COVID-19
ជាតិ
កូវីដ-១៩ក្នុង៧ខេត្តទៀតដោយបន្ទាយមានជ័យ កំពង់ចាម និងស្វាយរៀងមានពីជាង៣០ ទៅជាង៤០ករណី
15, Jun 2021 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់បន្ថែមទៀត នៅថ្ងៃទី១៤ មិថុនា ខណៈខេត្តកំពង់ចាម មាន៣២នាក់ ខណៈស្វាយរៀងមាន ៣១នាក់បន្ថែមដែរ។ ខេត្តបាត់ដំបង ឧត្តរមានជ័យ និងមណ្ឌលគិរីរកឃើញជាង១០ករណីរៀងខ្លួន រីឯខេត្តព្រះវិហារមាន ៥នាក់។

 
បន្ទាយមានជ័យ៖ មាន៤៥នាក់ទៀត ដែលភាគច្រើនជាកម្មកររោងចក្រ និងអ្នកមកពីថៃ
 
មនុស្ស ៤៥នាក់បន្ថែមទៀត មានតេស្តវិជ្ជមានកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ មិថុនា ដោយក្នុងនោះភាគច្រើនជាកម្មកររោងចក្រ និងពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ក្រៅពីនេះ ជាអាជីវក ស្ត្រីមេផ្ទះ និងសិស្ស។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ៤៥នាក់ ភាគច្រើនមានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត។ មួយចំនួនទៀត មានទីលំនៅក្រុងសិរីសោភ័ណ, នៅស្រុកមង្គលបូរី, ថ្មពួក, ស្វាយចេក, ព្រះនេត្រព្រះ, ភ្នំស្រុក និងស្រុកម៉ាឡៃ និងមានម្នាក់ជាអ្នកស្រុកបវេល ខេត្តបាត់ដំបង។ 

កំពង់ចាម៖ មាន៣២នាក់ទៀត ក្នុងនោះ៩នាក់ជាទារក និងកុមារ
 
អ្នកវិជ្ជមានទាំង ៣២នាក់នោះគឺសុទ្ធតែមានពាក់ព័ន្ធនឹងកម្មកររោងចក្រ ដែលមានវិជ្ជមានកន្លងមក។ ក្នុងចំណោមអ្នកទាំង ៣២នាក់នេះ មានទារក និងកុមារ ដល់ទៅ៩នាក់។  រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា ក្នុងចំណោមអ្នកទើបនឹងឆ្លងកូវីដ-១៩នេះ មាន ១០នាក់នៅស្រុកស្រីសន្ធរ, ៥នាក់នៅស្រុកចំការលើ ខណៈស្រុកព្រៃឈរ និងស្រុកបាធាយមាន៤នាក់រៀងខ្លួន។ ស្រុកកោះសូទិន និងស្រុកព្រៃជើងព្រៃ មាន៣នាក់, ក្រុងកំពង់ចាមមាន២នាក់ និង១នាក់ទៀត នៅស្រុកកងមាស។ 
 
ស្វាយរៀង៖ មាន៣១នាក់ទៀត និងជាសះស្បើយ៩៤នាក់
 
ខេត្តស្វាយរៀង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣១នាក់បន្ថែមទៀត និងមានអ្នកជំងឺ៩៤នាក់បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣១នាក់នេះ ក៏មានពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ចំនួន៦នាក់ផងដែរ និងក្រៅពីភាគច្រើនជាកម្មកររោងចក្រ។ អ្នកវិជ្ជមាន ជាអ្នករស់នៅក្រុងបាវិត, ក្រុងស្វាយរៀង, ស្រុករមាសហែក, ស្រុកចន្ទ្រា, ស្រុកកំពង់រោទិ៍ និងស្រុកស្វាយជ្រំ។ គិតត្រឹមថ្ងៃទី១៤ មិថុនា ខេត្តស្វាយរៀងមានអ្នកវិជ្ជមានកូវីដ-១៩ សរុប ១២៨៩នាក់ ក្នុងនោះ៨៧១នាក់ បានជាសះស្បើយ ៧នាក់ស្លាប់ និង៤១០នាក់កំពុងបន្តព្យាបាល។ 
 
