ជាតិ
សង្គមជាតិ
អ្នកស្រី យ៉េង ស្រីល័ក្ខ បង្កើតបណ្ណាល័យភូមិសម្រាប់កុមារក្នុងបរិបទកូវីដ-១៩
13, Jun 2021 , 7:59 pm        
រូបភាព
អ្នកស្រី យ៉េង ស្រីល័ក្ខ បណ្ណារក្ខនៅបណ្ណាល័យភូមិវាល សង្កាត់គោកចក ខេត្តសៀមរាប
អ្នកស្រី យ៉េង ស្រីល័ក្ខ បណ្ណារក្ខនៅបណ្ណាល័យភូមិវាល សង្កាត់គោកចក ខេត្តសៀមរាប
ដោយ:
អ្នកស្រី យ៉េង ស្រីល័ក្ខ សង្កេតឃើញថាកុមារភាគច្រើននៅក្នុងភូមិវាល សង្កាត់គោកចក ខេត្តសៀមរាប មិនបានរៀនសូត្រឡើយ ក្រោយពីសាលាបិទទ្វារក្នុងបរិបទកូវីដ-១៩។ ជួនពេលអ្នកស្រី យ៉េង ស្រីល័ក្ខ ត្រូវបានក្រុមហ៊ុនផ្អាកការងារដោយសារវិបតិ្តកូវីដ-១៩ដែរ។ ស្រ្តីវ័យ៣១ឆ្នាំរូបនេះក៏ផ្តើមបង្កើតបណ្ណាល័យភូមិតូចមួយនៅផ្ទះរបស់អ្នកស្រីផ្ទាល់ ដោយដាក់ឈ្មោះបណ្ណាល័យនោះថា«បណ្ណាល័យភូមិវាល»សម្រាប់ឲ្យកុមារមកអានសៀវភៅ និងខ្ចីសៀវភៅ។ ជាមួយគ្នានេះអ្នកស្រីក៏ជាអ្នកជួយបង្រៀនកុមារទាំងនោះផងដែរ។

 
កុមារខ្លះអង្គុយអានសៀវភៅរឿងនិទាន កុមារខ្លះអង្គុយផាត់ពណ៌រូបភាព កុមារខ្លះរៀនប្រកបស្រៈ និងព្យញ្ជនៈខ្មែរ ហើយកុមារខ្លះទៀតរៀនសរសេរស្រៈ និងព្យញ្ជនៈខ្មែរ។ នេះជាទិដ្ឋភាពដែលកុមារអង្គុយរៀនគម្លាតពីគ្នាដោយភាពរីករាយ នៅក្នុងបណ្ណាល័យភូមិវាល ដោយមានវត្តមានអ្នកស្រី យ៉េង ស្រីល័ក្ខ ជាអ្នកបង្រៀន និងមើលថែកុមារទាំងនោះ។ 
 
ក្រោយពីអ្នកស្រី យ៉េង ស្រីល័ក្ខ បានផ្អាកការងារជាបុគ្គលិកក្រុមហ៊ុនមួយកន្លែងនៅខេត្តសៀមរាប ដោយសារវិបត្តិកូវីដ-១៩ អ្នកស្រី ស្រីល័ក្ខ ក៏ផ្តើមបង្កើតបណ្ណាល័យភូមិវាល និងបង្រៀនកុមារ។ បណ្ណាល័យភូមិវាលនេះ ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ២០២១។
 
ទោះបីអ្នកស្រី ស្រីល័ក្ខ គ្មានការងារធ្វើក៏ពិតមែន ប៉ុន្តែស្ត្រីវ័យ៣១ឆ្នាំរូបនេះ មិនទុកពេលទំនេរចោលឡើយ គឺអ្នកស្រីតែងតែប្រកាសឲ្យឪពុកម្តាយណាដែលគ្មានលទ្ធភាពបង្រៀនកូន ឲ្យនាំកូន មករៀននៅផ្ទះរបស់អ្នកស្រី ស្រីល័ក្ខ ដោយឥតគិតថ្លៃ ដើម្បីឲ្យកុមារមានចំណេះដឹង។
 
