ជាតិ
លោក វេង សាខុន ស្នើក្រុមហ៊ុនជប៉ុនសិក្សាលទ្ធភាពនាំចេញមៀនប៉ៃលិន
16, Jun 2021 , 9:29 am        
រូបភាព
ដោយ:
លោក វេង សាខុន ស្នើក្រុមហ៊ុន Yamato Green របស់ជប៉ុន ឱ្យសិក្សាពីសក្តានុពល«មៀនប៉ៃលិន» សម្រាប់ការនាំចេញទៅជប៉ុនបន្ថែមទៀត ខណៈកន្លងមកមានក្រុមហ៊ុនជប៉ុនមួយបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចពីកម្ពុជា ទៅកាន់ទីផ្សារជប៉ុនរួចទៅហើយនោះ។ ក្រៅពីមៀនប៉ៃលិន  លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏សង្ឃឹមថា ក្រុមហ៊ុនជប៉ុននេះ នឹងវិនិយោគបន្ថែមទៀតលើផលិកម្មបន្លែនៅកម្ពុជាផងដែរ។

 
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យក្រុមហ៊ុនជប៉ុន Yamato Green សិក្សាពីគុណសម្បត្តិផ្លែ«មៀនប៉ៃលិន» ឬ«តាង៉ែត»កម្ពុជា ដើម្បីនាំចេញទៅប្រទេសជប៉ុន នាពេលអនាគត។ សំណើនេះធ្វើនាជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្រ្តីក្រសួងកសិកម្ម និងនាយកក្រុមហ៊ុន Yamato Green កាលពីថ្ងៃទី១៤ ខែមិថុនា។
 
ក្នុងជំនួបនោះ លោក វេង សាខុន  លើកឡើងថា កម្ពុជាចង់ឃើញក្រុមហ៊ុនផ្សេងទៀត ពិសេសក្រុមហ៊ុន Yamato Greenនេះ នាំចេញបន្លែ ផ្លែឈើពីកម្ពុជា ទៅជប៉ុន ខណៈដែលកន្លង កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចទៅទីផ្សារជប៉ុនដោយជោគជ័យហើយនោះ។  លោករដ្ឋមន្ត្រីបានលើកឡើងដូច្នេះ៖ «អនាគតដ៏ខ្លីខាងមុខ ក្រសួងក៏ចង់ឃើញក្រុមហ៊ុនជប៉ុនផ្សេងទៀត ពិសេសក្រុមហ៊ុន Yamato Green សហការជាមួយអ្នកផលិត នាំចេញបន្លែ និងផ្លែឈើកម្ពុជា ចេញទៅកាន់ទីផ្សារជប៉ុនផងដែរ។ មួយក្នុងចំណោមផ្លែឈើដែលមាន សក្តានុពលនាំចេញ គឺផ្លែមានប៉ៃលិន»។
 
ក្រៅពីមៀនប៉ៃលិន លោករដ្ឋមន្ត្រី ក៏សង្ឃឹមដែរថា ក្រុមហ៊ុន Yamato Green នឹងពិនិត្យលទ្ធភាពវិនិយោគបន្ថែម លើផលិតកម្មបន្លែនៅកម្ពុជាសម្រាប់នាំចេញទៅប្រទេសជប៉ុន ដោយសហការជាមួយបណ្តុំកសិករកម្ពុជា ក្នុងគម្រោង ASPIRE ដែលកំពុងតែបង្កើនការផលិតទ្វេដងនោះ។ សម្រាប់ វេង សាខុន បន្ថែមការវិនិយោគបន្ថែមពីវិស័យឯកជន នឹងធានាបាននូវការផលិតដែលមានស្តង់ដារ  បរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាព។
 
ពាក់ព័ន្ធនឹងសក្តានុពលមៀនប៉ៃលិនវិញ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ប៉ៃលិនគឺជាទីតាំងភូមិសាស្រ្តអំណោយផលជាងគេសម្រាប់ដំណាំនេះ ហើយរសជាតិរបស់វា ក៏មានរសជាតិផ្អែម ក្លិនក្រអូបឈ្ងុយ ថែមទាំងមានសាច់ស្ងួតផងដែរ។ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក៏សមប្រកបក្នុងការដាំមៀនប៉ៃលិនដែរ។