ឧត្តរមានជ័យ៖ មាន ១២នាក់បន្ថែមទៀត ក្នុងនោះ៦នាក់ជាអ្នកមកពីប្រទេសថៃ
 
ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង១២នាក់នោះ មាន៦នាក់ជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ តាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មាន៦នាក់ជាអ្នកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៣នាក់ជាពលរដ្ឋស្រុកស្រីស្នំ និងអង្គរជុំ ខេត្តសៀមរាប និង៣នាក់ទៀតជាអ្នកស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានប្រកាសថា មានអ្នកជំងឺ ៣នាក់បានជាសះស្បើយ។ បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៣៣ករណី ក្នុងនោះ១១៤នាក់ជាករណីនាំចូល។ អ្នកជំងឺ ៤៦នាក់ បានជាសះស្បើយ ១នាក់បានស្លាប់ និង៨៦នាក់ទៀត កំពុងសម្រាកព្យាបាល។
 
បាត់ដំបង៖ ១១ករណីថ្មី និង៣៧នាក់ជាសះស្បើយ
 
ក្នុងចំណោមករណីឆ្លងថ្មីទាំង ១១នាក់ មាន៥នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ ហើយក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។ អ្នកដែលមានវិជ្ជមានទាំង ១១នាក់ ជាអ្នកស្រុករតនមណ្ឌល, កំរៀង, បវេល, សំពៅលូន និងស្រុកឯកភ្នំ។ អ្នកជំងឺម្នាក់ជាអ្នកខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតជាអ្នកខេត្តពោធិ៍សាត់។ ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៤២នាក់ ក្នុងនោះ២៣២នាក់បានជាសះស្បើយ ២នាក់បានស្លាប់ និង៣០៨នាក់ទៀត បន្តព្យាបាល។
 
មណ្ឌលគិរី៖ រកឃើញ១០នាក់ទៀត ជាអ្នកក្រុងសែនមនោរម្យទាំងអស់
 
អ្នកទាំង១០នាក់ដែលវិជ្ជមាននេះ គឺសុទ្ធតែជាអ្នកដែលមានទីលំនៅក្នុងសង្កាត់មនោរម្យ និងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ក្នុងចំណោមអ្នកឆ្លងទាំងនេះ មាន៤នាក់ជាកុមារ។ ក្រោយផ្ទុះករណីឆ្លងនៅក្នុងក្រុងសែនមនោរម្យនៅប៉ុន្មានថ្ងៃមកនេះ រដ្ឋបាលខេត្តមណ្ឌលមានជ័យ សម្រេចបិទផ្នែកខ្លះ នៃភូមិចំបក់ សង្កាត់ ស្ពានមានជ័យ ភូមិជ្រៃសែន និងភូមិដើមស្រល់ ក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ បណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែមិថុនា។ បច្ចុប្បន្ន ខេត្តមណ្ឌលគិរី មានអ្នកផ្ទុកកូវីដ-១៩ សរុប២៦នាក់ ក្នុងនោះ៣នាក់ជាសះស្បើយ ១នាក់ស្លាប់ និង២២នាក់ទៀតបន្តសម្រាកព្យាបាល។  
 
ព្រះវិហារ៖ មាន៥ករណីទៀត ជាពលរដ្ឋនៅស្រុកជាំក្សាន្ត
 
ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង៥នាក់សុទ្ធតែជាអ្នករស់នៅ នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត។ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៣នាក់ និង៨នាក់បានជាសះស្បើយចំនួន និង២៥នាក់ កំពុងសម្រាកព្យាបាល។ 

ករណីទូទាំងប្រទេស៖ឆ្លងថ្មី៤៩៥នាក់, ៦០៤នាក់សះស្បើយ និង១៣នាក់ទៀតស្លាប់
 
ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១៥ ខែមិថុនានេះថាបានរកឃើញ មនុស្ស ៤៩៥នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ខណៈអ្នកជំងឺចំនួន ៦០៤នាក់បានជាសះស្បើយ និង១៣នាក់ទៀតបានស្លាប់។  បច្ចុប្បន្ន កម្ពុជាមានអ្នកកើតកូវីដ-១៩សរុប ៣៩ ៤៦៤ នាក់ សះស្បើយ ៣៣៥៧១នាក់ និងស្លាប់៣៦១នាក់៕
 