មានស្វាមីជួយផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ ដូច្នេះស្រ្តីដែលមានកូន២នាក់រូបនេះមិនមានកង្វល់ពីការខ្វះខាតឡើយ។ សម្រាប់ស្វាមីរបស់អ្នកស្រីក៏គាំទ្រឲ្យអ្នកស្រី ស្រីល័ក្ខ បង្កើតបណ្ណាល័យភូមិវាល និងបង្រៀនកុមារនៅក្នុងភូមិផងដែរ។ 
 
ផ្តើមចេញពីកុមារដែលបានរៀនតែត្រឹមថ្នាក់ទី៩ ទើបអ្នកស្រី ស្រីល័ក្ខ មិនចង់ឃើញកុមារបោះបង់ការសិក្សានៅពាក់កណ្តាលទីដូចនឹងអ្នកស្រីឡើយ។ ជួនពេលឃើញមានគំរូនៃបណ្ណាល័យតាមភូមិផ្សេងៗទៀត ធ្វើឲ្យអ្នកស្រីចង់បង្កើតបណ្ណាល័យក្នុងភូមិរបស់អ្នកស្រីដែរ ដើម្បីផ្តល់ឱកាសឲ្យកុមារគ្រប់រូបបានរៀនសូត្រ អំឡុងសាលារៀនបិទទ្វារ។
 
ម្ចាស់បណ្ណារក្ខរូបនេះបានរៀបរាប់ដូច្នេះថា៖«ខ្ញុំរៀនបានតិច ហើយខ្ញុំឃើញក្មេងៗក្នុងភូមិខ្ញុំគឺទំនេរច្រើន ហើយអត់បានរៀន និងលេងទូរសព្ទច្រើន។ ដូច្នេះខ្ញុំចង់ឲ្យក្មេងៗ គាត់បានរៀនឲ្យបានច្រើនជាងលេងទូរសព្ទ។ ឪពុកម្តាយខ្លះគាត់អត់ចេះអក្សរ ហើយឪពុកម្តាយខ្លះគាត់រវល់ ខ្ញុំក៏ជួយបង្រៀនកូនពួកគាត់។ ខ្ញុំអត់មានអ្វីជួយសង្គមទេ។ តាមរយៈបណ្ណាល័យភូមិនេះ គឺខ្ញុំអាចចែករំលែកចំណេះដឹងទៅកុមារ និងសហគមន៍របស់ខ្ញុំបាន គឺខ្ញុំសប្បាយចិត្ត»។
 
ការងារជាបណ្ណារក្ខនៅបណ្ណាល័យភូមិវាល ការបង្រៀនកុមារ និងការមើលថែកុមារ គឺមិនមែនជារឿងងាយសម្រាប់មាតាដែលមានកូន២នាក់នេះឡើយ។ អ្នកស្រី ស្រីល័ក្ខ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗទាំងមិនលាក់លៀមថា៖«ជាធម្មតាក្មេង គឺពិតជាលំបាកមើល និងគ្រប់គ្រង។ ខ្ញុំចូលចិត្តឲ្យគាត់មករៀន និងអានសៀវភៅ។ អ្នកខ្លះគេយកកូនមកផ្ញើ គឺពេលគាត់មក គឺខ្ញុំរៀបកៅអី ឲ្យគាត់អង្គុយគូររូបលេង និងរៀនផាត់ពណ៌រូបភាព»។
 
បណ្ណាល័យភូមិ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមពីកញ្ញា សុទ្ធ បូផា ដែលដឹកនាំពលរដ្ឋក្នុងភូមិនីមួយៗក្នុងខេត្តសៀមរាបបង្កើតបណ្ណាល័យតាមភូមិ។ រហូតមកដល់ពេលនេះ បណ្ណាល័យភូមិ គឺមាន៥ទីតាំងនៅក្នុងខេត្តសៀមរាប។ ទីតាំងទី១នៅភូមិអារក្សស្វាយ សង្កាត់នគរធំ,ទីតាំងទី២នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ,ទីតាំងទី៣ នៅក្នុងភូមិរហាល សង្កាត់នគរធំ, ទីតាំងទី៤នៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ និងទីតាំងទី៥នៅភូមិវាល សង្កាត់គោកចក។ បណ្ណាល័យភូមិទាំងនេះ ត្រូវបានបង្កើត កាលពីខែមេសា ឆ្នាំ២០២០។ តាមបណ្ណាល័យភូមិនីមួយៗគឺមានសៀវភៅសម្រាប់កុមារចន្លោះ២០០ក្បាល ទៅ៤០០ក្បាល។
 
