ជាតិ
សេដ្ឋកិច្ច
«ជ្រូកកណ្ដុរអាំង» កំពុងពេញនិយម តែមន្រ្តីកសិកម្មមិនឱ្យពលរដ្ឋចិញ្ចឹមច្រើន ដោយបារម្ភទីផ្សារធ្លាក់ចុះ
13, Jun 2021 , 8:59 pm        
រូបភាព
រូបភាពផ្ដល់ដោយ អ្នកស្រី លី ចាន់សុគុន្ធារី ជាអាជីវករលក់ជ្រូកកណ្ដុរ នាខ្នងភ្នំគូលែន ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
រូបភាពផ្ដល់ដោយ អ្នកស្រី លី ចាន់សុគុន្ធារី ជាអាជីវករលក់ជ្រូកកណ្ដុរ នាខ្នងភ្នំគូលែន ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះ ជ្រូកកណ្ដុរអាំង ក្លាយជាភោជនពេញនិយមមួយ សម្រាប់មនុស្សមួយចំនួន ដោយសារតែរសជាតិឆ្ងាញ់ជាងជ្រូកធម្មតា ខណៈនៅលើទីផ្សារមានតម្លៃខ្ពស់។ ទ្វីបើជ្រូកកណ្ដុរនេះ មានតម្លៃខ្ពស់ តែលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប មិនលើកទឹកចិត្តពលរដ្ឋឲ្យចិញ្ចឹមច្រើនឡើយ ដោយបារម្ភទីផ្សារធ្លាក់ចុះ។


អ្នកស្រី លី ចាន់សុគុន្ធារី ជាអ្នកប្រកបរបរលក់ជ្រូកអាំងមួយរូប នាខ្នងភ្នំគូលែន ខេត្តសៀមរាប។ អ្នកស្រី  ចាន់សុគុន្ធារី ដែលលក់ជ្រូកអាំងជាង ១០ឆ្នាំមកហើយ ប្រាប់សារព័ត៌មានថ្មីៗ២៥ថា ខ្លួនអាចលក់បានតម្លៃប្រមាណ ៦៥ម៉ឺនរៀលឯណោះក្នុងមួយក្បាល។ តម្លៃនេះ រួមបញ្ជូលទាំងជ្រូកអាំងមួយក្បាលទម្ងន់ចន្លោះពី ៦-៨គីឡូក្រាម បន្លែ និងប្រហុកឆៅ ឬប្រហុកអង្រ្កង។
 
ក្រៅពីលក់ជ្រូកកណ្ដុរអាំង អ្នកភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ក៏មានលក់ជ្រូករស់ផងដែរ។ ជ្រូករស់មួយក្បាល ដែលមានទម្ងន់ចន្លោះពី ៦-៨គីឡូក្រាម អ្នកស្រី ចាន់សុគុន្ធារី លក់ក្នុងតម្លៃប្រមាណ ៥៥ម៉ឺនរៀល។ ទោះបីជ្រូកកណ្ដុរនេះ លក់បានតម្លៃខ្ពស់នៅលើទីផ្សារ ប៉ុន្តែស្ត្រីវ័យ៣៩ឆ្នាំរូបនេះ មិនបានចិញ្ចឹម ដោយខ្លួនឯងឡើយ ពោលគឺអ្នកស្រី ប្រមូលទិញពីប្រជាជន ក្នុងមូលដ្ឋានខ្លួនប៉ុណ្ណោះ។ អ្នកស្រី លី ចាន់សុគុន្ធារី លើកឡើងដូច្នេះថា៖ «ជ្រូកកណ្ដុរនេះ អ្នកស្រុកចិញ្ចឹមមិនទាន់ទេ ព្រោះគាត់ចិញ្ចឹមតាមបែបធម្មជាតិ។ អ៊ីចឹងចួនកាលខ្លះក៏រកបាន ខ្លះក៏រកមិនបានទៅ»។


  រូបភាពអ្នកស្រី លី ចាន់សុគុន្ធារី និងនឹងភោជនីយដ្ឋានរបស់អ្នកស្រី ស្ថិតនៅខ្នងភ្នំគូលែន។ រូបភាពផ្ដល់ដោយ អ្នកស្រី លី ចាន់សុគុន្ធារី។
 
ពាក់ព័ន្ធនឹងការចិញ្ចឹមជ្រូកបែបធម្មជាតិនេះ គឺងាយស្រួល និងមិនស្មុគស្មាញឡើយ ទាំងចំណី ការចិញ្ចឹម និងការមើលថែ។ បើតាមអ្នកស្រុកស្វាយលើ ខេត្តសៀមរាបរូបនេះ ចំណីសម្រាប់ប្រភេទជ្រូកកណ្ដុរនេះ មានដូចជា បបរ បាយ ផង់អង្ករ ដំឡូងមី និងដើមចេកជាដើម។ បន្ទាប់ពីផ្ដល់ចំណីហើយ ជ្រូកទាំងនោះត្រូវបាន កសិករលែងឲ្យដើរ។ ក្រោយចិញ្ចឹមបានប្រមាណ ១ខែកន្លះ ទៅបីខែ និងមានទម្ងន់ចន្លោះពី៦-៨គីឡូក្រាម កសិករអាចចាប់លក់ ឬអាំងបាន។
 
