ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាជ្ញ ច័ន្ទ និង​លោក ការ លាន ជា​បេក្ខជន​ប្រធាន​គ​.​ជ​.​ប ជំនួស​លោក ស៊ិ​ក ប៊ុន​ហុក​
15, Jun 2021 , 11:21 am        
រូបភាព
លោក ប្រាជ្ញ ច័ន្ទ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា
លោក ប្រាជ្ញ ច័ន្ទ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា
​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានអនុម័ត​លើ​បេក្ខជន​២​រូប ដែល​បានដាក់​ពាក្យ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ជំនួស​លោក ស៊ិ​ក ប៊ុន​ហុក ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៥ មិថុនា​នេះ​។


​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បេក្ខជន​ទាំងពីរ​រូប ដែល​ត្រូវ​បានអនុម័ត​នេះ មាន​លោក ប្រាជ្ញ ច័ន្ទ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា និង​លោក ការ លាន ជា​មន្ត្រីជាន់ខ្ពស់ និង​ធ្លាប់ជា​អភិបាលរង​ខេត្តព្រះវិហារ​។​
 
​បើតាម​លោក ឡេង ប៉េងឡុង ក្រោយពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​លើ​បេក្ខជន​ទាំង​ពីររូប​នេះហើយ រដ្ឋសភា​នឹង​បញ្ជូនទៅ​គណបក្ស​ប្រជាជន​កម្ពុជាពិនិត្យ និង​សម្រេច មុននឹង​បញ្ជូនមក​រដ្ឋសភាវិញ ដើម្បីដាក់ចូល​កិច្ចប្រជុំពេញអង្គ​អនុម័ត​ជា​ផ្លូវការ​។​
 
«​បើ​គណបក្ស​ប្រជាជន​សម្រេច​ហើយ គឺ​ត្រូវ​ផ្ញើ​ឈ្មោះ​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យ ហើយ​នឹងដាក់​បេក្ខជន​នោះ ទៅ​កិច្ចប្រជុំ​សម័យ​ពេញអង្គ​»​។ នេះ​បើតាម​លោក ឡេង ប៉េងឡុង ដែល​បាន​បញ្ជាក់ថា គណបក្ស​ប្រជាជនមាន​ពេលវេលា​៣​ថ្ងៃ ដើម្បី​ពិនិត្យ​និង​សម្រេច​។​

កាលពីថ្ងៃទី៤ មិថុនា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តយល់ព្រមលើសំណើរលាឈប់ពីតួនាទីនិងតំណែងប្រធាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ ស៊ិក ប៊ុនហុក។លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់សារព័ត៌មានថ្មីៗ ថា ការសុំលាលែងរបស់លោក ស៊ិក ប៊ុកហុក បច្ចុប្បន្នអាយុ៧៥ឆ្នាំ ក្រោមហេតុផលសុខភាពមិនទៀងទាត់ និងចាស់ទ្រុឌទ្រោម។
 
កាលពីខែមេសា ឆ្នាំ២០១៥ លោក ស៊ិក ប៊ុនហុក បានកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្តពីលោក អ៊ឹម សួស្តី ដែលបានកាន់តំណែងនេះ តាំងពីឆ្នាំ២០០២ មក៕
អត្ថបទទាក់ទង
 

Tag:
 ​ស៊ិ​ក ប៊ុន​ហុក​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com