅ៥០លានប្រភេទ កំពុងរស់នៅលើផែនដី ប៉ុន្តែសព្វថ្ងៃគេស្គាល់តែសត្វប្រមាណ ២លានប្រភេទប៉ុណ្ណោះ។ ដូច្នេះនៅមានសត្វជាច្រើនប្រភេទទៀត ដែលត្រូវការសិក្សាស្វែងយល់។ នាចន្លោះឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៤ គេបានរកឃើញសត្វ និងរុក្ខជាតិថ្មីៗចំនួន ២,២១៦ប្រភេទ នៅតាមដងទន្លេមេគង្គ។ នេះបើតាមសៀវភៅ ធនធានធម្មជាតិនៅកម្ពុជា របស់អង្គការស៊ីប៉ាដដែល។
នៅឆ្នាំ២០១៥ នាយកដ្ឋានជីវៈចម្រុះនៃក្រសួងបរិស្ថាន បានបង្ហាញតួលេខមួយចំនួន ដែលទាក់ទងនឹងជីវៈចម្រុះនៅកម្ពុជា។ របាយការណ៍នោះបង្ហាញថា កម្ពុជាមានសត្វចំនួន៧២ប្រភេទជាសត្វដែលរស់នៅលើដីគោកផង និងក្នុងទឹកផងដូចជាពពួកកង្កែប កញ្ចាញ់ចេក និងគីង្គក់ជាដើម។ ប្រភេទថនិកសត្វ មានចំនួន១៦២ប្រភេទ និងប្រភេទល្មូនចំនួន១៧៣ប្រភេទ។ ប្រភេទមេអំបៅ មានចំនួន៣៤៥ និងមាន៦០១ប្រភេទជាពួកបក្សី។ ចំណែក ប្រភេទត្រី មានចំនួន១៣៥៧ និង៣១១៣ ផ្សេងទៀត ជាប្រភេទរុក្ខជាតិ។
សំខាន់ជាងនេះទៅទៀត ជីវៈចម្រុះ ក៏បានផ្តល់ប្រយោជន៍ឲ្យយើងជាច្រើន ដូចជាចំណីអាហារគ្រប់បែបយ៉ាង ទឹកស្អាត និងខ្យល់ដកដង្ហើមបរិសុទ្ធ។ វាផ្តល់ឲ្យយើងផងដែរ នូវសារធាតុសរសៃ សម្រាប់យកទៅធ្វើជាសម្លៀកបំពាក់ និងក្រដាស ព្រមទាំងឈើសម្រាប់សាងសង់ និងចម្អិនអាហារ។ ទន្ទឹមនឹងនេះ វាក៏ជាធនធានដ៏សំខាន់ សម្រាប់យកទៅព្យាបាលជំងឺ។ បើគ្មានវាទេ គេមិនអាចផលិតថ្នាំមួយចំនួនបានឡើយ។
ទោះជាយ៉ាងនេះក្តី ជីវៈចម្រុះ ក៏ងាយរងនូវការគំរាមកំហែងផងដែរ ជាពិសេសនៅពេលដែលព្រៃឈើត្រូវគេកាប់ច្រើនហួសកម្រិត ទឹកទទួលរងការបំពុល ត្រីត្រូវគេនេសាទច្រើនហួសប្រមាណ ហើយសត្វត្រូវប្រមាញ់ឥតឈប់ឈរ។ មានន័យថា បើជីវៈចម្រុះរងការគំរាមកំហែង ឯប្រព័ន្ធអេកូឡូស៊ីក៏រងផលប៉ះពាល់ រុក្ខជាតិនិងភាវៈរស់ជាច្រើនប្រភេទ ប្រឈមនឹងការវិនាសផុតពូជ៕
Tag:
ស៊ីប៉ា
ខ្ញុំចង់ដឹង
ធនធានធម្មជាតិនៅកម្ពុជា
ជីវៈចម្រុះ
ជីវិត
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com