ជាតិ
ខណ្ឌច្បារអំពៅ៖ សល់បែត្រីតែ៤៦ទៀតប៉ុណ្ណោះ ដែលមិនទាន់រុះរើអស់
13, Jun 2021 , 10:44 am        
រូបភាព
ពលរដ្ឋ និងអាជ្ញាធរកំពុងរុះរើសំណង់មិនរៀបរយនៅលើផ្ទៃទឹកក្នុងខណ្ឌច្បារអំពៅ។ រូបភាពសាលាខណ្ឌច្បារអំពៅ។
ពលរដ្ឋ និងអាជ្ញាធរកំពុងរុះរើសំណង់មិនរៀបរយនៅលើផ្ទៃទឹកក្នុងខណ្ឌច្បារអំពៅ។ រូបភាពសាលាខណ្ឌច្បារអំពៅ។
ភ្នំពេញ៖ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រី ជាង៤០០ ក្នុងចំណោមសរុប៥០០ នៅខណ្ឌច្បារអំពៅ បានរុះរើពីទន្លេហើយ។ នេះបើតាមលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដោយបញ្ជាក់ថា នៅសល់តែបែត្រី ចំនួន៤៦ទៀតប៉ុណ្ណោះ ដែលមិនទាន់រុះរើ។

 
 ចំពោះបែចិញ្ចឹមត្រីចំនួន៤៦ ដែលនៅសល់ លោកចេង មុនីរ៉ា មិនបានបញ្ជាក់ពីថ្ងៃរុះរើឡើយ ដោយលោកអះអាងថា ម្ចាស់បែត្រីសុំពេលវេលាពន្យារសិន។  លោក ចេង មុនីរ៉ា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទយ៉ាងខ្លីថា៖ «មកដល់ម៉ោងនេះ មានតែ៤៦បែទៀតទេ ដែលពួកគាត់សុំពេលវេលា ដើម្បីគាត់ដួសត្រីគាត់ឡើង និងគាត់ចល័តចេញ»។ 
 
គួររម្លឹកថា កាលពីថ្ងៃទី២មិថុនា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិ ខិតជូនដំណឹង ដល់អ្នកមានផ្ទះបណ្ដែតទឹកលើផ្ទៃទន្លេទាំងអស់ ឱ្យរុះរើចេញជាបន្ទាន់ ត្រឹមថ្ងៃទី៩មិថុនា។ 
 
លោក បានបញ្ជាក់ថា ក្នុងករណីបើនរណារឹងរូស មិនព្រមរុះរើផ្ទះបណ្ដែតទឹក, ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក និងបែចិញ្ចឹមត្រី អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោះស្រាយតាមច្បាប់។ ប្រជាពលរដ្ឋដែលមានបែរចិញ្ចឹមត្រី និងសំណង់មិនរៀបរយ នៅតាមទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ភាគច្រើនជាជនជាតិខ្មែរឥស្លាម និងពលរដ្ឋមានដើមកំណើតរៀតណាម៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com