ជាតិ
សង្គមជាតិ
ប្រធានសមាគមវៀតណាមនៅកម្ពុជា លើកពីមូលហេតុដែលពលរដ្ឋខ្លួនមិនអាចទៅប្រទេសវិញបាន
14, Jun 2021 , 12:11 pm        
រូបភាព
វិធានការទប់ស្កាត់ការរាលដាលកូវីដ-១៩ នៅប្រទេសវៀតណាម ជាមូលហេតុចម្បងដែលរារាំងការវិលត្រឡប់ទៅកាន់វៀតណាមវិញរបស់ពលរដ្ឋរស់នៅលើផ្ទៃទឹកកម្ពុជា។ នេះជាការអះអាងរបស់លោក ស៊ឹម ជី ប្រធានសមាគមវៀតណាមនៅកម្ពុជា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ បន្ទាប់ពីលោកបានដាក់លិខិតទៅអាជ្ញាធររាជធានីភ្នំពេញ ដើម្បីពន្យល់ពីហេតុផលនេះផងដែរ។

 
 
ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ នាព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ លោក ស៊ឹម ជី បានបញ្ជាក់ថា ពេលនេះអាជ្ញាធរវៀតណាមបានរឹតត្បិតការចេញចូលតាមច្រកព្រំដែនដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ដោយការឆ្លងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យវៀតណាមមានជាង១ម៉ឺនករណី និងស្លាប់ជិត៦០នាក់។
 
 
«អំឡុងពេលវៀតណាមបិទព្រំដែន បើអាជ្ញាធរនៅតាមបណ្តាខេត្តនានា មិនអនុញ្ញាតឲ្យពលរដ្ឋវៀតណាមស្នាក់នៅបណ្តោះអាសន្នលើផ្ទៃទឹកក្នុងមូលដ្ឋានរបស់ខ្លួនទេនោះ ពលរដ្ឋវៀតណាម ត្រូវផ្លាស់ទីផ្ទះបណ្តែតទឹក ផ្ទះទូក ឬក្បូនវិលត្រឡប់មកភ្នំពេញវិញដដែល»។ ប្រធានសមាគមវៀតណាម បានពន្យល់យ៉ាងដូច្នេះ។
 
គិតមកដល់ពេលនេះ អាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ សុទ្ធតែបានអះអាងពីដំណើរការទៅមុខ ក្រោមបទបញ្ជារបស់លោកអភិបាលរាជធានីភ្នំពេញ ដែលតម្រូវឲ្យម្ចាស់ផ្ទះបណ្តែតទឹក បែត្រី និងសំណង់មិនរៀបរយផ្សេងទៀត រុះរើចេញដើម្បីរក្សាសោភណភាព និងអនាម័យ។


 
ដំបូងឡើយ ក្នុងលិខិតចុះថ្ងៃទី២ ខែមិថុនា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឱសានវាទត្រឹមថ្ងៃទី៩ ខែមិថុនា សម្រាប់ការរុះរើ។ ក្រោយមក អាជ្ញាធរ បានសម្រេចឲ្យមានការរុះរើមិ ដោយមិនកំណត់ថ្ងៃឡើយ ព្រោះចង់ឲ្យអ្នកពាក់ព័ន្ធទាំងនោះរុះរើដោយខ្លួនឯង ប៉ុន្តែអាជ្ញាធរ ក៏បានព្រមានអនុវត្តវិធានការរដ្ឋបាល ប្រសិនសំណង់មិនរៀបរយទាំងនោះ នៅបន្តត្រៀបត្រាលើដងទន្លេ។
 
បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញបានចេញលិខិតជូនដំណឹង ដល់អ្នកមានផ្ទះបណ្ដែតទឹកលើផ្ទៃទន្លេទាំងអស់ ឱ្យរុះរើចេញជាបន្ទាន់ ត្រឹមថ្ងៃទី៩មិថុនា លោក ស៊ឹម ជី ក៏បានដាក់លិខិតស្នើសុំទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋវៀតណាមដែលតាំងលំនៅដ្ឋាននៅតាមទន្លេទាំងនោះ បន្តរស់នៅភ្នំពេញ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋកម្ពុជា រួមទាំងបរិស្ថានតាមដងទន្លេ។
 
បើតាមលោក លោក ស៊ឹម ជី ពលរដ្ឋវៀតណាមដែលបានរើកន្លែងស្នាក់ នៅចេញពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានមួយចំនួនបានបោះតង់ស្នាក់នៅតាមច្រាំងទន្លេ និងមួយចំនួនទៀតបានជួលផ្ទះគេស្នាក់នៅ។ 


 លោក ស៊ឹម ជី ប្រធានសមាគមវៀតណាមប្រចាំកម្ពុជា
 
លោកបានអះអាងប្រាប់សារព័ត៌មានThmeyThmey បន្ថែមថា បច្ចុប្បន្នមានពលរដ្ឋវៀតណាមប្រមាណ៤០ទៅ៥០ភាគរយហើយ បានរុះបែចិញ្ចឹមត្រី ផ្ទះទូក និងរុះរើសំណង់នានារបស់ខ្លួនចេញពីទន្លេដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ ខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ ខណ្ឌឬស្សីកែវ...ជាដើម។ 
 
បើតាមលោក ស៊ឹម ជី ពលរដ្ឋវៀតណាមដែលតាំងលំនៅដ្ឋានកនៅលើទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គឺមានជិត១០០០គ្រួសារ៕
 
 
 
 
 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com