ជាតិ
សិល្បះ
តាំងពីពេលនោះមក ជីវិតរបស់ ឯម ធ្ធាយ ត្រូវបានឧទ្ទិសទៅឲ្យរបាំបុរាណខ្មែរ
15, Jun 2021 , 10:32 am        
រូបភាព
ទេវនាដនិមិត្ត ឯម ធ្ធាយ បានទទួលមរណភាពថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ឆ្នាំ។ ទេវនាថនិមិត្ត ត្រូវបានចាត់ទុកជាបេតិកភណ្ឌមនុស្សរស់ក្នុងសិល្បៈរបាំព្រះរាជទ្រព្យដោយរដ្ឋាភិបាល។ តើហេតុអ្វីបានជាទេវនាដនិមិត្ត ឯម ធ្ធាយ បានក្លាយជាអ្នករបាំព្រះរាជទ្រព្យ? តើអ្នកគ្រូបានចូលរួមចំណែកអ្វីខ្លះក្នុងរបាំបុរាណខ្មែរ? សារព័ត៌មានថ្មីៗធ្លាប់បានសម្ភាសទេវនាថ ឯម ធ្ធាយ កាលពីឆ្នាំ២០១៧ ដើម្បីយល់ពីដំណើរជីវិតរបស់អ្នកគ្រូ។

 
ដោយពុំសូវមានការសម្តែងល្ខោនខ្មែរបុរាណ ឬរបាំព្រះរាជទ្រព្យនៅទីសាធារណៈ ដើម្បីបង្ហាញឲ្យកូនខ្មែរស្គាល់ជាទូទៅនោះ នាដការបាំបុរាណក៏ពុំសូវមានអ្នកណាស្គាល់ដែរ។ ផ្ទុយទៅវិញ គឺរបាំបុរាណខ្មែរនេះហើយដែលត្រូវបានទទួលស្គាល់ក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៃអង្គការយូណេស្កូតាំងពីឆ្នាំ២០០៣។ នាដកាម្នាក់ក្នុងចំណោមនាដកាជាច្រើនដែលបានជួយថែរក្សា និងបណ្តុះបណ្តាលបង្ហាត់របាំបុរាណដល់កូនខ្មែរជំនាន់ក្រោយគឺ អ្នកគ្រូ ឯម ធ្ធាយ។ អ្នកគ្រូ ឯម ធ្ធាយ គឺជាអ្នកដែលបានទទួលការបណ្តុះបណ្តាលផ្ទាល់ពីគ្រូរបាំរបស់ព្រះបរមរាជវាំងតែម្តងតាំងពី៨០ឆ្នាំមុន។
 
មានឪពុកជាទាហានបម្រើផ្ទាល់របស់ព្រះនរោត្តម សុរាម្រិត ព្រះមហាកញ្ចនៈកោដ្ឋ និងម្តាយជាអ្នកបម្រើព្រះស្ងោយថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន កុមារី ឯម ធ្ធាយ មានឱកាសបានចូលហាត់របាំបុរាណខ្មែរតាំងពីអាយុ៧ឆ្នាំ។
 
អតីតនាដកា ឯម ធ្ធាយ រម្លឹកអំពីថ្ងៃពិសេសកាលពីជាង៧០ឆ្នាំមុនដែលនៅធ្វើឲ្យលោកយាយព្រឺសម្បុរនៅឡើយ យ៉ាងដូច្នេះ៖ «ខ្ញុំឃើញគេហាត់រាំរាល់ថ្ងៃ ហើយខ្ញុំចេះតែលួចរៀនរាំតាមពីក្រោយ។ សម្តេចឪ (ព្រះបរមរតនកោដ្ឋ) បានទតឃើញ  ហើយក៏បានទៅទូលម្តាយ។ ស្អែកឡើងគ្រូរបាំតួយក្សក៏បានយកខ្ញុំទៅបង្ហាត់ ហើយគ្រូផ្សេងៗទៀតបានបង្ហាត់ខ្ញុំជាតួផ្សេងៗក្នុងរបាំងបុរាណជាបន្តបន្ទាប់គ្នា»។
 
 
 តាំងពីពេលនោះមក ជីវិតរបស់ ឯម ធ្ធាយ ត្រូវបានឧទ្ទិសទៅឲ្យរបាំបុរាណខ្មែរ ឬ របាំព្រះរាជទ្រព្យរហូតអ្នកគ្រូអស់ព្រះជន្មតែម្ដង។ អ្នកគ្រូ ឯម ធ្ធាយ បានរស់នៅជាមួយរបាំបុរាណខ្មែររយៈពេល៨០ឆ្នាំហើយ ទាំងបានសម្តែងខ្លួនឯង និងក្រោយមកបានក្លាយជាគ្រូបង្រៀនផងនោះ។ សូម្បីតែនៅក្នុងរបបវាលពិឃាតប៉ុល ពត របាំបានជួយសង្គ្រោះជីវិតលោកយាយ ឲ្យឆ្លងផុតរបបប្រល័យពូជសាសន៍នេះដែរ។
«ឲ្យតែពេលសម្រាកពីការងារ គេសុំឲ្យខ្ញុំរាំឲ្យគេមើល។ ពេលខ្លះខ្ញុំរាំរហូតដល់ដួល»។ លោកយាយដែលអង្គុយនៅលើគ្រែនៅក្នុងផ្ទះល្វែងក្នុងសង្កាត់ព្រែកប្រាបានរៀបរាប់ប្រាប់យ៉ាងដូច្នេះ។
 
