COVID-19
ជាតិ
កូវីដ-១៩៖ កំពត កំពង់ចាម និងប៉ៃលិន ឆ្លងថ្មីសរុប៦០នាក់ ក្នុងនោះស្លាប់១នាក់នៅកំពង់ចាម
13, Jun 2021 , 3:25 pm        
រូបភាព
រដ្ឋបាលខេត្តចំនួន៦ បានចេញរបាយការណ៍រៀងៗខ្លួនពីការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ ក្នុងនោះខេត្តសៀមរាបមានអ្នកឆ្លងថ្មី៥៣នាក់ និងជាសះស្បើយ៣នាក់។ ខេត្តស្វាយរៀង មាន២៣នាក់,កំពង់ធំ២១នាក់,ព្រៃវែង២០,បាត់ដំបង១៧នាក់ ខណៈឧត្តរមានជ័យ៩នាក់ឆ្លងថ្មី និងស្លាប់ម្នាក់។




ខេត្តសៀមរាបឆ្លងថ្មី៥៣នាក់ ជាសះស្បើយ៣នាក់
 
ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ថ្មីទាំងនេះ ភាគច្រើនជាពលរដ្ឋក្នុងក្រុងសៀមរាប។ ក្រៅពីនេះ មានមួយចំនួននៅស្រុកជីក្រែង,ស្រុកសូត្រនិគម,ស្រុកពួក,ស្រុកក្រឡាញ់ និងស្រុកប្រាសាទបាគង។ អ្នកឆ្លងថ្មីទាំង៥៣នាក់នេះ មាន១០នាក់ជាពលករត្រឡប់មកពីប្រទេសថៃ,៧នាក់ជាមន្រ្តីនៃក្រសួងសាធារណៈការ,៤នាក់មកពីភ្នំពេញ,៤នាក់ជាគ្រូពេទ្យ ហើយក្រៅពីនេះជាអាជីវករ និងសិស្ស។ ក្នុងថ្ងៃដដែល ខេត្តសៀមរាបក៏មានអ្នកជាសះស្បើយកូវីដ-១៩ចំនួន៣នាក់ផងដែរ។
 
គិតមកដល់ពេលនេះ សៀមរាបមានអ្នកជំងឺកូវីដសរុបចំនួន៤២៣នាក់ ជាសះស្បើយចំនួន១១០នាក់ ស្លាប់៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣១០នាក់។
 
ខេត្តស្វាយរៀងមានឆ្លងថ្មី២៣នាក់ ភាគច្រើនជាកម្មកររោងចក្
 
ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ថ្មីទាំង២៣នាក់នេះ មាន១៣នាក់ជាកម្មករ-កម្មការនីរោងចក្រ ស្ថិតក្នុងក្រុងស្វាយរៀង,ស្រុកស្វាយជ្រំ,ស្រុកបាវិត,ស្រុកចន្រ្ទា,ស្រុករំដួល និងស្រុកកំពង់រោទ៍។
 
ខេត្តកំពង់ធំរកឃើញ២១នាក់ឆ្លងកូវីដ-១៩
 
អ្នកឆ្លងកូវីដ-១៩ថ្មីទាំងនេះ មាន៦នាក់ជាពលករត្រឡប់មកពីប្រទេសថៃ ប្រុស២នាក់ និងស្រី៤នាក់។ ចំណែកឯ ១៥នាក់ទៀតបានឆ្លងដោយសារការប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩។ 
គិតមកដល់ពេលនេះ ខេត្តកំពង់ធំមានមនុស្ស៤០៣នាក់ហើយបានឆ្លងកូវីដ-១៩ ក្នុងនោះមានជាសះស្បើយ២០៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៩៧នាក់។
 
ខេត្តព្រៃវែងវិជ្ជមាន២០នាក់ ស្ថិតក្នុងស្រុកចំនួន៦
 
តាមរយៈការធ្វើតេស្តរហ័ស Rapid Test ខេត្តព្រៃវែង រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន២០នាក់ក្នុងនោះមាន១០នាក់ស្ថិតក្នុងស្រុកស្វាយអន្ទរ,៣នាក់ក្នុងស្រុកពារាំង,៣នាក់ក្នុងស្រុកមេសាង,២នាក់ក្នុងស្រុកបាភ្នំ,១នាក់ក្នុងស្រុកពាមជរ និង១នាក់ក្នុងស្រុកពោធិ៍រៀង។ បច្ចុប្បន្នអ្នកជំងឺកូវីដទាំងនេះ កំពុងសម្រាកព្យាបលនៅមន្ទីរពេទ្យបង្អែកស្រុករៀងៗខ្លួន។
គិតមកដល់ពេលនេះ ខេត្តព្រៃវែងមានអ្នកជំងឺកូវីដ-១៩សរុបចំនួន៨៨២នាក់ ជាសះស្បើយចំនួន៣៩០នាក់ ស្លាប់៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៨៤នាក់។
 
ខេត្តបាត់ដំបងមានអ្នកឆ្លងថ្មី១៧នាក់ សះស្បើយ៩នាក់
 
ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ថ្មីទាំង១៧នាក់នេះ ភាគច្រើនជាអ្នកស្រុកកំរៀង។ ក្រៅពីនេះ មានអ្នកជំងឺ២នាក់ បានធ្វើដំណើរត្រឡប់ពីប្រទេសថៃ និង២នាក់ មកពីខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ផងដែរ។ ជាមួយគ្នានេះ ខេត្តបាត់ដំបង ក៏មានអ្នកជាសះស្បើយចំនួន៩នាក់ផងដែរ។
 
