កីឡាអន្តរជាតិ
អន្តរជាតិ
Messi បារម្ភពីកូវីដ-១៩ តែមិនភ្លេចសុបិនឈ្នះ Copa ជាមួយអាហ្សង់ទីន
14, Jun 2021 , 4:00 pm        
រូបភាព
Lionel Messi សារភាពថា ខ្លួនព្រួយបារម្ភអំពីស្ថានភាពជំងឺឆ្លងកូវីដ-១៩ ស្របពេលប្រធានក្រុមរូបនេះបានកំណត់គោលដៅរួចហើយក្នុងការជួយជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America ជាលើកដំបូងក្នុងអាជីព។


 
ក្រុមជម្រើសជាតិអាហ្សង់ទីននឹងបើកយុទ្ធនាការ Copa America ក្នុងជំនួបបើកឆាកដោយតទល់ជាមួយស៊ីលីក្នុងពូល A នៅព្រឹកថ្ងៃទី១៥ ខែមិថុនា នាកីឡដ្ឋាន Estadio Olimpico Nilton ក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។ 
 
នៅមុនថ្ងៃប្រកួតបើកឆាករបស់អាហ្សង់ទីន Messi បានប្រាប់អ្នកយកព័ត៌មានពីការព្រួយបារម្ភជុំវិញស្ថានភាពកូវីដ-១៩ ដ្បិតវាមានហានិភ័យឆ្លងដល់អ្នកចូលរួមទាំងអស់ក្នុងព្រឹត្តិការណ៍ដណ្តើមពានតំបន់អាមេរិកឡាទីនមួយនេះ។
 
«ទោះបីជាយើងព្យាយាមថែទាំខ្លួនយើង និងធ្វើអ្វីគ្រប់យ៉ាងតាមការណែនាំក៏មិនងាយស្រួលនោះទេ ដោយសារយើងមានឱកាសឆ្លងច្រើនបំផុត ព្រោះយើងប្រឈមមុខនឹងក្រុមជម្រើសជាតិដទៃទៀត»។ នេះជាការរៀបរាប់របស់ប្រធានក្រុម Barcelona។
 
យ៉ាងណាក៏ដោយ ខ្សែបម្រើវ័យ៣៤ឆ្នាំរូបនេះ នៅតែបង្ហាញការប្តេជ្ញាចិត្តក្នុងការការពារខ្លួនដើម្បីចាកឆ្ងាយពីជំងឺឆ្លង ដើម្បីសម្រេចក្តីសុបិនជួយអាហ្សង់ទីនលើកពាន Copa America ជាលើកដំបូងរបស់ខ្លួន។
 
Messi ដែលជោគជ័យជាមួយ Barcelona ប៉ុន្តែមិនធ្លាប់ជួយជម្រើសជាតិអាហ្សង់ទីនឈ្នះពានតំបន់ ឬពិភពលោកឡើយ។ Messi ជួយក្រុមទទួលបានត្រឹមរងជើងឯក Copa America ៣លើកនៅឆ្នាំ ២០០៧ ២០១៥ និង២០១៦ និងរងជើងឯក World Cup ឆ្នាំ ២០១៨ ក្រោមថ្វីជើងបារាំង។ 
 
ម្ចាស់ការពារតំណែងជើងឯកប្រេស៊ីល ដែលទទួលធ្វើម្ចាស់ផ្ទះ Copa America ជំនួសអាហ្សង់ទីន និងកូឡុំប៊ីវិញ ដោយសារបញ្ហានយោបាយ និងការរាលដាលកូវីដ-១៩ បានយកឈ្នះវេណេស៊ុយអេឡា ៣-០ នាជំនួបបើកឆាកពូល B រួចហើយ៕
 

Tag:
 Lionel Messi
  Copa America
© រក្សាសិទ្ធិដោយ thmeythmey.com