អន្តរជាតិ
រដ្ឋអាជ្ញា ICC ចង់បើកស៊ើបអង្កេតពេញលេញលើសង្រ្គាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីន
15, Jun 2021 , 3:04 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកស្រីFatou Bensouda នៅថ្ងៃទី១៤ ខែមិថុនា បានស្វះស្វែងរកការស៊ើបអង្កេតពេញលេញមួយ ទាក់ទិននឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងពេលរដ្ឋាភិបាលហ្វីលីពីនបើកយុទ្ធនាការ «សង្រ្គាមប្រឆាំងនឹងគ្រឿងញៀន» ពីឆ្នាំ២០១៦ ដល់២០១៩។

 
ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ដែលចាប់ផ្តើមឡើងនៅក្នុងខែកក្កដា ឆ្នាំ២០១៦ រដ្ឋាភិបាលហ្វីលីពីន បានបញ្ចេញតួលេខ អ្នកដែលត្រូវបានសម្លាប់ មានច្រើនជាង ៦ពាន់នាក់ នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន។ ប៉ុន្តែក្រុមសិទ្ធិមនុស្ស បានច្រានចោលទិន្នន័យនោះ ដោយអះអាងថា តួលេខអ្នកស្លាប់ពិតប្រាកដ គឺខ្ពស់ជាងនេះ ៤ ទៅ ៥ដង។ 
 
ទាក់ទិននឹងបញ្ហានេះ លោកស្រី Fatou Bensouda អគ្គរដ្ឋអាជ្ញាតុលាការ ICC បានស្នើទៅចៅក្រម ដើម្បីសុំការអនុញ្ញាតឱ្យបើកការស៊ើបអង្កេតពេញលេញមួយ ទៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនហ្វីលីពីននៅចន្លោះឆ្នាំ ២០១៦ និង២០១៩។ 
 
«ខ្ញុំបានកំណត់ថា វាមានមូលដ្ឋានដ៏សមហេតុផលមួយ ដែលឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ត្រូវបានប្រព្រឹត្ត...ក្នុងបរិបទនៃយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលហ្វីលីពីន»។ លោកស្រី Bensouda បានសង្កត់ធ្ងន់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៤ ខែមិថុនា។ 
 
បើតាមលោកស្រីអគ្គរដ្ឋអាជ្ញា វាមានព័ត៌មាន ដែលបានបង្ហាញថា សមាជិកប៉ូលិសជាតិហ្វីលីពីន និងសមាជិកផ្សេងទៀត បានសម្លាប់ប្រជាជនស៊ីវិលជាច្រើនពាន់នាក់ដោយខុសច្បាប់ ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀននោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
ដោយសារត្រូវផុតអាណត្តិនៅក្នុងថ្ងៃទី១៥ ខែមិថុនា អគ្គរដ្ឋអាជ្ញាជនជាតិហ្គំប៊ីរូបនេះ បានអះអាងថា រាល់ការអនុញ្ញាតឱ្យបើកការស៊ើបអង្កេតពេញលេញនៅហ្វីលីពីន វានឹងជាបន្ទុករបស់លោក Karim Khan ដែលជាអ្នកបន្តវេនរបស់លោកស្រី។ លោក Karim Khan នឹងត្រូវស្បថចូលកាន់តំណែងជាអគ្គរដ្ឋអាជ្ញាថ្មីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃទី១៦ ខែមិថុនា។ 
 
យ៉ាងណាមិញ រដ្ឋាភិបាលហ្វីលីពីន នៅបន្តបដិសេធ មិនសហការជាមួយតុលាការICC ដោយចាត់ទុកជារឿងមិនត្រឹមត្រូវ។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែមិថុនា លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានលើកឡើងថា រាល់ការសម្រេចឱ្យមានការស៊ើបអង្កេតនឹងប្រតិបត្តិការប្រឆាំងគ្រឿងញៀន គឹជារឿងមិនត្រឹមត្រូវ និងមានពាក់ព័ន្ធនយោបាយ។ 
 
ទន្ទឹមនេះ អ្នកនាំពាក្យ បានបន្តថា ប្រធានាធិបតីហ្វីលីពីន នឹងមិនសហការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ រហូតដល់ទាល់តែចប់ការកាន់តំណែង។ 
 
គួររំលឹកថា ហ្វីលីពីន បានដើរចេញពីសមាជិកតុលការ ICC នៅក្នុងឆ្នាំ២០១៩ បន្ទាប់ពីតុលាការអន្តរជាតិមួយនេះ បានបើកការស៊ើបអង្កេតបឋមមួយនៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ហ្វីលីពីន។ កន្លងមក ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានច្រានចោលម្តងហើយម្តងទៀតថា ICC គ្មានអំណាច ក្នុងការស៊ើបអង្កេតលើរូបលោកឡើយ ហើយហ្វីលីពីន ក៏មិនសហការជាមួយការស៊ើបអង្កេតដោយខុសច្បាប់នេះដែរ៕ 
 

Tag:
 ហ្វីលីពីន
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com