 
ប្រធានមន្ទីរកសិកម្មរូបនេះបន្តថា ដំណាំមៀនប៉ៃលិននេះ ជាដំណាំសក្ដានុពលទី៣ របស់ខេត្តប៉ៃលិន បន្ទាប់ពីដំឡូងមី និងស្វាយកែវរមៀត។ ថ្វីបើខេត្តប៉ៃលិន ជាតំបន់សក្ដានុពលតែការដាំដុះមៀនប៉ៃលិន ក្នុងខេត្តនេះនៅមានកម្រិត ដោយសារខ្វះប្រភពទឹក។ លោក សុផាត បានរៀបរាប់ដូច្នេះ៖«ខេត្តប៉ៃលិន ជាខេត្តដែលដាំមៀនប៉ៃលិនមុនគេ តែការដាំដុះមានភាពយឺតយ៉ាវជាងខេត្តដទៃ ព្រោះមិនទាន់មានប្រភពទឹកគ្រប់គ្រាន់។ ដូច្នេះទើបផ្ទៃដីដាំដុះមៀនប៉ៃលិន ក្នុងខេត្តប៉ៃលិន តិចជាងខេត្តបាត់ដំបង និងបន្ទាយមានជ័យ»។
 
ប្រភពទឹកជាបញ្ហាសំខាន់របស់កសិករ ក្នុងខេត្តប៉ៃលិន ដែលធ្វើឲ្យខេត្តនេះមានការដាំដុះមៀនប៉ៃលិន យឺតជាងខេត្តដទៃបន្តិច។ តែយ៉ាងណាលោកប្រធានមន្ទីរកសិកម្ម កំពុងមមាញឹកដើម្បីដោះស្រាយបញ្ហាជូនកសិករ និងលើកទឹកចិត្តដល់កសិករឲ្យបង្កើនដាំដុះ។ លោកបានលើកឡើងបែបនេះ៖«យើងនៅតែចង់ឲ្យកសិករបង្កើនដាំដុះ ព្រោះទីផ្សារល្អ។ កន្លែងខ្លះមិនទាន់មានប្រភពទឹកគ្រប់គ្រាន់ ដូច្នេះកសិករត្រូវមើលពីស្ថានភាពជាក់ស្ដែង។ ហើយយើងកំពុងដោះស្រាយបញ្ហានេះ»។
 
លោក សាយ សុផាត បានបន្តថា មៀនប៉ៃលិន មានទីផ្សារល្អ អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុករួមទាំងទីផ្សារក្រៅស្រុកផង។ បច្ចុប្បន្នខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនប៉ៃលិន សរុបប្រមាណ៥ពាន់ហិកតា ដែលចំនួននេះមានការកើនឡើងតិចតួចប៉ុណ្ណោះ។ ដោយឡែកដំណាំដំឡូងមី មានផ្ទៃដីសរុប ៤ម៉ឺនហិកតា និងដំណាំស្វាយកែវរមៀត មានផ្ទៃដីដាំដុះ ៦ពាន់ហិកតា។ ដំណាំទាំង ៣មុខសំខាន់ៗក្នុងខេត្តនេះ សុទ្ធតែជាតម្រូវការនាំចេញ។
 
ដោយសារខ្វះផ្លាកសញ្ញា និងការវេចខ្ចប់ត្រឹមត្រូវ ទើបច្រើនឆ្នាំមកហើយ ដែលកសិករនិងសហគមន៍ ដាំមៀនប៉ៃលិន នាំដំណាំខ្លួនទៅទីផ្សារប្រទេសចិន តាមរយៈប្រទេសថៃ ដោយជ្រកក្រោមនិមិ្មតសញ្ញា ឬពាក្យ Product of Thailand។ ជារៀងរាល់ឆ្នាំ មៀនប៉ៃលិន ត្រូវបានប្រជាសហគមន៍ដឹកជញ្ជូនទៅប្រទេសថៃ តាមច្រករបៀងក្នុងខេត្តបាត់ដំបង។ សម្រាប់លោក សាយ សុផាត ការនាំចេញមៀនប៉ៃលិនដោយផ្ទាល់ពីកម្ពុជា ទៅទីផ្សារប្រទេសចិន ឬប្រទេសដទៃ នឹងធ្វើឱ្យតម្លៃមៀនប៉ៃលិនល្អប្រសើរជាងបច្ចុប្បន្ន ដែលកសិករអាចលក់បានត្រឹម៤០០០រៀល ទៅ ៥០០០រៀល ក្នុងមួយគីឡូក្រាម។ នៅចន្លោះខែកុម្ភៈ ដល់ខែមីនា វិញតម្លៃមៀនប៉ៃលិន អាចធ្លាក់ចុះជាងនេះ អាចបានតែ ២០០០រៀល ទៅ ៣០០០រៀល ក្នុងមួយគីឡូក្រាមក៏មាន។ នេះជាការបន្ថែមរបស់ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន។
 
ពាក់ព័ន្ធនឹងការនាំចេញមៀនប៉ៃលិននេះ កន្លងមកលោក វេង សាខុន ធ្លាប់បានលើកឡើងថា មៀនប៉ៃលិន នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។ ប៉ុន្តែមកទល់នឹងបច្ចុប្បន្ន កម្ពុជា មិនទាន់បានចុះកិច្ចព្រមព្រៀងនាំចេញជាមួយចិនជាផ្លូវការនៅឡើយ៕
 
 

Tag:
 ប៉ៃលិន
 បន្លែ
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com