ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនជប៉ុនមើលឃើញសក្តានុពលតាសក់ផ្អែម, បឺរ, សណ្តែកសៀង និងកញ្ឆា សម្រាប់ទីផ្សារជប៉ុន
15, Jun 2021 , 9:59 pm        
រូបភាព
លោក វេង សាខុន នាឱកាសជួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុន Yamato Green
លោក វេង សាខុន នាឱកាសជួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុន Yamato Green
ដោយ:
ក្រុមហ៊ុន Yamato Green របស់ប្រទេសជប៉ុន គ្រោងចុះអនុស្សរណៈយោគយល់ (MOU) ជាមួយសម្ព័ន្ធកសិកម្មកម្ពុជា ដើម្បីនាំចេញដំណាំកសិកម្ម ៤មុខទៅកាន់ទីផ្សារប្រទេសជប៉ុន។ ដំណាំ៤មុខនោះរួមមាន តាសក់ផ្អែមជប៉ុន,ផ្លែបឺរ,សណ្ដែកសៀង និងកញ្ឆា។

 
បើតាមហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម នាជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនYamato Green នៅថ្ងៃទី១៤ ខែមិថុនា ក្នុងពេលខាងមុខដ៏ខ្លី ក្រុមហ៊ុនជប៉ុន Yamato Green នឹងចុះ MOU ជាមួយសម្ព័ន្ធកសិកម្មកម្ពុជាឆាប់ៗ និងគ្រោងបើកស្នាក់ការកណ្តាលជាផ្លូវការ។ នាយកក្រុមហ៊ុន Yamato Green យល់ថា កម្ពុជាមានស្ថានភាពភូមិសាស្រ្ត អាកាសធាតុ អំណោយផល សម្រាប់តាសក់ផ្អែម,ផ្លែបឺរ,សណ្ដែកសៀង និងកញ្ឆា ដែលស្របនឹងតម្រូវការទីផ្សារជប៉ុន។
 
ផ្លែតាសក់ផ្អែម និងបឺរជាផ្លែឈើពេញនិយមសម្រាប់ប្រជាជនជប៉ុន។ ក្រុមហ៊ុននេះនឹងផ្ដល់ពូជ បច្ចេកទេសដាំដុះ និងការបង្កាត់ពូជ ធ្វើយ៉ាងណាឲ្យគុណភាពដំណាំ ដូចផលិតនៅប្រទេសជប៉ុន។ គម្រោងនេះកំពុងសាកល្បង លើការដាំតាសក់ផ្អែម នៅខេត្តបាត់ដំបង និងដាំប័រនៅខេត្តរតនគិរី។
 
លោកនាយកក្រុមហ៊ុន Yamato Green បានលើកឡើងថា ក្រោយប្រមូលផលស្រូវកសិករនៅប្រទេសជប៉ុនចូលចិត្តដាំសណ្ដែកសៀង ដោយមិនទុកដីទំនេរចោលនោះទេ។ លោកបន្តថា ក្រុមហ៊ុនចង់វិនិយោគ ដើម្បីផលិត និងកែច្នែ ដោយប្រើបច្ចេកទេសដាំ ប្រមូលផល និងកែច្នៃជាប្រភេទអាហាររបស់សត្វ និងមនុស្ស ហើយនាំចេញទៅកាន់ទីផ្សារជប៉ុន។ បន្ថែមលើនោះ ក្រុមហ៊ុនជប៉ុន ក៏មានបំណងនាំពូជកញ្ឆាពីអាមេរិក ដាំក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅអាមេរិក និងជប៉ុនទៀតផង។
 
ក្រៅពីការវិនិយោគដំណាំបន្លែ ទៅថ្ងៃអនាគតក្រុមហ៊ុនជប៉ុន ក៏មានបំណងផលិតជីកសិកម្មធម្មជាតិ ឬជីសរីរាង្គ នៅកម្ពុជា ដើម្បីធានាគុណភាពកសិផល ពិសេសបន្លែ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព និងកាត់បន្ថយការនាំចូលជីគីមី។
 
ជាការឆ្លើយតបលោករដ្ឋមន្ត្រីកសិកម្ម សាទរនិងគាំទ្រនូវការលើកឡើងរបស់នាយកក្រុមហ៊ុន Yamato Green ដែលមានបំណងចូលរួមអភិវឌ្ឍវិស័យសាកវប្បកម្មកម្ពុជាឲ្យរីកចម្រើន។ លោក វេង សាខុន លើកឡើងថា ទោះបីកម្ពុជាកំពុងប្រឈមបញ្ហាលំបាកយ៉ាងណាក៏ដោយ ក្រសួងនៅតែរក្សាតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាសន្តិសុខស្បៀង បង្កើនផលិតកម្មកសិកម្ម ក្នុងបរិបទនៃការដាលជំងឺឆ្លងកូវីដ-១៩៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com