កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ៣ពិន្ទុដំបូងសម្រាប់ហ្វាំងឡង់ និងបែលហ្ស៊ិក ក្រោយវេលស៍តាមស្មើស្វីស
13, Jun 2021 , 7:59 am        
រូបភាព
ហ្វាំងឡង់ទទួលបានជ័យជម្នះក្នុងការប្រកួតដំបូងនៅ Euro ប៉ុន្តែក្រុមកីឡាករសប្បាយអបអរឡើយ​ដើម្បីគោរពដល់ Eriksen។ រូបថត UEFA
ហ្វាំងឡង់ទទួលបានជ័យជម្នះក្នុងការប្រកួតដំបូងនៅ Euro ប៉ុន្តែក្រុមកីឡាករសប្បាយអបអរឡើយ​ដើម្បីគោរពដល់ Eriksen។ រូបថត UEFA
ដោយ: រួបរួម
ហ្វាំងឡង់បានឈ្នះការប្រកួតនាការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ Euro។ ជ័យជម្នះ ១-០ លើម្ចាស់ផ្ទះដាណឺម៉ាកក្នុងជំនួបពូល B នេះ កើតឡើងក្រោយពេលដែលការប្រកួតត្រូវពន្យាពេលជាង២ម៉ោង ដោយសារតែខ្សែបម្រើឆ្នើមដាណឺម៉ាក Christian Eriksen បានដួលនៅលើទីលានជិតចប់តង់ទីមួយ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ ក្នុងពូល B នេះដែរ បែលហ្ស៊ិក បានយកឈ្នះ រុស្ស៊ី ៣-០ រីឯការប្រកួតកាលពីក្បាលព្រលប់ វេលស៍តាមស្មើស្វីស ១-១ នៅក្នុងពូល A។


ពូល B៖ ៣ពិន្ទុដំបូងរបស់ហ្វាំងឡង់ ប៉ុន្តែមិនមានការអបអរដើម្បីគោរពដល់ Eriksen
ដាណឺម៉ាកចាប់ផ្តើមជំនួប Euro 2020 នៅទឹកដីខ្លួន ដ៏ខ្លាំងក្លា តាមរយៈការវាយសម្រុកលើហ្វាំងឡង់យ៉ាងខ្លាំង ប៉ុន្តែឈានដល់នាទី៤១ រឿងរ៉ាវរន្ធត់បានកើតឡើងដោយសារខ្សែបម្រើឆ្នើម Christian Eriksen បានដួលនៅលើទីលាន ហើយត្រូវបានសង្គ្រោះបឋម (CPR) មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ 
 
ក្រោយហេតុការណ៍នេះ កីឡាករ និងអ្នកគាំទ្រទាំងពីរក្រុមសោកសៅយ៉ាងខ្លាំង ហើយលោកអាជ្ញាកណ្តាល Anthony Taylor បានសម្រេចព្យួរការប្រកួតក្រោមហេតុផលវេជ្ជសាស្ត្របន្ទាន់ (Medical Emergency)។ ក្រោយការព្រមព្រៀងគ្នារវាងកីឡាករនៃក្រុមទាំងពីរ ការប្រកួតនៅកីឡដ្ឋាន Parken បានចាប់ផ្តើមឡើងវិញនារយៈពេលជាង២ម៉ោងក្រោយមក។
 
នៅនាទី៥៩ Joel Pohjanpalo បានតែតបាល់បញ្ចូលទីនាំឲ្យហ្វាំងឡង់ឈ្នះ ១-០ ជាប្រវត្តិសាស្ត្រ ប៉ុន្តែគេ និងមិត្តរួមក្រុមមិនមានការអបអរឡើយ ដើម្បីសំដែងការគោរពចំពោះ Eriksen និងក្រុមម្ចាស់ផ្ទះដាណឺម៉ាក។ តាមពិតទៅ ដាណឺម៉ាក មានឱកាសតាមស្មើក្រោយខ្សែការពារហ្វាំងឡង់បង្កកំហុសលើ Yussef Poulsen នៅតំបន់គ្រោះថ្នាក់ ប៉ុន្តែការទាត់របស់ Pierre-Emile Hojbjerg ត្រូវបានសង្គ្រោះដោយអ្នកចាំទី Lukas Hradecky។
 