កញ្ញា សុទ្ធ បូផា ដែលមានអាយុ៣០ឆ្នាំបានបញ្ជាក់ថា សៀវភៅដែលមាននៅក្នុងបណ្ណាល័យភូមិទាំង៥ទីតាំងនេះ គឺបានមកពីសប្បុរជននានាដែលបរិច្ចាគ។ សប្បុរជនខ្លះបរិច្ចោគជាថវិកា ហើយសប្បុរជនខ្លះទៀតបរិច្ចាគជាសៀវភៅ។ បើតាមកញ្ញា សុទ្ធ បូផា ក្នុងចំណោមបណ្ណាល័យភូមិទាំងអស់ គឺមានតែ២បណ្ណាល័យដែលបានបំពាក់WIFI សម្រាប់ឲ្យកុមារសិក្សាស្រាវជ្រាវ។ ចំណែក៣បណ្ណាល័យទៀតនឹងគ្រោងបំពាក់WIFIនៅថ្ងៃខាងមុខ។ 
 
ជាបុគ្គលិកផ្នែកប្រព័ន្ធធារាសាស្ត្រមួយកន្លែងនៅខេត្តសៀមរាបបានប្រាប់ពីមូលហេតុដែលកញ្ញាបបួលអ្នកភូមិបង្កើតបណ្ណាល័យដូច្នេះថា៖«ដោយសារកូវីដ-១៩ សាលារៀនត្រូវបិទ។ សិស្សត្រូវរៀនតាមអនឡាញ។ តែសិស្សមួយចំនួនគ្មានលទ្ធភាពទេ។ ពិសេសអ្នកនៅតាមជាយក្រុង និងអ្នកនៅតាមដាច់ស្រយាល។ ពេលដែលសាលាបានបិទ បណ្ណាល័យក៏បានបិទដែរ។ សិស្សមួយចំនួន អាចនៅខ្វះសៀវភៅរៀននៅឡើយ។ ប្រសិនបើក្មេងៗមានបណ្ណាល័យនៅជិតផ្ទះ ដែលក្មេងអាចមករៀនជុំគ្នា អាចមកខ្ចីសៀវភៅ ឬក៏មកអាន វាអាចជារឿងដ៏ល្អមួយ»។ 
 
បើតាមអតីតនិស្សិតផ្នែកអប់រំភាសាអង់គ្លេសរូបនេះ ក្រោយពីកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បណ្ណាល័យតាមភូមិនីមួយៗគឺនៅតែទទួលកុមារឲ្យមករៀន និងអានសៀវភៅដដែល។ ប៉ុន្តែក្នុងបរិមាណតិចជាងមុនដោយគោរពទៅតាមគោលការណ៍សុខាភិបាល។ 
 
ចំនួនកុមារដែលមកខ្ចីសៀវភៅយកទៅអានតាមផ្ទះ គឺកើនឡើងជាងមុន។ កំណើនការអានរបស់កុមារនៅតាមបណ្ណាល័យភូមិនេះហើយ គឺធ្វើឲ្យបណ្ណាល័យនីមួយៗខ្វះខាតសៀវភៅ និងសម្ភារសិក្សាជាច្រើនទៀត។ នេះបើតាម កញ្ញា សុទ្ធ បូផា៕ 
 
 
 
 
 

Tag:
 បណ្ណាល័យ
 កុមារ
 អប់រំ
 សៀវភៅ
 យ៉េង ស្រីល័ក្ខ
© រក្សាសិទ្ធិដោយ thmeythmey.com