ជាតិ
សង្គមជាតិ
រដ្ឋាភិបាល អនុវត្តយុទ្ធសាស្ត្រ ជំរុញឲ្យយុវជនមានជំនាញមួយយ៉ាងតិចប្រចាំជីវិត
15, Jun 2021 , 2:31 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា_
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា_
ដោយ:
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកថាការអភិវឌ្ឍប្រព័ន្ធអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់ក្នុងក្របខណ្ឌគោលនយោបាយជាតិ ដើម្បីឲ្យពលរដ្ឋឆ្លើយតបទីផ្សារការងារ និងមានជីវភាពកាន់តែល្អប្រសើរក្នុងសម័យបច្ចេកវិទ្យា។ សម្តេចបានលើកឡើងបែបនេះក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

 
«TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់»។ នេះជាប្រធានបទសម្រាប់ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ នៅឆ្នាំនេះ។ ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺដើម្បីលើកកម្ពស់សមត្ថភាព និងជំនាញឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព ក្នុងការចាប់យកឱកាសការងារកាន់តែល្អ ដើម្បីលើកស្ទួយកម្រិតជីវភាពឲ្យកាន់តែល្អប្រសើរ។
 
ដើម្បីសម្រេចនូវផែនការអប់រំ និងការងារ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥។ ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ សម្រាប់អភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីធានាបាននូវ«យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ ការពង្រីកការវិនិយោគលើការកសាង អគារសិក្សា រោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ និងនាវានុវត្តន៍ រួមទាំងប្រព័ន្ធធានាគុណភាព និងអភិបាលកិច្ច។ 
 
មេដឹកនាំកម្ពុជា បានកត់សម្គាល់ ទោះបីគ្រឹះស្ថានសិក្សាទូទាំងប្រទេសបានផ្អាកដំណើរការ ដោយសារវិបត្តិកូវីដ-១៩។ ប៉ុន្តែគ្រឹះស្ថានសិក្សានីមួយៗបានខិតខំបំពាក់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍ និងកែលម្អកម្មវិធីសិក្សា និងបំប៉នសមត្ថភាពគ្រូនូវវិធីសាស្ត្របង្រៀនពីចម្ងាយ ដើម្បីបន្តការបង្រៀន និងបណ្តុះបណ្តាលដល់សិស្ស និងសិក្ខាកាម ក្នុងបរិបទកូវីដ-១៩។ 
 
ដើម្បីជំរុញឲ្យសិស្ស មានលទ្ធភាពទទួលបានការអប់រំ និងការបណ្តុះបណ្តាល សម្តេច ហ៊ុន សែន បានផ្តល់អាហារូបករណ៍ជាច្រើនសម្រាប់យុវជន ដែលបោះបង់ការសិក្សា សិស្សក្រីក្រ ស្ត្រី ជនពិការ កុមារកំព្រា ជនជាតិដើមភាគតិច និងជនរងគ្រោះ។ 
 
ទន្ទឹមនឹងនេះ សម្តេច ហ៊ុន សែន ក៏បានផ្តល់ឱកាសឲ្យកម្មករនិយោជិតដែលកំពុងព្យួរការងារដោយសារវិបត្តិកូវីដ-១៩ ឲ្យទទួលបាននូវជំនាញមួយច្បាស់លាស់ តាមរយៈវគ្គបណ្តុះបណ្តាលពិសេសមួយដែលមានភាពបត់បែន និងផ្តោតលើគុណភាពក្រោយបញ្ចប់ការសិក្សាលើកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ។ 
 
នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវដល់គ្រឹះស្ថាន និងអ្នកពាក់ព័ន្ធទាំងអស់ បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ។ បន្តលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ចំណែកឯ គ្រប់ ស្ថានីយ៍វិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន ក៏ត្រូវតែបន្តផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាល និងវិជ្ជាជីវៈ។ 
 
ក្នុងរយៈពេល៥ឆ្នំាកន្លងទៅ មានសិស្ស សិក្ខាកាម និស្សិត និងកម្មករនិយោជិតចំនួន២០ម៉ឺននាក់ ដែលទទួលបានការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងមុខជំនាញថ្មី ហើយបានយកជំនាញទាំងនោះទៅបង្កើតជាមុខរបរ និងបានបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ៕ 
 

Tag:
 ជំនាញ
 បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com