អតីតនាដកាទំនងជាមិនបានដួលដោយសារការរាំនោះឡើយ ប៉ុន្តែគឺការខ្វះអាហារ ហើយបាក់កម្លាំងដូចពលរដ្ឋខ្មែរទូទៅនៅក្នុងសម័យនោះ។ ក្រោយពីការដួលរលំនៃរបបប៉ុល ពត អ្នករបាំ ឯម ធ្ធាយ ដែលបានក្លាយជាគ្រូបង្រៀនរបាំតាំងពីសម័យ លន់ នល់ មកហើយនោះ គឺជាធនធានដែលនៅសល់ពីការស្លាប់ ហើយក៏បានចាប់ផ្តើមចូលរួមជាមួយគ្រូរបាំមួយចំនួនទៀតដើម្បីចាប់ផ្តើមថ្នាក់រៀនរបាំឡើងវិញ។ ការខិតខំសំភីបូជាជីវិតទៅលើរបាំបុរាណរបស់អ្នកគ្រូ ឯម ធ្ធាយ ក៏បានចាប់ផ្តើមឡើងវិញដែរ រហូតដល់បច្ចុប្បន្ននេះ។
 
កាលពីឆ្នាំ២០១៥ អ្នកគ្រូយាយនៃរបាំបុរាណខ្មែរត្រូវបានព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ប្រទានងារជាទេវនាថនិមិត្ត ឯម ធ្ធាយ។ គឺជាងារដែលប្រជាជាតិខ្មែរលើកតម្កើងជាបេតិកភណ្ឌមនុស្សរស់ ដូចវីរៈសិល្បករ វីរសិល្បការិនីផ្សេងៗទៀតរបស់ខ្មែរដែរ។ ងារនេះបានអនុញ្ញាតឲ្យលោកយាយទទួលបានប្រាក់ខែចំនួន៧២ម៉ឺនរៀល ដោយពុំគិតដល់ប្រាក់ខែចូលនិវត្តប្រមាណ៣០ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភ២០ម៉ឺនរៀលជារៀងរាល់ខែពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។
 
អ្នកគ្រូបានមកដល់វ័យជរាហើយ ប៉ុន្តែទឹកចិត្តលោកយាយ ឯម ធ្ធាយ មិនទាន់ជរាឡើយ។ លោកយាយនៅមានទឹកចិត្តពុះពោរចង់បង្ហាត់បង្រៀន និងចែករម្លែកពិសោធន៍ និងចំណេះដឹងដល់អ្នកមាននិស្ស័យនឹងរបាំបុរាណខ្មែរបន្តទៀត។ ប៉ុន្តែវាមិនអាចទៅរួច។ លោកយាយបានត្រឹមតែសម្តែងការសោកស្តាយ។
 
 
ក្នុងសម្លៀកបំពាក់អាវប៉ាក់ពណ៌ស និងសំពត់សូត្រពណ៌ស្វាយក្រម៉ៅដូចដែលលោកយាយធ្លាប់ស្លៀកពាក់ទៅបង្រៀនរាំរបាំ ទេវនាថនិមិត្ត ឯម ធ្ធាយ ឆ្លើយយ៉ាងស្វាហាប់ និងពោរពេញដោយកម្លាំង នៅពេលដែលយើងសួរលោកយាយថា តើលោកយាយស្តាយយ៉ាងណា នៅពេលដែលលោកយាយមិនអាចទៅបង្រៀនរបាំទៀត៖«ខ្ញុំស្តាយណាស់ ដែលគេមិនហៅខ្ញុំទៅបង្ហាត់។ មិនទាន់មានអ្នកណាយកចំណេះអស់ពីខ្លួនខ្ញុំទេ»។
 
 មានតួជាច្រើនដែលត្រូវសម្តែងនៅក្នុងរបាំបុរាណខ្មែរនេះ។ អតីតនាដកាបានអះអាងទាំងមោទនៈថា គាត់អាចសម្តែងតួបានគ្រប់ទាំងអស់ ដូចជាតួយក្ស នាយរោង និងត្លុក ជាដើម។ បូជាជីវិតចំពោះការហាត់រាំរបាំដែលប្រើអស់សារពាង្គកាយ ពត់ពែន និងហាត់តាមក្បាច់ទៅតាមតួអង្គនីមួយៗនៅក្នុងរបាំនោះហើយដែលបានធ្វើឲ្យសុខភាពលោកយាយវ័យជាង៨០ប្លាយឆ្នាំនៅរឹងប៉ឹង និងមាំទាំយ៉ាងនេះ។ ឈ្មោះថាហាត់របាំ ប៉ុន្តែវាក៏មិនខុសពីការហាត់កីឡានោះដែរ។ នេះជាអ្វីដែលទេវនាថនិមិត្តបានអធិប្បាយ។
 
ទោះយ៉ាងណាក៏ដោយ ទេវនាដនិមិត្ត នៅតែឃ្លាតចាកពីគ្រួសារតាមធម្មជាតិ ដោយបានបន្សល់ទុកនូវការចងចាំ ក្តីគោរព និងស្នាដៃមិនអាចកាត់ថ្លៃបាន គឺការផ្ទេរចំណេះរបាំបុរាណដល់កូនខ្មែរជាន់ក្រោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com