អន្តរជាតិ
លោក មូន ថា កូរ៉េខាងជើង អាចជាដៃគូរបស់កូរ៉េខាងត្បូងលើការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩
15, Jun 2021 , 11:59 am        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងភរិយា ត្រូវបានស្វាគមន៍ដោយប្រធានាធិបតីអូទ្រីស Alexander Van der Bellen និងភរិយា។ រូបថត AFP
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងភរិយា ត្រូវបានស្វាគមន៍ដោយប្រធានាធិបតីអូទ្រីស Alexander Van der Bellen និងភរិយា។ រូបថត AFP
ដោយ៖ ជា ពេជ្រដាឡែន
 
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី ១៤ ខែមិថុនា ប្រកាសថា ទីក្រុងសេអ៊ូល នឹងជំរុញកិច្ចសហប្រតិបត្តិការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាសាកលជាមួយកូរ៉េខាងជើង ប្រសិនបើកូរ៉េខាងជើងយល់ព្រម។

 
«ប្រសិនបើកូរ៉េខាងជើងយល់ព្រម យើងនឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយកូរ៉េខាងជើងលើការផ្គត់ផ្គង់វ៉ាក់សាំងជាសាកល»។ លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាក់បែបនេះអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងវីយែន ជាមួយលោក Alexander Van der Bellen ប្រធានាធិបតីអូទ្រីសនៅថ្ងៃទី១៤ ខែមិថុនា។
 
លោក មូន បញ្ជាក់ថា ខណៈកូរ៉េខាងត្បូងកំពុងព្យាយាមធ្វើជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់សាកលលោក កូរ៉េខាងជើងអាចជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ។ មេដឹកនាំកូរ៉េខាងត្បូងរូបនេះអះអាងទៀតថា ការចែកចាយវ៉ាក់សាំងដោយសមធម៌ជារឿងសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។
 
ក្នុងសន្និសីទសារព័ត៌មានដដែលនេះ លោក មូន ក៏បានលើកឡើងពីបំណងរបស់អាមេរិកដែលគាំទ្រកិច្ចសហប្រតិបត្តិការផ្នែកជំនួយមនុស្សធម៌ជាមួយកូរ៉េខាងជើងផងដែរ។ ប្រមុខរដ្ឋកូរ៉េខាងត្បូងរូបនេះ រំពឹងមានការឆ្លើយតបជាវិជ្ជមានពីកូរ៉េខាងជើងលើការចរចាអន្តរកូរ៉េ ដែលជំនួបនេះ បើកផ្លូវដល់ជំនួបអាមេរិក និងកូរ៉េខាងជើងទៀតផង។ 
 
កាលពីឆ្នាំ២០២០ កូរ៉េខាងជើងមិនបានឆ្លើយតបការស្នើពីកូរ៉េខាងត្បូង ឱ្យកូរ៉េខាងជើងចូល រូមគំនិត ផ្ដួចផ្ដើមសម្រាប់ការការពារជំងឺរាលដាល និងសុខភាពសាធារណៈ ជាមួយនិងអាមេរិក ចិន និងរុស្ស៊ី នោះទេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
 
ចំណែប្រធានាធិបតីអូទ្រីស លោក Alexander ក៏បានគាំទ្រចំពោះការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ទៅដល់កូរ៉េខាងជើងដែរ ពីព្រោះកូរ៉េខាងជើងក៏ដូចជាប្រទេសដ៏ទៃៗសុទ្ធតែមានតម្រូវការវ៉ាក់សាំង។ មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយតេ ខណៈការដឹកជញ្ជូនតាមយន្តការ COVAX ត្រូវពន្យារពេលជាបន្តបន្ទាប់។ កូរ៉េខាងជើង ក៏មិនទាន់រាយការណ៍ពីករណីឆ្លងជំងឺនេះក្នុងស្រុក៕
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com