ជាតិ
កម្ពុជាប្រាប់អាមេរិកឲ្យគោរពដល់លក្ខណការណ៍កងទ័ពកម្ពុជា កុំព្យាយាមបង្កើតសេណារីយ៉ូថ្មីៗ
13, Jun 2021 , 9:59 pm        
រូបភាព
ក្រសួងការពារជាតិតាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានច្រានចោលសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ដែលបានលើកឡើងថាកម្ពុជារឹតត្បិតការពិនិត្យមើលទីតាំងមូលដ្ឋានទ័ពរាម។ ជាការឆ្លើយតប និងបំភ្លឺសាធារណមតិ ក្រសួងការពារជាតិអះអាង កាលពីថ្ងៃទី១២ ខែមិថុនា ថា កម្ពុជាបានបំពេញបំណងប្រតិភូអាមេរិក តាមការព្រៀមព្រៀងកំណត់ តែភាគីអាមេរិកបែរជាព្យាយាមបង្កើតសេណារីយ៉ូថ្មីភ្លាមៗ នាំឱ្យទំនាក់ទំនងយោធាប្រទេសទាំងពីរ កាន់តែល្អក់កករ។

 
ការឆ្លើយឆ្លងគ្នានេះ កើតឡើងក្រោយការបញ្ចប់ទស្សនកិច្ចរយៈពេលខ្លីទៅកាន់មូលដ្ឋានសមុទ្ររាមរបស់វរសេនីយឯក Marcus M.Ferrara អនុព័ន្ធយោធាអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា។ ស្ថានទូតអាមេរិក បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា មន្រ្តីយោធាកម្ពុជាមិនអនុញ្ញាតឱ្យលោកទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ។ 
 
ត្រង់ចំណុចនេះ ក្រសួងការពារជាតិកម្ពុជា បានឆ្លើយតបថា កម្ពុជាបានព្យាយាមបំពេញបំណងតាមប្រតិភូអាមេរិក ដោយដំណើរទស្សនាកិច្ចនេះ បានអូសបន្លាយពេលដល់៣ម៉ោង។ ដំណើរទស្សនកិច្ចនោះមានដូចជា ជំនួបពិភាក្សាការងាររយៈពេលជាង១ម៉ោង , ការចុះមើលអាគារសង់ថ្មី , ទស្សនាផែ, នាវារបស់កងទ័ពជើងទឹក ,ទស្សនារោងជាង មន្ទីរពេទ្យ និងការពិនិត្យសំណងទីបញ្ជាការជួរមុខរបស់កម្មាធិការជាតិ សន្តិសុខសម្ហសមុទ្រ នៅកោះព្រាប។ 
 
បើតាមក្រសួងការពារជាតិ ក្រៅពីទស្សនាកន្លែងខាងលើដែលភាគីទាំងពីរបានព្រមព្រៀង អាមេរិក បានបង្កើតសេណារីយ៉ូថ្មីភ្លាមៗ ដោយទាមទារមើលកន្លែងផ្សេងៗទៀត ដែលគ្មានការស្នើសុំមុន។ ការបង្កើតសេណារីយ៉ូថ្មីរបស់អាមេរិកនេះ  ក្រសួងការពារជាតិ ចាត់ទុកជាការមិនគោរពចំពោះអធិបតេយ្យរបស់កម្ពុជា និងបំភ្លៃការពិត ដែលនាំឱ្យមានភាពល្អក់កករកាន់តែខ្លាំង ដល់ទំនាក់ទំនងយោធាប្រទេសទាំងពីរ។ 
 
«សកម្មភាពទាំងឡាយក្នុងបរិវេណមូលដ្ឋានកងទ័ព ដែលបានទទួលការអនុញ្ញាត គឺជាការធ្វើទស្សនកិច្ច ពុំមែនជាការទៅធ្វើការត្រួតពិនិត្យ ឬឆែកឆេរនោះឡើយ»។ នេះជាការលើកឡើងរបស់ក្រសួងការពារជាតិ។
 
គួររម្លឹកថា ក្នុងដំណើរទស្សនកិច្ចរយៈពេលខ្លី កាលពីថ្ងៃទី១ មិថុនា អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបង្ហាញក្តីព្រួយថា កម្ពុជា អាចផ្ដល់ទីតាំងមូលដ្ឋានទ័ពរាម ឱ្យកងទ័ពចិនឈរជើងនោះទីនោះ។ 
 
ដោយសារក្តីព្រួយបារម្ភនេះ ទើបសម្ដេច ហ៊ុន សែន បានសម្រេចឱ្យអនុព័ន្ធយោធានៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ចុះទៅពិនិត្យមើល នៅមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីបញ្ឈប់ការសង្ស័យនេះ៕
 
 
 

Tag:
 ក្រសួងការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com