អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​
13, Jun 2021 , 8:29 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង ដូចជាកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន និងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) ជាដើម។ ប្រធានបទជាច្រើន ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំធំៗនេះ ក្នុងនោះមានដូចជា បញ្ហាមីយ៉ាន់ម៉ា ការទប់ស្កាត់ការអុកឡុងរបស់ជំងឺកូវីដ-១៩ បម្រែបម្រួលអាកាសធាតុ ការទប់ស្កាត់ឥទ្ធិពលរបស់ចិនជាដើម។


ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍។ 

ថ្ងៃទី៧ ខែមិថុនា
 
ថៃ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ នៅទូទាំងប្រទេស បន្ទាប់ពីទទួលការផ្គត់ផ្គង់វ៉ាក់សាំងពីក្រុមហ៊ុននៅក្នុងស្រុក។ រដ្ឋាភិបាលថៃ រងការរិះគន់ខ្លាំងជុំវិញការពន្យារពេលចាក់វ៉ាក់សាំងអស់រយៈពេលយ៉ាងយូរ។
 
អាស៊ាន-ចិន បានបើកកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តី ដើម្បីបារព្ធខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា។ ក្នុងជំនួបដោយផ្ទាល់នេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសនីមួយៗ បានជជែកពីបញ្ហាជាច្រើនដូចជា វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជំងឺឆ្លងកូវីដ-១៩ សមុទ្រចិនខាងត្បូង និងកិច្ចសហប្រតិបត្តិការជាដើម។ 
 
ថ្ងៃទី៨ ខែមិថុនា
 
មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកោះប្រជុំមន្ត្រីជាន់ខ្ពស់ជាច្រើននៃបក្សពលករដើម្បីវាយតម្លៃ និងកែលម្អសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើងនៅឆមាសទី២នៃឆ្នាំ 2021 ។ 
 
ប្រមុខការទូតចិន លោកវ៉ាង យី បានអំពាវនាវភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ឱ្យគោរពតាមការឯកភាពចំនួន ៥ ចំណុចរបស់អាស៊ាន ដែលបានដាក់ចេញនៅក្នុងសេចក្តីថ្លែងការណ៍ខែមេសាកន្លងទៅ ដើម្បីដោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ា។ បើតាមលោក វ៉ាង ចិនគាំទ្រភាគីទាំងអស់នៅមីយ៉ាន់ម៉ា ឱ្យដោះស្រាយបញ្ហា តាមរយៈការចរចា ជាជាងប្រើអាវុធ។
 
ថ្ងៃទី៩ ខែមិថុនា
 
រដ្ឋមន្រ្ដីការបរទេសជប៉ុន លោក Toshimitsu Motegi បានបញ្ជាក់ថា ជប៉ុន និងអូស្រាលី បានឯកភាពគ្នា ក្នុងការជំរុញឱ្យដំណោះស្រាយប្រកបដោយសន្តិវិធីមួយលើបញ្ហាទាក់ទិននឹងច្រកសមុទ្រតៃវ៉ាន់។
 
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) ប្រកាសថា ក្រុមហ៊ុនឯកជន និងក្នុងស្រុក ត្រូវបានអនុញ្ញាតឱ្យទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
 
ថ្ងៃទី១០ ខែមិថុនា
 
អង្គការពលកម្មអន្តរជាតិ និងអង្គការ UNICEF បានរាយការណ៍ថា ចំនួនកុមារដែលធ្វើការនានា បានកើនឡើងវិញជាលើកដំបូងក្នុងរយៈពេល ២ទស្សវត្សរ៍ចុងក្រោយនេះ ស្របពេលវិបត្តិកូវីដ-១៩ កំពុងរុញឱ្យកុមារជាច្រើនលាននាក់បន្ថែមទៀត ធ្វើការងារដើម្បីគ្រួសារ។
 
ប្រធានាធិបតីអាមេរិកចូ បៃដិន ប្រកាសបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥០០លានដូសរបស់ក្រុមហ៊ុន Pfizer ឱ្យបណ្ដាប្រទេសក្រីក្របំផុតក្នុងពិភពលោក។ លោកចាត់ទុកចំនួនវ៉ាក់សាំងដ៏ច្រើននេះ នឹងជួយជំរុញយុទ្ធនាការប្រឆាំងជំងឺផ្លូវដង្ហើមមួយនេះលើពិភពលោក ហើយអាមេរិកមិនចង់បានអ្វីត្រឡប់មកវិញឡើយ។
 
ថ្ងៃទី១១ ខែមិថុនា
 
រដ្ឋាភិបាលក្រុងប៉េកាំង បានអំពាវនាវឱ្យប្រជាជនតៃវ៉ាន់មកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងជំរុញឱ្យអាជ្ញាធរកោះតៃវ៉ាន់លុបចោលគោលនយោបាយ មិននាំចូលវ៉ាក់សាំងចិន។ បើតាមរដ្ឋាភិបាលចិន វ៉ាក់សាំងខ្លួន ត្រូវបានអង្គការសុខភាពពិភពលោកអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ និងមិនមានបញ្ហាដូចការបារម្ភរបស់តៃវ៉ាន់ឡើយ។
 
មន្រ្តីការទូតជាន់ខ្ពស់ចិន លោក យ៉ាង ជាឈី បានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោក និងប្រព័ន្ធអន្តរជាតិ គឺផ្អែកតែលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) តែមួយប៉ុណ្ណោះ ពោលគឺមិនមែនផ្អែកលើការកំណត់ពីក្រុមប្រទេសមួយក្តាប់តូចឡើយ។
 
ថ្ងៃទី១២ ខែមិថុនា
 
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) នឹងព្រមព្រៀងលើសេចក្តីប្រកាស Carbis Bay ដើម្បីប្រយុទ្ធជាមួយជំងឺឆ្លងផ្សេងទៀត ដែលអាចកើតឡើងនៅពេលអនាគត ត្រឹមរយៈពេល ១០០ថ្ងៃ។
 
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) នឹងប្តេជ្ញាបង្កើនការផ្តល់ហិរញ្ញវត្ថុរហូតដល់ ១០០ពាន់ដុល្លារ ដើម្បីជួយប្រទេសក្រីក្រ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និងប្រយុទ្ធជាមួយការកើនឡើងកម្តៅសកលលោក៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com