កោះកុង៖ រកឃើញ១៦១នាក់ជាករណីឆ្លងប្រចាំថ្ងៃច្រើនបំផុត  
 
ខេត្តកោះកុង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ដល់ទៅ១៦១នាក់ ដែលជាករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតសម្រាប់ខេត្តនេះ។ ពលរដ្ឋប្រមាណ១១០នាក់ ជាអ្នកឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងជាង៤០នាក់អ្នករស់នៅក្រុងខេមរភូមិន្ទ។ ក្រៅពីនោះជាពលរដ្ឋនៅឃុំបឹងព្រាវ និងឃុំស្រែអំបិល ស្រុកស្រែអំបិល និងឃុំតាតៃក្រោម ស្រុកកោះកុង។   ជាមួយគ្នានេះរដ្ឋបាលខេត្តកោះកុង ក៏បានប្រកាសដែរថា មានអ្នកជំងឺ១៨នាក់បានជាសះស្បើយ។
 
កំពត៖ រកឃើញ៨១នាក់ទៀត និង១នាក់បានស្លាប់ជាស្ត្រីកំពុងពពោះ៧ខែ
 
ក្នុងចំណោមអ្នកវិជ្ជមានទាំង ៨១នាក់ មាន ៧៨នាក់គឺជាកម្មកររោងចក្រ ពូ ចិន ដែលមានទីតាំងក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចលិច ស្រុកកំពង់ត្រាច។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត អ្នកវិជ្ជមានភាគច្រើនជាស្ត្រី និង៣៩នាក់មានទីលំនៅក្នុងស្រុកកំពង់ត្រាច។ ១៥នាក់ជាពលរដ្ឋនៅស្រុកដងទង់, ២នាក់នៅស្រុកអង្គរជ័យ និង១៤នាក់នៅស្រុកបន្ទាយមាស។ ពលរដ្ឋ៧នាក់ទៀត មានជាអ្នកខេត្តកែប និង១នាក់ទៀត នៅខេត្តកំពង់ស្ពឺ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត ក៏ប្រកាសពីករណីស្លាប់១នាក់ផងដែរ លើស្រ្តីមានផ្ទៃពោះ៧ខែ វ័យ៣៥ឆ្នាំ រស់នៅភូមិព្រះទ្រហឹង ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។ ស្ត្រីរូបនេះមានតេស្តវិជ្ជមានកូវីដ-១៩ និងបានចូលសម្រាកនៅពេទ្យនៅម៉ោង ១០កន្លះយប់ ថ្ងៃទី១៣មិថុនា ជាមួយនឹងអាការហត់ខ្លាំង។ ក្រុមគ្រូពេទ្យបានសង្គ្រោះភ្លាមៗតាមលក្ខណៈបច្ចេកទេស ប៉ុន្តែដោយសភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ក៏បានបាត់បង់ជីវិតនៅម៉ោង ១២យប់ថ្ងៃដដែល។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា ស្ត្រីរូបនេះ ស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតធ្ងន់ធ្ងរដោយសារកូវីដ-១៩។
បច្ចុប្បន្ន ខេត្តកំពតមានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៨៧៣នាក់ ក្នុងនោះ២៨០នាក់បានជាសះស្បើយ ស្លាប់៦នាក់ និង៥៨៧នាក់ទៀត បន្តសម្រាកព្យាបាល។
 
សៀមរាប៖ មាន៣៥នាក់ទៀត ភាគច្រើនជាអ្នកស្រុកជីក្រែង និងអ្នកត្រឡប់មកពីថៃ
 
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ៣៥នាក់នេះ ភាគច្រើនជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលពួកគេមានអាសយដ្ឋាននៅស្រុកជីក្រែង ស្រុកក្រឡាញ់ និងអ្នកស្រុកអង្គរជុំ។ ករណីឆ្លងក្នុងសហគមន៍ ភាគច្រើនរកឃើញលើពលរដ្ឋដែលរស់នៅក្នុងស្រុកជីក្រែង ស្រុកសូទ្រនិគម ក្រុងសៀមរាប ស្រុកប្រាសាទបាគង និងមានអ្នកស្រុកស្ទោង ខេត្តកំពង់ធំម្នាក់ដែរ។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ៤នាក់ បានជាសះស្បើយផងដែរ។ ត្រឹមថ្ងៃទី១៤ ខែមិថុនា  ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៤៩៤នាក់ ក្នុងនោះ១១៧នាក់បានជាសះស្បើយ ៣នាក់ស្លាប់ និង៣៧៤នាក់ទៀត បន្តសម្រាកព្យាបាល។
 