គិតមកដល់ពេលនេះ ខេត្តបាត់ដំបងមានអ្នកឆ្លងកូវីដ-១៩សសរុបចំនួន៥២២នាក់ ជាសះស្បើយ១៩២នាក់ ស្លាប់២នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣២៨នាក់។
 
ខេត្តឧត្តរមានជ័យរកឃើញអ្នកឆ្លងថ្មី៩នាក់ ស្លាប់១នាក់
 
ចំណោមអ្នកឆ្លងកូវីដ-១៩ថ្មីទាំង៩នាក់នេះ មាន៤នាក់បានធ្វើដំណើរត្រឡប់មកពីប្រទេសថៃ ៤នាក់ទៀត ជាអ្នកស្រុកសំរោង និងម្នាក់ជាអ្នកស្រុកអន្លង់វែង។ ក្នុងថ្ងៃដដែលនេះ ក៏មានអ្នកជំងឺកូវីដម្នាក់បានស្លាប់ ដែលនេះជាករណីស្លាប់ដំបូងក្នុងខេត្តឧត្តរមានជ័យផងដែរ។ អ្នកស្លាប់នោះ ជាបុរសខ្មែរ អាយុ៦៣ឆ្នាំ រស់នៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យ បុរសវ័យចំណាស់រូបនេះ បានស្លាប់ដោយកូវីដ-១៩វ៉ៃលុកលឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ខ្សោយសួតខ្លាំងពេក។
 
រហូតមកដល់ពេលនេះ ខេត្តឧត្តរមានជ័យ មានអ្នកជំងឺកូវីដ-១៩សរុបចំនួន១១៦នាក់ ជាសះស្បើយ៤៣នាក់ ស្លាប់១នាក់ និងកំពុងសម្រាកព្យាបាល៧២នាក់។

របាយការណ៍បន្ថែម៖
ខេត្តកំពតវិជ្ជមានកូវីដ-១៩ចំនួន៣៣នាក់ ២០នាក់ជាអ្នកស្រុកទឹកឈូ
ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង៣៣នាក់នេះ មានកុមារ២នាក់ រស់នៅក្នុងឃុំស្នាយអញ្ជិត ស្រុកជុំគិរី ម្នាក់អាយុ១ឆ្នាំ និងទារកអាយុ៨ខែម្នាក់ទៀត។ ក្រៅពីនេះ អ្នកឆ្លងភាគច្រើនជាអ្នកស្រុកទឹកឈូ មានស្រ្តីជនជាតិចិន៤នាក់ និងនគរបាលម្នាក់ផងដែរ។

គិតមកដល់ពេលនេះ ខេត្តកំពតមានអ្នកជំងឺកូវីដ-១៩សរុបចំនួន៧៣៧នាក់ ជាសះស្បើយ២៨០នាក់ ស្លាប់៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៥៣នាក់។

ខេត្តកំពង់ចាមឆ្លងថ្មី២១នាក់ ស្លាប់ម្នាក់ ជាសះស្បើយ៤៧នាក់

អ្នកឆ្លងកូវីដ-១៩ថ្មីចំនួន២១នាក់ មាន១៤នាក់ជាអ្នកស្រុកស្រីសន្ធរ,២នាក់ក្នុងស្រុកព្រៃឈរ,២នាក់ទៀតក្នុងស្រុកជើងព្រៃ,១នាក់ក្នុងស្រុកចំការលើ និង១នាក់ក្នុងស្រុកកោះសូទិន។ ក្នុងថ្ងៃដដែលនេះ ខេត្តកំពង់ចាមក៏មានអ្នកជំងឺជាសះស្បើយចំនួន៤៧នាក់ផងដែរ។

ទន្ទឹមនឹងនេះ ខេត្តកំពង់ចាមក៏ មានអ្នកជំងឺកូវីដ-១៩ម្នាក់បានស្លាប់ផងដែរ។ អ្នកស្លាប់នោះ ជាស្រ្តីខ្មែរអាយុ៧២ឆ្នាំ រស់នៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ អ្នកជំងឺ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមេគង្គកំពង់ចាម ក្រោយតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្តែដោយសារមានជំងឺប្រចាំកាយ រួមទាំងការរវិវត្តន៍ជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបាន ដូច្នេះស្លាប់នៅវេលាម៉ោង១៦:៣០នាទី។

ខេត្តប៉ៃលិនវិជ្ជមាន៦នាក់ថ្មី សះស្បើយ២៧នាក់
តាមរយៈការធ្វើតេស្តរហ័ស Rapid Test មនុស្សចំនួន៦នាក់ទៀតវិជ្ជមានកូវីដ-១៩។ អ្នកវិជ្ជមានថ្មីទាំងនេះ មាន៣នាក់ នៅស្រុកសាលាក្រៅ ១នាក់នៅក្រុងប៉ៃលិន និង២នាក់ទៀតជាអ្នកដំណើរមកពីរាជធានីភ្នំពេញ។ ក្នុងថ្ងៃដដែលនេះ ខេត្តប៉ៃលិន ក៏មានអ្នកជំងឺជាសះស្បើយចំនួន២៧នាក់ផងដែរ។ អ្នកសះស្បើយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ និងបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃរៀងៗខ្លួន៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com