អន្តរជាតិ
បក្សសម្ពន្ធណាតូ ប្តេជ្ញាសាមគ្គីគ្នា ប្រឆាំងនឹងការគំរាមពីសំណាក់ចិន និងរុស្ស៊ី មេដឹកនាំរដ្ឋសមាជិកសម្ពន្ធយោធាណាតូ។ រូបថត AFP
× មេដឹកនាំបក្សសម្ពន្ធយោធាណាតូ (NATO) បានប្តេជ្ញាសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងការកើនឡើងឥទ្ធិពលចិន និងការបំពានច្បាប់អន្តរជាតិពីសំណាក់រុស្ស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំបក្សសម្ពន្ធយោធាណាតូ ដែលចេញនៅថ្ងៃទី១៤ ខែមិថុនា។
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំបក្សសម្ពន្ធយោធាណាតូពីទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ចិន និងរុស្ស៊ីបានក្លាយជារបៀបវារៈដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំជជែកដេញដោល។ លោក ចូ បៃឌិន ដែលជួបសមភាគីផ្សេងទៀតលើកដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិក ចង់ឃើញណាតូ ប្រកាន់ជំហរតឹងរ៉ឹងទៅនឹងការគំរាមរបស់ចិន និងរុស្ស៊ី។ បន្ទាប់ពីជំនួបកំពូល អង្គការណាតូ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញការប្តេជ្ញាចិត្តរបស់ប្រទេសសម្ពន្ធមិត្ត ក្នុងការទប់ជាមួយសកម្មភាពរុស្ស៊ី និងចិន។
«មហិច្ឆតា និងកាយវិការចិន បានបង្ហាញពីការគំរាមកំហែងជាប្រព័ន្ធលើសណ្តាប់ធ្នាប់អន្តរជាតិ និងវិស័យមួយចំនួនទាក់ទិននឹងសន្តិសុខរបស់បក្សសម្ពន្ធ»។ មេដឹកនាំរដ្ឋសមាជិកអង្គការណាតូ បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដោយសង្កត់ធ្ងន់បន្ថែម ពីការពង្រីកឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរ និងក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន។
ក្នុងន័យនេះ បក្សសម្ព័ន្ធយោធា បានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ចាប់ផ្តើមកិច្ចចរចា និងមានចំណាត់ការប្រកបដោយតម្លាភាពទាក់ទងអាវុធនុយក្លេអ៊ែរ រួមទាំងផ្តល់ព័ត៌មានពិតលើអាវុធនុយក្លេអ៊ែរខ្លួនផងដែរ។ បើតាមអង្គការណាតូ ការយោគយល់ និងមានតម្លាភាពទៅវិញទៅមក នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ស្របគ្នាដែរ បក្សសម្ពន្ធយោធា ក៏បានលើកឡើងពីរុស្ស៊ីផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ថ្នាក់ដឹកនាំណាតូ បានលើកឡើងពី ការបញ្ជូនទ័ពរបស់រុស្ស៊ីមកតំបន់ព្រំដែនអឺរ៉ុបខាងកើតដែលអង្គការមួយនេះ ចាត់ទុកថាជាការគំរាមកំហែង និងធ្វើឱ្យមានអស្ថិរភាព។ ទាក់ទិននឹងបញ្ហានេះ បក្សសម្ពន្ធយោធា បានជំរុញឱ្យរដ្ឋាភិបាលក្រុងមូស្គូ ដកកងទ័ពទាំងនោះចេញ នៅក្នុងតំបន់ព្រំដែនអឺរ៉ុបខាងកើត ដែលមានដូចជាអ៊ុយក្រែន ហ្សកហ្ស៊ី និង Moldova ។
ដោយចាត់ទុកថា រុស្ស៊ីបានបំពានគោលការណ៍នៃក្រុមប្រឹក្សាណាតូ-រុស្ស៊ី (NRC) បក្សសម្ពន្ធមួយនេះ បានទាមទារឱ្យរដ្ឋាភិបាលក្រុងមូស្គូ គោរពតាមច្បាប់ និងកាតព្វកិច្ចអន្តរជាតិ។ ប្រសិនរុស្ស៊ីនៅតែបំពានបែបនេះ អង្គការណាតូបានព្រមានថា វានឹងគ្មានការផ្លាស់អ្វីឡើយ លើការប្រឈមមុខរវាងរុស្ស៊ី និងណាតូ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ បក្សសម្ពន្ធយោធា ក៏បានអំពាវនាវឱ្យរុស្ស៊ីលុប អាមេរិក និងឆែក ចេញពីបញ្ជី «រដ្ឋអមិត្ត»។
ក្រៅពីពីបញ្ហាចិន និងរុស្ស៊ី អង្គការណាតូ ក៏បានបង្ហាញពីក្តីបារម្ភលើភេរវកម្ម ការវាយប្រហារតាមអ៊ីនធឺណិត ការបម្រែបម្រួលអាកាសធាតុ និងបញ្ហាផ្សេងទៀតជាច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com