អន្តរជាតិ
អង់គ្លេស ពន្យារពេលបន្ធូរការបិទខ្ទប់៤សប្តាហ៍ ខណៈវីរុសបំប្លែងខ្លួនដែលតារាលដាលខ្លាំង
15, Jun 2021 , 7:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបថត AFP
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបថត AFP
ដោយ ចាន់ ស៊ីណា 
 
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន បញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនា ថា អង់គ្លេសនឹងបន្តផែនការបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ចំនួន៤សប្តាហ៍បន្ថែមទៀត។ ការពន្យារពេលបន្ធូរបន្ថយការបិទខ្ទប់នេះ ធ្វើឡើងក្រោយវីរុសបំប្លែងខ្លួនថ្មីដែលតាកំពុងរាលដាលខ្លាំង។

 
តាមគម្រោង រដ្ឋាភិបាលអង់គ្លេស ត្រូវបន្ធូរបន្ថយវិធានការបិទខ្ទប់ចាប់ពីថ្ងៃទី២១ ខែមិថុនាខាងមុខ ក្រោយស្ថានភាពទូទាំងចក្រភពអង់គ្លេសបានធូរស្រាលជាបន្តបន្ទាប់។ ប៉ុន្តែមួយរយៈចុងក្រោយ ករណីឆ្លងជំងឺកូវីដ-១៩ បានហក់ឡើងវិញ ពិសេសវីរុសទម្រង់ថ្មីដែលតា ដែលរកឃើញដំបូងនៅឥណ្ឌា។
 
នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៤ ខែមិថុនា លោក បូរីស ចនសុន បានបញ្ជាក់ថា អង់គ្លេសនឹងពន្យារពេលបិទខ្ទប់ប្រទេស ដោយមិនអនុញ្ញាតឱ្យមានការជួបជុំដល់ថ្ងៃទី១៩ ខែកក្កដា។ អាជីវកម្មនានា ក៏បន្តបិទមួយរយៈទៀតផងដែរ ដើម្បីទប់ស្កាត់ការរាលដាល។ ស្របគ្នានេះ រដ្ឋាភិបាលអង់គ្លេសក៏កំពុងពន្លឿនការចាក់វ៉ាក់សាំងឱ្យប្រជាជនដែលកំពុងស្ថិតក្នុងការបិទខ្ទប់ប្រទេសផងដែរ សំដៅបង្កើនភាពស៊ាំសហគមន៍។ 
 
មេដឹកនាំអង់គ្លេសរូបនេះបានអះអាងបន្ថែមថា ប្រជាជនចំនួន២ភាគ៣ នឹងត្រូវបានទទួលវ៉ាក់សាំងពេញលេញនៅថ្ងៃទី១៩ ខែកក្កដាខាងមុខ។ ត្រង់នេះ  លោក ចនសុន បានបង្ហាញពីទំនុកចិត្តថា នឹងមិនចាំបាច់ពន្យារពេលផែនការរឹតត្បិតការជួបជុំរបស់ប្រជាជនតទៅទៀតទេ ពេលវិធានការបច្ចុប្បន្នត្រូវបានបញ្ចប់។ 
 
«ឥឡូវនេះ ជាពេលដ៏ល្អក្នុងការបង្កើនល្បឿនដោយប្រុងប្រយ័ត្ន ដោយយើងមានឱកាសក្នុងរយៈពេល ៤ សប្តាហ៍ដើម្បីជួយសង្រ្គោះជីវិតមនុស្សរាប់ពាន់នាក់តាមរយៈការចាក់វ៉ាក់សាំងជាច្រើនលានដូសបន្ថែមទៀត»។ លោក ចនសុន បានលើកឡើងបែបនេះ មុនបន្តថា ដោយបន្ថែមទៀតថា ប្រជាជនអង់គ្លេសទាំងអស់ដែលមានអាយុលើសពី ១៨ ឆ្នាំនឹងត្រូវបានទទួលបានវ៉ាក់សាំងដំបូងចាប់ដើមខែកក្កដារហូតដល់ថ្ងៃទី១៩ ខែកក្កដា។
 
យ៉ាងណាមិញ ការបន្តការបិទខ្ទប់ ធ្វើឱ្យអាជីវកម្មខ្នាតតូចធំជាច្រើន និងកន្លែងកម្សាន្តផ្សេងទៀត បានសម្តែងការមិនពេញចិត្តជាខ្លាំង។ នេះក៏ព្រោះតែអាជីវកម្មរបស់ពួកគេ បន្តរងផលប៉ះពាល់ដោយសារខ្សត់ភ្ញៀវដែលបណ្ដាលមកពីវិធានការបិទខ្ទប់តែម្ដង។
គិតត្រឹមថ្ងៃទី១៤ មិថុនាដដែលនេះ ប្រជាជនអង់គ្លេសប្រមាណ ៦២ ភាគរយបានទទួលការវ៉ាក់សាំងដូសលើកទីមួយ ខណៈដែលប្រមាណ ៤៥ ភាគរយបានទទួលវ៉ាក់សាំងពេញលេញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com