កីឡាអន្តរជាតិ
អន្តរជាតិ
Premier League បាត់ចំណូល១,៤ពាន់លានដុល្លារជាប្រវត្តិសាស្ត្រ ដោយសារកូវីដ-១៩
16, Jun 2021 , 8:59 am        
រូបភាព
ក្លិបនៅ Premier League ប្រកាសពីការបាត់ចំណូលរហូតដល់ ១,៤ ពាន់លានដុល្លារអាមេរិកនៅរដូវកាល ២០១៩-២០២០ ដោយសារវិបត្តិកីវីដ១-៩។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Deloitte នៅថ្ងៃទី១៤ ខែមិថុនា។


ការធ្លាក់ចំណូលក្នុងចំនួនដ៏ច្រើនសន្ធឹកមិនធ្លាប់មានក្នុងរដូវកាល ២០១៩-២០ កើតឡើងដោយសារលីគកំពូលអង់គ្លេសផ្អាកការប្រកួតបន្ទាប់ពីកូវីដ-១៩ រាលដាលខ្លាំងអំឡុងខែមីនា ឆ្នាំ២០២០។ បើទោះជាដំណើរការប្រកួតឡើងវិញក្តី ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានឡើយ។
 
របាយការណ៍របស់ក្រុមហ៊ុន Deloitte ដែលមានមូលដ្ឋាននៅអង់គ្លេស (ក្រុមហ៊ុនព្រឹក្សាពន្ធ និងហិរញ្ញវត្ថុ) ផ្សាយថា ប្រាក់ចំណូលសរុបបានធ្លាក់ចុះប្រហែល ១៣ភាគរយ ទោះបីក្លិបទាំង២០នៅ Premier League នៅតែទទួលបានប្រាក់សរុបប្រមាណ ៦,៣៥ ពាន់លានដុល្លារអាមេរិក។ នេះមានន័យថា ពួកគេបានខាតបង់ចំណូលមុនការបង់ពន្ធ ១,៤ ពាន់លានដុល្លារអាមេរិក។
 
នេះជាការបាត់ចំណូលច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ដែលលើសជិត៥ដង នៃតួលេខសម្រាប់ការខាតបង់នៅរដូវកាលមុនៗ ដែលមានចំនួនច្រើនបំផុតត្រឹម ២៨២លានុដល្លារអាមេរិក។
 
យ៉ាងណាក៏ដោយ ការថយចុះប្រាក់ចំណូលនៅរដូវកាល ២០១៩-២០២០ មិនមានការភ្ញាក់ផ្អើលពីសំណាក់ម្ចាស់ក្លិប និងអ្នកគាំទ្រនោះទេ ដ្បិតពួកគេដឹងច្បាស់ថាគ្រប់យ៉ាងកើតឡើងពីកូវីដ-១៩ ដែលរំខានដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក។ Deloitte អះអាងទៀតថា ក្លិបទាំងនោះ នឹងរងឥទ្ធិពលនៃជំងឺរាតត្បាយនេះបន្តទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ពួកគេធ្ងន់ធ្ងរជុំវិញវិបត្តិហិរញ្ញវត្ថុនៅរដូវកាល ២០២០-២១ ថែមទៀត។ 
 
ប្រាក់ចំណូល នឹងអាចត្រឡប់មករកសភាពដើមវិញ ដោយអាស្រ័យលើពេលវេលានៃការវិលត្រឡប់របស់អ្នកគាំទ្រ និងសមត្ថភាពរបស់ក្លិបក្នុងការថែរក្សា និងអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម រួមទាំងកម្មវិធីផ្សាយរបស់ពួកគេ ជាពិសេសនៅពេលដែលឧស្សាហកម្មជាច្រើនផ្សេងទៀតបានងើបឡើងវិញផងដែរ៕
 

Tag:
 Premier League
  Deloitte
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com