ក្រោយការប្រកួត លោក Kasper Hjulmand គ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាក បានលើកឡើងថា កីឡាករដាណឺម៉ាកទាំងអស់ប្រកួតទាំងមិនមានអារម្មណ៍ល្អ ដោយសារតែពួកគេគិតដល់ Eriksen។ សហព័ន្ធកីឡាបាល់ទាត់ដាណឺម៉ាក បានអះអាងថា ស្ថានភាពររបស់ Eriksen បានធូរស្រាល ហើយថែមទាំងដឹងខ្លួនផងដែរ។

ពូល B៖ បែលហ្ស៊ិកឈ្នះម្ចាស់ផ្ទះរុស្ស៊ី ៣-០ ដោយ Lukaku រកបាន២គ្រាប់
បែលហ្ស៊ិកទទួលជ័យជម្នះ ៣-០ លើម្ចាស់ផ្ទះរុស្ស៊ី នៅកីឡដ្ឋាន Saint Petersburg សម្រាប់ការប្រកួតពូល B។ Romelu Lukaku រកបាន២គ្រាប់នៅ១០នាទីដំបួង និង២នាទីចុងក្រោយ ខណៈ១គ្រាប់ទៀតសម្រេចបានដោយ Thomas Meunier នៅពាក់កណ្តាលតង់ទីមួយ។
 
«Chris, Chirs, I love you» Lukaku បានស្រែកបែបនេះនៅមុខកាមេរ៉ា ក្រោយស៊ុតបាល់បញ្ចូលទី ដើម្បីជូនពរដល់ Christian Erisen មិត្តរួមក្លិប Inter Milan របស់ខ្លួនឲ្យឆាប់ជាសះស្បើយ។
 
សម្រាប់ពូល B បែលហ្ស៊ិក និងហ្វាំងឡង់ មាន៣ពិន្ទុនាំមុខបណ្តោះអាសន្ន ខណៈដាណឺម៉ាក និងរុស្ស៊ី ត្រូវបន្តប្រឹងប្រែងឲ្យបានខ្ពស់សម្រាប់ជំនួបបន្តបន្ទាប់ទៀត។
 
ពូល A៖ វេលស៍តាមស្មើស្វីស ១-១
នាការប្រកួតពូល A កាលពីក្បាលព្រលប់ ខ្សែប្រយុទ្ធវេលស៍ Kieffer Moore ដែលប៉ង់ក្រណាត់ក្រហមរុំរបួសក្បាល បានតែតបាល់បញ្ចូលទីតាមស្មើស្វីស ១-១ ដើម្បីចែករំលែក១ពិន្ទុពីការប្រកួតដំបូងក្នុងពូល A នាកីឡដ្ឋានក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ 
 
គ្រាប់បាល់បញ្ចូលទីនៅនាទី៧៤របស់វេលស៍នេះ កើតឡើងក្រោយពេលដែល Breel Embolo បានតែតបញ្ចូលទីនាំមុខ១គ្រាប់មុនសម្រាប់ស្វីសនៅដើមតង់ទី២ ហើយស្វីស ក៏មានឱកាសបង្កើនការនាំមុខផងដែរ ប៉ុន្តែគ្រាប់បាល់បញ្ចូលទីរបស់ Mario Gavranovic ស្ថិតក្នុងជំហរក្រៅល្បែង ក្រោយការពិនិត្យរបស់ VAR។
 
អ៊ីតាលីដែលបានយកឈ្នះតួកគី ៣-០ នាការប្រកួតដំបូងបំផុត ឈរលេខ១បណ្តោះអាសន្នក្នុងពូល A៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com