កាលពីខែឧសភាកន្លងទៅ ភោជនីយដ្ឋានរបស់អ្នកស្រី ចាន់សុគុន្ធារី ទទួលបានការបញ្ជាទិញជ្រូកអាំងពីអតិថិជន ប្រមាណជា ២០ក្បាល ដែលនេះជាចំនួនច្រើនសម្រាប់អ្នកស្រី។ អ្នកស្រី ចាន់សុគុន្ធារី បានឱ្យដឹងថា៖ «មួយរយៈនេះ លក់ដាច់ អតិថិជនទិញភាគច្រើន មកពីក្រុងសៀមរាប ភ្នំពេញ ហើយមួយចំនួនទៀតមានមកពីខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត(បន្ទាយមានជ័យ)។


រូបភាពផ្ដល់ដោយ អ្នកស្រី លី ចាន់សុគុន្ធារី ជាអាជីវករលក់ជ្រូកកណ្ដុរ នាខ្នងភ្នំគូលែន ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ដោយឡែក លោក ឡ័ញ ប៊ុនថន ជាអ្នកលក់ជ្រូកកណ្ដុរអាំង មួយរូបស្ថិតនៅផ្សារដើមក្រឡាញ់ ក្រុងសៀមរាប បានអះអាងថា សព្វថ្ងៃ ជ្រូកកណ្ដុរមានការពេញនិយមបរិភោគ និងមិនទាន់អាចផ្គត់ផ្គង់តាមតម្រូវការអតិថិជននោះទេ។ សម្រាប់លោក ប៊ុនថន ជ្រូកដែលខ្លួនមានលក់នោះ គឺលោកចិញ្ចឹមដោយខ្លួនឯង និងមួយចំនួនទៀត ប្រមូលទិញពីប្រជាជន ក្នុងមូលដ្ឋាន ដែលចិញ្ចឹមតាមបែបធម្មជាតិ។
 
ហាងលោក ឡ័ញ ប៊ុនថន ដែលទើបដំណើរការបានប្រមាណជា ១ឆ្នាំនោះ អាចទទួលបានការបញ្ជាទិញចន្លោះពី ២០-៣០ក្បាលផងដែរ។ អាជីវករូបនេះ និយាយថា៖ «ជ្រូកអាំងមួយក្បាល មានលាយបន្លែ និងទឹកជ្រលក់ មានតម្លៃ ៦០ម៉ឺនរៀល ដែលអ្នកទិញភាគច្រើនជាអ្នកក្រុងសៀមរាប, ភ្នំពេញ និងមួយចំនួនពីបណ្ដាខេត្តផ្សេងៗ»។


រូបភាពផ្ដល់ដោយ អ្នកស្រី លី ចាន់សុគុន្ធារី ជាអាជីវករលក់ជ្រូកកណ្ដុរ នាខ្នងភ្នំគូលែន ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។  
 
ជុំវិញអាជីវកម្មលក់ជ្រូកកណ្ដុរនេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបថា ជ្រូកកណ្ដុរនេះ ពិតជាមានតម្លៃខ្ពស់ និងពេញនិយមបរិភោគ។ រីឯការចិញ្ចឹមមិនទាន់មានជាកសិដ្ឋានទ្រង់ទ្រាយធំទេ គឺមានការចិញ្ចឹមជាលក្ខណៈគ្រួសារ របស់ពលរដ្ឋប៉ុណ្ណោះ។ ប៉ុន្តែប្រធានមន្ទីរកសិកម្មរូបនេះ មិនលើទឹកចិត្តឲ្យពលរដ្ឋចិញ្ចឹមច្រើននោះឡើយ ដោយលោកសម្អាងដូច្នេះថា៖ «ចិញ្ចឹមជ្រូកកណ្ដុរ មានទីផ្សារតូចចង្អៀត មិនដូចទីផ្សារជ្រូកសាច់ទេ។ បើយើងចិញ្ចឹមបានច្រើនទៅ អាចនឹងចាល់ទីផ្សារ ព្រោះអ្នកហូបមិនមានច្រើនទេ គឺភាគច្រើនមានតែអ្នកមានជីវភាពចាប់ពីមធ្យមឡើងលើទេ»។
 
សូមជម្រាបថា «ជ្រូកកណ្ដុរ» ជាពូជជ្រូកក្នុងស្រុក ដែលមានមាឌតូច, ធន់នឹងកម្ដៅ និងអាចចិញ្ចឹមលែងបាន ប៉ុន្តែការចិញ្ចឹមបែបនេះ អាចបណ្ដាលឲ្យសត្វងាយទទួលរងនូវជំងឺឆ្លងផ្សេងៗ។ ចំពោះរូបរាងវិញ វាមានថ្ងាសប៉ោង ច្រមុះត្រង់ ត្រចៀកត្រង់តូចបញ្ឈររាងស្រួច ខ្លួនខ្លីក្រាស់ ខ្នងអ៊ែន ពោះធ្លាក់ជិតដល់ដី មិនសូវមានរោម និងសម្បុរខ្មៅប្រផេះ។ នេះបើតាម «សៀវភៅចិញ្ចឹមជ្រូក» រៀបចំដោយអង្គការ Heifer Project International-Cambodia៕ 
 

Tag:
 ThmeyThmey25
  អាជីវកម្មលក់ជ្រូកកណ្ដុរ
  ភ្នំគូលែន
  សៀមរាប
  លី ចាន់សុគុន្ធារី
© រក្សាសិទ្ធិដោយ thmeythmey.com