អន្តរជាតិ
បុរសឥណ្ឌាដែលមានភរិយា៣៨នាក់ និងកូន៨៩នាក់ បានទទួលមរណភាពក្នុងអាយុ៧៦ឆ្នាំ
15, Jun 2021 , 9:29 pm        
រូបភាព
ដោយ: ធីតា
លោក Ziona Chana ដែលត្រូវបានគេជឿថា ជាមេគ្រួសារដ៏ធំជាងគេលើពិភពលោក ដោយមានភរិយា៣៨នាក់ កូន៨៩នាក់ និងចៅ៣៦នាក់ បានទទួលមរណភាពក្នុងអាយុ៧៦ឆ្នាំ។

 
លោកជាមេដឹកនាំនិកាយសាសនាដែលអនុញ្ញាតឲ្យបុរសមានភរិយាច្រើន (ពហុពន្ធភាព) រស់នៅរដ្ឋ Mizoram ប្រទេសឥណ្ឌា។ Chana pawl ជាឈ្មោះនិកាយដែលបង្កើតឡើងក្នុងឆ្នាំ១៩៤២ ដោយជីតារបស់លោក Ziona ផ្ទាល់។ 
 
«លោក Chana បានទទួលមរណភាពដោយសារជំងឺទឹកនោមផ្អែម និងលើសឈាមកាលពីរសៀលថ្ងៃអាទិត្យកន្លងមក»។ លោក Zoramthanga រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋ Mizoram បានបញ្ជាក់ពីដំណឹងមរណភាពនេះ នៅលើបណ្តាញសង្គម Twitter របស់ខ្លួន។
 
 លោករដ្ឋមន្ត្រីក៏បានរំលឹកផងដេរថា រដ្ឋ Mizorom ជាពិសេស ភូមិ Baktawng Tlangnuam ទាំងមូល ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ដោយសារក្រុមគ្រួសារដ៏ធំនេះ។


 
អតីតរដ្ឋមន្ត្រីប្រចាំរដ្ឋ Mizoram បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មាន Anadolu ថា មរណភាពរបស់លោក Chana គឺជាការបាត់បង់ដ៏ធំធេង ដោយកន្លងមក គ្រួសារដ៏ធំមួយនេះ បានបង្ហាញពីវិន័យរស់ដ៏គួរឲ្យរៀនសូត្រតាម។
 
លោក Chana បានរៀបការភរិយាដំបូងនៅឆ្នាំ១៩៥៩ ក្នុងអាយុ១៧ឆ្នាំ ហើយក្រោយមករៀបការជាមួយនារី១០នាក់ទៀតក្នុងឆ្នាំតែមយយ។ អាពាហ៍ពិពាហ៍ចុងក្រោយរបស់លោកគឺក្នុងឆ្នាំ២០០៤ ជាមួយនារីវ័យ២៥ឆ្នាំម្នាក់។
 
គ្រួសារនេះ រស់នៅក្នុងអាគារពណ៌ផ្កាឈូក៤ជាន់ដ៏ធំមួយ ហើយមានប្រមាណ១០០បន្ទប់ ដោយអ្នកភូមិបានអះអាងជារៀងរាល់ថ្ងៃលោក Chana មានភរិយាពី៧ទៅ៨នាក់នៅជិតខ្លួន។ 
 
តាមបទសម្ភាសជាមួយបណ្តាញសារព័ត៌មានធំៗ ក៏ដូចជាក្នុងឯកសារផ្សេងៗ បណ្តាភរិយារបស់លោក Chana សុទ្ធតែបានអះអាងថា រីករាយក្នុងចំណងអាពាហ៍ពិពាហ៍។ លោក Chana ក៏ធ្លាប់និយាយផងដែរថា៖ «ខ្ញុំមានមនុស្សជាច្រើននៅជុំវិញដែលចាំថែរក្សា និងយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ខ្ញុំចាត់ទុកខ្លួនឯងថា ជាបុរសសំណាងម្នាក់»៕




 

© រក្សាសិទ្ធិដោយ thmeythmey.com