ជាតិ
អ្នកវិភាគ៖ កម្ពុជាសង្ឃឹមថា អាមេរិកមិនបំផ្លាញចំណងទ្វេភាគី ព្រោះតែយុទ្ធសាស្ត្រទប់ទល់ចិននោះទេ រូបតូចក្នុងរង្វង់មូល៖ លោក អ៊ុន ឃាង សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក។ រូបធំ៖ ទស្សនកិច្ចរបស់ អនុព័ន្ធយោធាអាមេរិកនៅមូលដ្ឋានទ័ពសមុទ្ររាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ (រូបថតពីហ្វេសប៊ុកនាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិ)
× ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាដូចជាកាន់តែរលាក់ខ្លាំងឡើង។ កម្ដៅខាងភាគីកម្ពុជាបានកើនឡើង បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញសេចក្តីថ្លែងការណ៍បង្ហាញការសោកស្តាយ ដែលកម្ពុជាមិនអនុញ្ញាតឱ្យអនុព័ន្ធយោធារបស់ខ្លួនបានចូលលុកលុយគ្រប់ទីតាំងក្នុងមូលដ្ឋានជើងទឹកខ្មែរ។ លោក អ៊ុន ឃាង ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក បានសរសេរបទវិភាគមួយដោយអះអាងថា សហរដ្ឋអាមេរិកកំពុងប្រើយុទ្ធវិធីចោទប្រកាន់កម្ពុជាជាលេសដើម្បីអនុវត្តសង្គ្រាមត្រជាក់ថ្មី។
ការដែលសហរដ្ឋអាមេរិកមិនសប្បាយចិត្ត នៅពេលដែលអនុព័ន្ធយោធាអាមេរិកមិនអាចដើរពិនិត្យសព្វកន្លែងក្នុងមូលដ្ឋានទ័ពជើងទឹកសមុទ្ររាមនោះ មានជាប់ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយទប់ទល់ឥទ្ធិពលចិនរបស់សហរដ្ឋអាមេរិក។ លោកសាស្ត្រាចារ្យ អ៊ុន ឃាង បានអះអាងយ៉ាងដូច្នេះ នៅក្នុងការវិភាគរបស់លោកមួយ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម។
ក្នុងបទវិភាគ អ្នកនិពន្ធបានសរសេរយ៉ាងដូច្នេះ៖«ការចោទប្រកាន់កម្ពុជាថា បានអនុញ្ញាតឱ្យប្រទេសចិនបង្កើតមូលដ្ឋានទ័ពជើងទឹក គឺជាការសម្លុតកម្ពុជា ដើម្បីកុំឱ្យប្រទេសផ្សេងទៀតនៅក្នុងអាស៊ីបង្កើតភាពជិតស្និទ្ធជាមួយចិន។ នេះគឺជាស្នៀតមួយ ដែលត្រូវបានប្រើជាផ្នត់គំនិតកាលពីសង្គ្រាមត្រជាក់ដែលថា មិត្តរបស់សត្រូវអញ គឺជាសត្រូវអញ»។
ក្នុងករណីស្រដៀងគ្នា សាស្ត្រាចារ្យ អ៊ុន ឃាង បានរំឭកព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានអាមេរិកចោទប្រកាន់ថា មានអាវុធនុយក្លេអ៊ែរ កាលពីឆ្នាំ២០០០។ បើតាមការបញ្ជាក់របស់សាស្ត្រាចារ្យ ដោយសារតែអះអាងថា អ៊ីរ៉ាក់មិនសហការជាមួយសហរដ្ឋអាមេរិក ដែលស្នើសុំពិនិត្យផ្ទៀងផ្ទាត់លើទីតាំង សហរដ្ឋអាមេរិកបានប្រឌិតភស្តុតាង ហើយបានឈ្លានពាន និងទាញអ៊ីរ៉ាក់ ឱ្យធ្លាក់ចូលក្នុងកលយុគរហូតដល់សព្វថ្ងៃ។ លោក អ៊ុន ឃាង បានស្រង់ប្រសាសន៍របស់អ្នកស្រាវជ្រាវដ៏ល្បីរបស់អាមេរិក គឺលោក John Mearsheimer ដែលបានបញ្ជាក់ថា ការឈ្លានពានទៅលើអ៊ីរ៉ាក់ មិនមានពាក់ព័ន្ធនឹងរឿងអាវុធប្រល័យលោក ដែលអាមេរិកខ្លួនឯងក៏ដឹងថា អ៊ីរ៉ាក់គ្មាននោះដែរ។ តែការឈ្លានពាននោះ គឺជាលេសដើម្បីផ្សព្វផ្សាយមនោគមសេរីនិយមនោះទេ ដូចជាប្រជាធិបតេយ្យលោកខាងលិច នៅក្នុងប្រទេសអ៊ីរ៉ាក់ និងនៅមជ្ឈិមបូព៌ា។
«បើសិនជាសហរដ្ឋអាមេរិកនៅតែធ្វើដូច្នេះទៀត កម្ពុជាអាចក្លាយដូចអ៊ីរ៉ាក់។ យើងសង្ឃឹមថា ហេតុការណ៍នេះ នឹងមិនកើតឡើងឡើយ។ សហរដ្ឋអាមេរិក កំពុងប្រើប្រាស់លេសចោទប្រកាន់អំពីវត្តមានកងទ័ពចិននៅកម្ពុជា ដើម្បីដាក់ទណ្ឌកម្មកម្ពុជាដែលសិ្នទ្ធនឹងចិន។»។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ។ លោកបន្តថា កម្ពុជាធ្លាប់ជាជនរងគ្រោះដោយសារនយោបាយ ទប់ទល់លទ្ធិកុម្មុយនីស្តរបស់អាមេរិករួចម្ដងហើយ ហើយស្លាកស្នាមនេះ នៅសល់ដល់បច្ចុប្បន្ន។
«កម្ពុជាពិតជាបារម្ភខ្លាចថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកលើមូលដ្ឋានទ័ពរាមនេះ ជាចំណុចចាប់ផ្តើម។ កម្ពុជាសង្ឃឹមថា សហរដ្ឋអាមេរិក នឹងមិនបន្តប្រើប្រាស់ការចោទប្រកាន់នេះ ដើម្បីបំផ្លាញទំនាក់ទំនងទ្វេភាគី ហើយគ្រាន់តែដើម្បីយុទ្ធសាស្ត្រទប់ទល់ចិននោះទេ»។
នៅក្នុងដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman នៅកម្ពុជាកាលពីថ្ងៃទី១ខែមិថុនា មន្ត្រីជាន់ខ្ពស់អាមេរិក បានស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិក ពិនិត្យក្នុងមូលដ្ឋានទ័ពជើងទឹករាម។ សម្តេច ហ៊ុន សែន បានទទួលយល់ព្រមតាមការស្នើនេះ ហើយក្រសួងការពារជាតិ ក៏បានរៀបចំដំណើរទស្សនកិច្ ចឱ្យអនុព័ន្ធយោធាប្រចាំស្ថានទូតអាមេរិក កាលពីថ្ងៃទី១១ ខែមិថុនាសប្តាហ៍មុន។ យោងតាមសេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិក មន្ត្រីអនុព័ន្ធយោធា បានបញ្ចប់ទស្សនកិច្ចខ្លីភ្លាមៗ បន្ទាប់ពីអះអាងថា លោកមិនត្រូវបានអនុញ្ញាត ឱ្យពិនិត្យមូលដ្ឋានទ័ពជើងទឹកកម្ពុជាគ្រប់ទីកន្លែង។
ការថ្លែងរបស់ភាគីអាមេរិក បានធ្វើឱ្យកម្ពុជាប្រតិកម្មយ៉ាងខ្លាំងដែរ។ សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិបានថ្លែងថា អាមេរិកបានអះអាងមួលបង្កាច់កម្ពុជា។ សម្តេច ទៀ បាញ់ បញ្ជាក់ថា៖«អ្វីដែលមិនដូចបំណងរបស់គេ គេតែងនិយាយបំផ្លើស។ នោះជារឿងរបស់គេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com