កីឡាអន្តរជាតិ
អន្តរជាតិ
BBC សុំទោសក្រោយរងការរិះគន់ចំពោះការបន្តថតទិដ្ឋភាពសង្គ្រោះ Eriksen ដែលបានដួលលើទីលាន
13, Jun 2021 , 11:09 am        
រូបភាព
កីឡាករដាណឺម៉ាក និងក្រុមសង្គ្រោះ នាំគ្នាឈរព័ទ្ធជុំវិញដើម្បីឲ្យកាមេរ៉ាថតបានទិដ្ឋភាពពេលសង្គ្រោះបឋមលើ Christian Eriksen។ រូបថត AFP
កីឡាករដាណឺម៉ាក និងក្រុមសង្គ្រោះ នាំគ្នាឈរព័ទ្ធជុំវិញដើម្បីឲ្យកាមេរ៉ាថតបានទិដ្ឋភាពពេលសង្គ្រោះបឋមលើ Christian Eriksen។ រូបថត AFP
ដោយ: រួបរួម
ទូរទស្សន៍ BBC បានចេញសារសុំទោសជាសាធារណៈមួយ ក្រោយរងការរិះគន់យ៉ាងខ្លាំង ទាក់ទងនឹងការបន្តថតទិដ្ឋភាពសង្គ្រោះបឋម (CPR) ខ្សែបម្រើដាណឺម៉ាក Christian Eriksen  ដែលបានដួលសន្លប់នាអំឡុងនៃការប្រកួត Euro 2020 ជាមួយហ្វាំងឡង់។

 
Eriksen អាយុ២៩ឆ្នាំ បានដួលទៅលើទីលាននៅពេលជិតបញ្ចប់ការប្រកួតតង់ទីមួយរវាងម្ចាស់ផ្ទះដាណឺម៉ាក និងហ្វាំងឡង់ ក្នុងពូល B នៃពានរង្វាន់ Euro 2020 នាកីឡដ្ឋាន Parken ក្រុង Copenhagen។ លោកអាជ្ញាកណ្តាល Anthony Taylor បានហៅក្រុមសង្គ្រោះឲ្យចូលក្នុងទីលាន ហើយចាប់ផ្តើមធ្វើសកម្មភាពសង្គ្រោះបឋម។
 
ទិដ្ឋភាពនេះ ត្រូវបានបន្តថតនាអំឡុងការផ្សាយផ្ទាល់របស់ BBC ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កាមេរ៉ាមិនអាចផ្តិតយករូបភាពរបស់ Eriksen បានឡើយ ដោយសារតែប្រធានក្រុមដាណឺម៉ាក Simon Kjaer បានហៅសមាជិកក្រុមឈរព័ទ្ធជុំវិញ អមជាមួយក្រុមសង្គ្រោះបឋម ដើម្បីបិទបាំងភាពរន្ធត់។
 
BBC ក៏បានបង្វែកាមេរ៉ាឆ្ពោះទៅកាន់ភរិយា Eriksen ដែលកំពុងស្ថិតក្នុងស្ថានភាពច្រួលច្របល់ផងដែរ។


 
អ្នកតាមដានជាច្រើន បានរិះគន់ BBC យ៉ាងខ្លាំង ចំពោះការបង្ហាញទិដ្ឋភាពរន្ធត់ដែលកើតមានទៅលើ Eriksen ក្នុងរយៈពេលដ៏ច្រើននាទី។
 
ភ្លាមៗ BBC បានចេញសារសុំទោសចំពោះទិដ្ឋភាពដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ ដោយអះអាងថា ពួកគេមិនអាចគ្រប់គ្រងស្ថានភាពបានភ្លាមៗ។ «ការផ្សាយផ្ទាល់នៅកីឡដ្ឋាន ស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប។ ក្រោយការប្រកាសថា ការប្រកួតត្រូវបានព្យួរ យើងក៏បានបិទការផ្សាយផ្ទាល់ភ្លាមៗ»។
លោក Gary Lineker អ្នកវិភាគបាល់ទាត់ម្នាក់ប្រចាំ BBC បានសរសេរបន្ថែមថា៖ «យើងទាំងអស់គ្នានៅ BBC ជឿជាក់ថា Christian នឹងជាសះស្បើយវិញ ហើយយើងខ្ញុំសុំទោសចំពោះអ្នកដែលរងប៉ះពាល់ផ្លូវអារម្មណ៍ដោយសារឃើញរូបភាពពេលផ្សាយផ្ទាល់»។
 
តាមការអះអាងរបស់សហព័ន្ធកីឡាបាល់ទាត់ដាណឺម៉ាក Eriksen មានស្ថានភាពប្រសើរឡើងវិញ


 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com