នៅក្នុងកិច្ចប្រជុំរយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនានៅអង់គ្លេស មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) បានឯកភាពលើបញ្ហាជាច្រើន។ ក្នុងនោះ មានគម្រោងចំនួនពីរ ដែលក្រុមប្រទេសអ្នកមានទាំងប្រាំពីរ ដាក់ចេញដែលត្រូវបានមើលឃើញថា មានគោលដៅទប់ជាមួយចិនមានដូចជា ការសន្យាផ្តល់វ៉ាក់សាំងចំនួន១ពាន់លានដូស និងគំនិតផ្តួចផ្តើមកសាងពិភពលោកឱ្យប្រសើរឡើងវិញ Build Back Better World (B3W)។
តើវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១ពាន់លានដូស គ្រប់គ្រាន់ឬទេ សម្រាប់ពិភពលោក ដែលកំពុងតែរងគ្រោះដោយសារជំងឺឆ្លងសកល? មិនតែប៉ុណ្ណោះ តើគំនិតផ្តួចផ្តើម Build Back Better World អាចប្រជែងជាមួយគម្រោងផ្លូវ និងខ្សែក្រវាត់របស់ចិនបានទេ?
វ៉ាក់សាំងមួយពាន់ដូស
ក្រោយបិទបញ្ចប់កិច្ចប្រជុំ ក្រុមប្រទេសអ្នកមានទាំងប្រាំពីរ បានសន្យាផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ យ៉ាងហោចណាស់ ១ពាន់លានដូសដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដោយភាគច្រើននៃវ៉ាក់សាំងទាំងនោះ នឹងត្រូវផ្តល់ឱ្យតាមរយៈ កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO)។ ក្នុងចំណោមនោះ ៥០០លានដូស បានមកពីអាមេរិក និង ១០០លានដូស ពីអង់គ្លេស។
ការប្តេជ្ញារបស់ក្រុមប្រទេស G7 ត្រូវបានអ្នកជំនាញមើលឃើញថា គឺជាការខិតខំ ដើម្បីទប់ទល់ជាមួយចិន ដែលបានអនុវត្ត «ការទូតវ៉ាក់សាំង» និងផ្តល់វ៉ាក់សាំងទៅប្រទេសដទៃ ក៏ដូចជាបង្កើនឥទ្ធិពលខ្លួននៅក្នុងតំបន់។ តាមទីភ្នាក់ងារព័ត៌មាន Xinhua ចិនបានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ទៅប្រទេសយ៉ាងហោចណាស់ ៦៦ប្រទេស និងសន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់ ១០លានដូសផ្សេងទៀត ទៅកម្មវិធី COVAX របស់WHO។
ដោយមើលឃើញពីការទូតវ៉ាក់សាំងចិនបែបនេះហើយ ទើបក្រុមប្រទេសអ្នកមានទាំងប្រាំពីរ បានប្តេជ្ញាផ្តល់វ៉ាក់សាំងដ៏ច្រើនបែបនេះ។ ប៉ុន្តែអង្គការអន្តរជាតិ និងអ្នកជំនាញមួយចំនួន បានអះអាងថា វ៉ាក់សាំង ១ពាន់លានដូសខាងលើ គឺមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់ពិភពលោក ដែលកំពុងរងគ្រោះដោយសារកូវីដ-១៩ ។
រូបភាព៖ មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ។ រូបភាព៖ Facebook-ប្រធានាធិបតីអាមេរិក
មុនការប្ដេជ្ញាចិត្តត្រូវបានប្រកាសជាផ្លូវការ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានសាទរផងដែរ។ ប៉ុន្តែប្រមុខ WHO រូបនេះ អះអាងថា ពិភពលោកត្រូវការវ៉ាក់សាំងបង្ការកូវីដ-១៩ ច្រើនជាងនេះ យ៉ាងហោចណាស់ ១១ពាន់លានដូស សម្រាប់ចាក់ឱ្យប្រជាជនពិភពលោក ៧០ភាគរយ នៃចំនួនសរុប។
ចំណែកប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ក៏បានលើកឡើងស្រដៀងនឹងប្រមុខអង្គការសុខភាពពិភពលោកផងដែរ ដោយលោក បានអំពាវនាវឱ្យក្រុមប្រទេសG7 ផ្តល់វ៉ាក់សាំងច្រើនជាងនេះ។ នៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី១១ ខែមិថុនា កន្លងទៅ លោក ហ្គូតេរ៉េស បានទទូចថា ពិភពលោក ត្រូវការវ៉ាក់សាំងច្រើន ដើម្បីចាក់ឱ្យប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ បើតាមប្រមុខUN ប្រសិនជាប្រជាជនទាំងនោះ មិនទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ទេ វីរុសនឹងបំប្លែងខ្លួនកាន់តែខ្លាំងឡើង និងអាចធ្វើឱ្យប្រសិទ្ធភាពវ៉ាក់សាំងថយចុះ។
