អន្តរជាតិ
តបទៅណាតូ! ចិនថា ខ្លួនមិនបានបង្កបញ្ហាប្រឈមជាប្រព័ន្ធដាក់ប្រទេសណាឡើយ
15, Jun 2021 , 8:29 pm        
រូបភាព
កិច្ចប្រជុំបក្សសម្ពន្ធយោធាណាតូ។ រូបភាព៖ Reuters
កិច្ចប្រជុំបក្សសម្ពន្ធយោធាណាតូ។ រូបភាព៖ Reuters
នៅថ្ងៃទី១៥ ខែមិថុនា ចិន បានចេញសេចក្ដីថ្លែងការណ៍មួយតបនឹងសម្ព័ន្ធយោធាណាតូ ដែលរិះគន់ការងើបឡើងរបស់ខ្លួន។ ស្ថានបេសកកម្មចិនប្រចាំនៅសហភាពអឺរ៉ុប អះអាងថា ចិន មិនបានបង្កបញ្ហាប្រឈមដាក់ប្រទេសណាមួយឡើយ ហើយគោលនយោបាយការពារជាតិរបស់ខ្លួន ក៏មានលក្ខណៈការពារខ្លួនសុទ្ធសាធ មិនបានបង្កការគំរាមដាក់នរណាឡើយ។



 
ក្នុងសេចក្តីថ្លែងការណ៍រួមនៅក្រោយកិច្ចប្រជុំបញ្ចប់នៅថ្ងៃទី១៣ ខែមិថុនា បក្សសម្ព័ន្ធយោធាណាតូ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបានអះអាងយ៉ាងច្បាស់ៗថា ចិនបានបង្កបញ្ហាប្រឈមជាប្រព័ន្ធលើសណ្តាប់ធ្នាប់អន្តរជាតិ និងវិស័យមួយចំនួន ដែលទាក់ទិននឹងផលប្រយោជន៍ណាតូ។ មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍ដដែលនេះ ក៏បាននិយាយដល់ការពង្រីកឃ្លាំងស្តុកគ្រាប់នុយក្លេអ៊ែរ និងក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។ 
 
មិនទុកយូរឡើយ ចិនបានច្រានចោលការចោទប្រកាន់របស់អង្គការណាតូ ដែលចោទខ្លួនថាបង្កការគំរាមកំហែងសម្រាប់បក្សសម្ព័ន្ធយោធាមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៥ ខែមិថុនា អ្នកនាំពាក្យស្ថានបេសកកម្មចិនប្រចាំនៅសហភាពអឺរ៉ុប បានជំរុញឱ្យអង្គការណាតូ ចាត់ទុកការអភិវឌ្ឍចិនឱ្យសមហេតុផល និងបញ្ឈប់ការលើកឡើងទ្រឹស្តីការគំរាមរបស់ចិន។ 
 
«យើងនឹងមិនបង្កបញ្ហាប្រឈមជាប្រព័ន្ធសម្រាប់ប្រទេសណាឡើយ ប៉ុន្តែបើប្រទេសទាំងនោះ ចង់បង្កការគំរាមសម្រាប់ចិន យើងនឹងមិនអង្គុយនៅស្ងៀមឡើយ»។ អ្នកនាំពាក្យស្ថានបេសកកម្មចិនបានព្រមានច្បាស់ៗបែបនេះទៅបក្សសម្ពន្ធយោធាណាតូ ដោយបន្ថែមថា ចិននឹងពិនិត្យឱ្យបានម៉ត់ចត់លើការកែប្រែយុទ្ធសាស្រ្ត និងគោលនយោបាយរបស់ណាតូមកលើខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ទន្ទឺមនេះ ស្ថានបេសកកម្មចិន ក៏បានការពារខ្លួនលើការពង្រឹងកម្លាំងយោធាដែរ។ បើតាមអ្នកនាំពាក្យ រដ្ឋាភិបាលក្រុងប៉េកាំង គោរពតាមគោលនយោបាយការពារជាតិរបស់ខ្លួន ដែលមានចរិតការពារខ្លួន ជាជាងវាយប្រហារមុនទៅលើប្រទេសដទៃ ហើយការធ្វើទំនើបកម្មយោធាខ្លួន គឺជារឿងត្រឹមត្រូវ សមហេតុផល និងតម្លាភាព។ 
 
ចិនបានបកស្រាយទៀតថា ក្នុងមួយឆ្នាំការចំណាយលើវិស័យការពារជាតិចិន មានត្រឹមតែ២០៩ពាន់លានដុល្លារប៉ុណ្ណោះ ឬស្មើនឹង ១,៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ ចំនួននេះ គឺទាបជាង ស្តង់ដាររបស់បក្សសម្ពន្ធណាតូ ជាច្រើនដងឯណោះ។ ក្នុងឆ្នាំ២០២១ ការចំណាយថវិកាលើវិស័យយោធារបស់សមាជិកណាតូទាំង៣០ មានចំនួនសរុបរហូតដល់ទៅ ១,១៧ ទ្រីលានដុល្លារឯណោះ។ ចំណែកក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន ក៏មានតិចជាងអង្គការណាតូរហូតដល់ទៅជិត ២០ដងដែរ។ 
 
ទាក់ទិននឹងបញ្ហានេះ ចិន បានអំពាវនាវឱ្យអង្គការណាតូ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាទៅវិញទៅមក និងរួមគ្នាការពារសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ និងអន្តរជាតិ៕ 
 

Tag:
 ចិន
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com