អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បាតុករជាច្រើនរយនាក់ ទាមទារឲ្យក្រុម G7 ជួយសង្រ្គោះលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា
13, Jun 2021 , 7:29 pm        
រូបភាព
ប្រជាជនមីយ៉ាន់ម៉ារស់នៅអង់គ្លេស ទាមទារឱ្យក្រុមប្រទេស G7 ជួយសង្រ្គោះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសខ្លួន។ រូបភាព៖ Twitter-Krystal Lyin
ប្រជាជនមីយ៉ាន់ម៉ារស់នៅអង់គ្លេស ទាមទារឱ្យក្រុមប្រទេស G7 ជួយសង្រ្គោះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសខ្លួន។ រូបភាព៖ Twitter-Krystal Lyin
បាតុករជាច្រើនរយនាក់ ដែលភាគច្រើនជាជនជាតិមីយ៉ាន់ម៉ា រស់នៅបរទេស នៅថ្ងៃទី១២ ខែមិថុនា បានទាមទារឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) ជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ បើតាមក្រុមបាតុករ ខ្លួនមិនចង់បានត្រឹមតែការពិភាក្សានៅក្នុងកិច្ចប្រជុំឡើយ ប៉ុន្តែចង់ឱ្យក្រុមប្រទេសG7 ដាក់ចេញចំណាត់ការដោយផ្ទាល់តែម្តង។

 
ប្រជាជនមីយ៉ាន់ម៉ា ដែលរស់នៅអង់គ្លេសជាច្រើនរយនាក់ រួមទាំងអ្នកគាំទ្រផ្សេងទៀត បានចេញមកបាតុកម្មនៅក្នុងក្រុងFalmouth ក្នុងតំបន់Cornwall កន្លែងដែលកិច្ចប្រជុំG7 ត្រូវបារព្ធឡើយ និងជាកន្លែងដែលប្រមូលផ្តុំដោយសារព័ត៌មានធំៗ។ 
 
អមជាមួយដៃកាន់បដា ក្រុមបាតុករបានស្រែកអំពាវនាវដល់មេដឹកនាំប្រទេសអ្នកមានទាំងប្រាំពីរ ឱ្យមានចំណាត់ការលើបញ្ហាមីយ៉ាន់ម៉ា ដើម្បីរៀបចំលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK។ 
 
ថ្លែងប្រាប់អ្នកសារព័ត៌មាន និស្សិតជនជាតិមីយ៉ាន់ម៉ាវ័យ ២១ឆ្នាំ បានលើកឡើងថា លោកចង់ឱ្យមេដឹកនាំក្រុមប្រទេសG7 ចាត់វិធានការលើវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា មិនមែនគ្រាន់តែលើកយកបញ្ហាទាំងនោះ មកធ្វើជាប្រធានបទនៃកិច្ចប្រជុំឡើយ។ បើតាមនិស្សិតដែលសិក្សានៅប្រទេសអង់គ្លេសរូបនេះ ប្រសិនបើលទ្ធិប្រជាធិបតេយ្យត្រូវបានបំភ្លេច នោះរបបសឹកនឹងបានដៃ និងគ្រប់គ្រងប្រទេសពេញទី។ 
 
ទន្ទឹមនេះ ស្រ្តីជនជាតិមីយ៉ាន់ម៉ាមួយរូបទៀត បានបង្ហាញពីកំហឹងរបស់ខ្លួនលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងថាសេចក្តីថ្លែងការណ៍ក្រុមប្រទេស G7 គឺមិនទាន់គ្រប់គ្រាន់ឡើយ។ ក្នុងន័យនេះ ស្រ្តីជនជាតិមីយ៉ាន់ម៉ារូបនោះ ក៏បានទាមទារឱ្យក្រុមប្រទេសអ្នកមានទាំង៧ ចាត់វិធានការលើរបបសឹកផងដែរ។
 
គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះ រដ្ឋាភិបាលយោធា បានគ្រប់គ្រងមីយ៉ាន់ម៉ា ជាង ៤ខែហើយ។ ស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងតែមានបញ្ហាស្មុគស្មាញច្រើន ដោយរបបសឹកត្រូវប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងបង្រ្កាបលើក្រុមបាតុករក្នុងប្រទេសជាដើម។ មនុស្សជាច្រើនរយនាក់ ត្រូវបានសម្លាប់ ខណៈប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ ផ្សេងទៀត ត្រូវចាប់ខ្លួន៕ 
 

Tag:
 មីយ៉ាន់ម៉ា
  G7
© រក្សាសិទ្ធិដោយ thmeythmey.com