ប៉ុន្តែការអំពាវនាវខាងលើ ត្រូវបាននាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ច្រានចោល និងថា ក្រុមប្រទេស G7 នឹងខិតខំផលិតវ៉ាក់សាំងឱ្យបានកាន់តែលឿន និងផ្តល់វ៉ាក់សាំងទាំងនោះកាន់តែឆាប់។ បើតាមលោក ចនសុន ការចាក់វ៉ាក់សាំងឱ្យប្រជាជននៅលើពិភពលោក នឹងគ្រប់តាមការកំណត់ នៅដំណាច់ឆ្នាំក្រោយ ដោយសារតែការខិតខំរបស់ក្រុមប្រទេស G7 ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
គួរបញ្ជាក់ថា មកទល់ពេលនេះ វ៉ាក់សាំងចំនួន ២,៣៨ពាន់លានដូស ត្រូវបានចាក់ឱ្យប្រជាជននៅក្នុង ១៧៨ប្រទេស។ ភាគច្រើននៃវ៉ាក់សាំង ដែលបានចាក់ មាននៅក្នុងប្រទេសអ្នកមាន ខណៈប្រទេសកំពុងអភិវឌ្ឍជាច្រើន កំពុងប្រឈមនឹងការខ្វះខាតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ សម្រាប់ចាក់ឱ្យប្រជាជនខ្លួន។
គំនិតផ្តួចផ្តើម B3W
ស្របគ្នានឹងការប្តេជ្ញាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១ពាន់លានដូស ក្រុមប្រទេសអ្នកមានទាំងប្រាំពីរ ក៏បានគាំទ្រលើ គំនិតផ្តួចផ្តើមកសាងពិភពលោកឱ្យប្រសើរឡើងវិញ ឬB3W (Build Back Better World) ផងដែរ ដើម្បីជួយប្រទេសក្រីក្រកសាងហេដ្ឋារចនាសម្ពន្ធសំខាន់ៗផ្សេងៗ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១២ ខែមិថុនា រដ្ឋាភិបាលអាមេរិក បានប្រកាសថា B3W ជាគំនិតផ្តួចផ្តើម លើហេដ្ឋារចនាសម្ពន្ធប្រកបដោយតម្លាភាព មានគុណភាពខ្ពស់ និងគោរពតាមបរិស្ថានបៃតង។ គម្រោងនេះផងដែរ នឹងត្រូវដឹកនាំដោយប្រទេសលទ្ធិប្រជាធិតេយ្យ ក្នុងគោលបំណងជួយសម្របសម្រួលហេដ្ឋារចនាសម្ពន្ធនៅក្នុងប្រទេសក្រីក្រ។
រូបភាព៖ មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ។ រូបភាព៖ Facebook-ប្រធានាធិបតីអាមេរិក
ក្នុងសេចក្តីថ្លែងការណ៍នោះ រដ្ឋាភិបាលអាមេរិក បានពន្យល់ថា គម្រោងខាងលើ នឹងជួយកាត់បន្ថយគម្លាតការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធបាន ៤០ទ្រីលានដុល្លារ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ គម្រោងមួយនេះ នឹងប្រមូលធនធានពីវិស័យឯកជននៅក្នុងបណ្តាប្រទេសធំៗ ដែកប្រកាន់លទ្ធិប្រជាធិបតេយ្យ ដើម្បី កសាងហេដ្ឋារចនាសម្ពន្ធ ដោយផ្តើមចេញពីតំបន់អាមេរិកឡាទីន ទៅតំបន់ការ៉ាអ៊ីប និងអាហ្រ្វិក និងចុងក្រោយនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
គំនិតផ្តួចផ្តើមដ៏ថ្មីសន្លាងមួយនេះ ក៏ត្រូវបានអ្នកជំនាញមើលឃើញផងដែរថា ជាគម្រោងរបស់ក្រុមប្រទេសG7 សម្រាប់ប្រជែងជាមួយគម្រោងផ្លូវ និងខ្សែក្រវាត់របស់ចិន ដែលមានប្រទេសជាច្រើនចូលរួមស្រាប់ហើយ។
គម្រោងផ្លូវ និងខ្សែក្រវ៉ាត់ ដែលត្រូវបានប្រកាសដោយប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅឆ្នាំ២០១៣ ត្រូវបានវាយតម្លៃថា អាចមានទំហំវិនិយោគចាប់ពី ១ទ្រីលានដុល្លារ ដល់ ៨ទ្រីលានដុល្លារឯណោះ។ បើតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេស (CRI) ប្រទេសចំនួន ១៣០ បានចូលរួមក្នុងគម្រោងនេះ រួចមកហើយ។
ចង់មិនចង់ គម្រោង Build Back Better World នឹងប្រឈមបញ្ហាពិបាកច្រើន បើធៀបនឹងគំនិតផ្តួចផ្តើមរបស់ចិន ព្រោះគំនិតផ្តួចផ្តើមរបស់ចិន ត្រូវបានប្រទេសជាច្រើនគាំទ្ររួចមកហើយ។ ម្យ៉ាងវិញទៀត រាល់ជំនួយអភិវឌ្ឍរបស់ចិន មិនសូវគិតពីបញ្ហាផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ពោលគឺខុសពីលោកខាងលិច ដែលគិតពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា ក្រៅពីការសន្យា និងគំនិតផ្តួចផ្តើមខាងលើ ក្រុមប្រទេសអ្នកមានទាំង៧ ក៏បានដាក់សម្ពាធលើចិន ទាក់ទិននឹងសិទ្ធិមនុស្សនៅតំបន់ស៊ីងជាំង បញ្ហាហុងកុង និងការជំរុញឱ្យមានការស៊ើបអង្កេតលើដើមកំណើតជំងឺកូវីដ-១៩ ផងដែរ៕