ព្រៃវែង៖ រកឃើញ៣៣នាក់ ក្នុងនោះ១០នាក់ជាទារក និងកុមារ
 
ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង៣៣នាក់ មាន១០នាក់ជាទារក និងកុមារ។ តាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មាន៨នាក់ ជាពលករទើបត្រឡប់មកពីប្រទេសថៃ ហើយអ្នកផ្សេងទៀតឆ្លងបន្ទាប់ពីប៉ះពាលជាមួយអ្នកវិជ្ជមានកូវីដ-១៩ កន្លងមក។ ស្រុកស្វាយអន្ទរ មានអ្នកឆ្លងថ្មីច្រើនជាងគេ គឺដល់ទៅ១០នាក់ បន្ទាប់មកមាន៦នាក់នៅស្រុកស៊ីធរកណ្តាល។ ស្រុកមេសាង និងស្រុកពារាំង មាន៥នាក់រៀងខ្លួន ខណៈស្រុកបាភ្នំ និងព្រះស្តេច រកឃើញ៣ករណីរៀងខ្លួនដែរ។  បច្ចុប្បន្ន ខេត្តព្រៃវែង មានអ្នកកើតកូវីដ-១៩ សរុប៩៥៦នាក់ ក្នុងនោះ៤៤៤នាក់បានជាសះស្បើយ ១១នាក់ស្លាប់ និង៥០១នាក់ទៀត បន្តសម្រាកព្យាបាល។
 
កំពង់ធំ៖ មាន៣២នាក់បន្ថែម និង១នាក់ជាសះស្បើយ
 
ក្នុងចំណោមមនុស្សទាំង ៣២នាក់ដែលឆ្លងកូវីដ-១៩ នេះ គឺភាគច្រើនជាអ្នកដែលបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។ អ្នកដែលមានវិជ្ជមានកូវីដ-១៩ ទាំង៣២នាក់នេះ ភាគច្រើនជាពលរដ្ឋរស់នៅស្រុកសណ្តាន់ បន្ទាប់មានអ្នកស្រុកស្ទោង ,ស្រុកតាំងគោក, ស្រុកបារាយណ៍, ស្រុកកំពង់ស្វាយ និងពលរដ្ឋរស់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺម្នាក់ បានជាសះស្បើយផងដែរ។ គិតត្រឹមថ្ងៃទី១៤ មិថុនា ខេត្តកំពង់ធំមានករណីវិជ្ជមានកូវីដ-១៩ សរុប ៤៥៤នាក់ ក្នុងនោះ២៥០នាក់បានជាសះស្បើយ ២នាក់បានស្លាប់ ហើយអ្នកជំងឺ ២០២នាក់ទៀត បន្តសម្រាកព្យាបាល។  
 
ស្ទឹងត្រែង៖ មាន៥នាក់បន្ថែមទៀត ជាអ្នកដំណើរពីភ្នំពេញ កំពង់ស្ពឺ និងអ្នកមកពីថៃ
 
ខេត្តស្ទឹងត្រែង បានរកឃើញ មនុស្ស៥នាក់ទៀតវិជ្ជមានកូវីដ-១៩ ដោយក្នុងនោះមាន២នាក់ជាអ្នកដំណើរប្តីប្រពន្ធពីខេត្តកំពង់ស្ពឺ, ២នាក់ជាអ្នកទៅពីរាជធានីភ្នំពេញ និង១នាក់ជាអ្នកដែលទើបត្រឡប់មកពីប្រទេសថៃ ដែលមានទីលំនៅក្នុងខេត្តស្ទឹងត្រែងផ្ទាល់។ បច្ចុប្បនខេត្តស្ទឹងត្រែង មានករណីវិជ្ជមានកូវីដ-១៩ សរុប ២១នាក់ ក្នុងនោះ ១០នាក់បានជាសះស្បើយ  និង១១នាក់ទៀតបន្តសម្រាកព្យាបាល។
 
រតនគិរី៖មាន៣នាក់ទៀត ជាអ្នកបើករថយន្តឈ្នួល និងរថយន្តដឹកទំនិញ
 
អ្នកវិជ្ជមានកូវីដ-១៩ ទាំង៣នាក់នេះ មាន២ជាអ្នកបើកបររថយន្ត និងព្រូឡាន ដឹកអ្នកដំណើរភ្នំពេញ-រតនគិរី ហើយអ្នកទាំង២រស់នៅក្រុងបានលុង។  រីឯម្នាក់ទៀត ជាអ្នកបើករថយន្តដឹកទំនិញ ដែលមានទីលំនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
 
 
 
 

Tag:
 កោះកុង
 កំពត
  សៀមរាប
 ព្រៃវែង
 ស្ទឹងត្រែង
 រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com