ជាតិ
សេដ្ឋកិច្ច
កសិករខ្មែរចិញ្ចឹមត្រី មានគុណភាពជាងវៀតណាម ប៉ុន្តែខ្វះទីផ្សារ
14, Jun 2021 , 9:29 pm        
រូបភាព
លោក សុខ រ៉ាដែន ប្រធានសហគមន៍វារីវប្បករកម្ពុជា។
លោក សុខ រ៉ាដែន ប្រធានសហគមន៍វារីវប្បករកម្ពុជា។
កសិករខ្មែរចិញ្ចឹមត្រី មានគុណភាពជាងវៀតណាម ប៉ុន្តែនៅខ្វះទីផ្សារ។ នេះបើតាមលោក សុខ រ៉ាដែន ប្រធានសហគមវារីវប្បករកម្ពុជា ដែលបានអះអាងថា ការចិញ្ចឹមត្រីរបស់កសិករខ្មែរ ឬវារីវប្បករក្នុងស្រុក គឺមានសន្ទុះខ្លាំង តាំងពីពាក់កណ្តាលឆ្នាំ២០២០មក។

 
លោក សុខ រ៉ាដែន បានបញ្ជាក់ថា បច្ចុប្បន្ន កសិករដែលប្រកបមុខរបរចិញ្ចឹមត្រី ពិសេសអ្នកចិញ្ចឹមត្រីពោ ត្រីប្រា និងត្រីឆ្តោ លែងជួបបញ្ហាបច្ចេកទេស ឬគ្មានគុណភាពទៀតហើយ ។ ប៉ុន្តែបញ្ហាដែលកសិករនៅជួបប្រទះនោះ គឺកង្វះទីផ្សារ ទោះត្រីចិញ្ចឹមរបស់កសិករខ្មែរ មានស្ដង់ដារសុវត្ថិភាពជាងត្រីនាំចូលវៀតណាមក្តី ។
 
បើតាមលោក រ៉ាដែន បញ្ហាទីផ្សារនេះ គឺដោយសារឈ្មួញមិនព្រមជួយទិញត្រីពីកសិករ ឬវារីប្បករខ្មែរ ដោយសុខចិត្តសម្រុកនាំចូលត្រីពីវៀតណាម ក្រោមហេតុផលថា ត្រីវៀតណាម មានតម្លៃទាប ដែលអាចផ្ដល់ចំណេញដល់ពួកគេ ច្រើនជាងទិញត្រីពីកសិករខ្មែរ ដែលមានតម្លៃខ្ពស់។ មូលហេតុដែលត្រីរបស់កសិករខ្មែរ មានតម្លៃខ្ពស់ ដោយសារតែការចំណាយលើថ្លៃដើមនោះច្រើន ដូចជា ចំណីជាដើម។
 
ប្រធានសហគមវារីវប្បករកម្ពុជារូបនេះ បានរៀបរាប់ដូច្នេះ៖«ក្រោយពីមានការលើកទឹកចិត្តពីក្រសួងកសិកម្មមក មានបងប្អូនខ្មែរយើងជាច្រើន បាននាំគ្នាចិញ្ចឹមត្រី។ ពួកគាត់ចិញ្ចឹមត្រីបានជោគជ័យល្អណាស់ ហើយត្រីរបស់យើងហ្នឹងមានគុណភាពល្អទៀត។ សព្វថ្ងៃនេះ គឺយើងចិញ្ចឹមត្រីបានល្អហើយ ថែមទាំងលក់មិនអស់ទៅទៀត»។ 


 
បច្ចុប្បន្ននេះភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កំពុងរកដំណោះស្រាយទីផ្សារត្រីជូនដល់កសិករ។ នេះបើតាមលោក សុខ រ៉ាដែន ដែលបានប្រាប់សារព័ត៌មានថ្មីៗថា ត្រីពោ ត្រីប្រា និងត្រីឆ្តោ ១ម៉ឺនតោនរបស់ពលរដ្ឋជាង៣០០គ្រួសារ ដែលជាសមាជិករបស់សហគមវារីវប្បករកម្ពុជានោះ កំពុងច្រាលនៅស្រះនីមួយៗដោយគ្មានឈ្មួញមកបញ្ជាទិញ។ 
 
កាលពីថ្ងៃទី៤មិថុនា ឆ្នាំ២០២១ លោក ពុំ សុថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey ថា កសិករដែលចិញ្ចឹមត្រីបានកំពុងកកស្ទះច្រើនជាងគេ គឺមាននៅក្នុងខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តសៀមរាប កំពង់ឆ្នាំង និងខេត្តតាកែវ ជាដើម។  បច្ចុប្បន្ន ក្រសួងកសិកម្ម បានបិទការនាំចូលត្រីឆ្តោ ត្រីប្រា និងត្រីពោ ពីប្រទេសវៀតណាមទាំងស្រុង ដើម្បីជំរុញដល់ការប្រើប្រាស់ត្រីនៅក្នុងស្រុក ដែលកសិកម្មនាំគ្នាចិញ្ចឹមបាននោះ។ 
 
ទន្ទឹមនឹងការបិទការនាំចូលនូវត្រី៣ប្រភេទខាងលើនេះ ក្រសួងកសិកម្មក៏កំពុងរៀបចំសេចក្តីប្រកាសស្តីពី«វិធាននៃការដឹកជញ្ជូនផល ផលិតផលជលផល» ដើម្បីរឹតបន្តឹងការនាំចូលប្រភេទត្រីផ្សេងៗពីប្រទេសវៀតណាម ផងដែរ។ នេះជាអះអាងរបស់លោក ពុំ សុថា៕ 
 

Tag:
 វារីប្បវកម្ម
  ត្រី
  បែចិញ្ចឹមត្រី
  លោក សុខ រ៉ាដែន
© រក្សាសិទ្ធិដោយ thmeythmey.com