កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បំបែកកំណត់ត្រា Platini ក្លាយជាអ្នករកគ្រាប់ច្រើនជាងគេនៅពានអឺរ៉ូ
16, Jun 2021 , 10:03 am        
រូបភាព
ប្រភព៖ UEFA
ប្រភព៖ UEFA
Cristiano Ronaldo បានក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពានរង្វាន់អឺរ៉ុប UEFA European ក្រោយរកបាន២គ្រាប់ដើម្បីជួយព័រទុយហ្កាល់ឈ្នះហុងគ្រីក្នុងការប្រកួតបើកឆាកពូល F។ Ronaldo កើនដល់១១គ្រាប់ វ៉ាដាច់លោក Michel Platini ដែលរកបាន៩គ្រាប់។


ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៦ម៉ឺននាក់នៅកីឡដ្ឋាន Puskas Arena ខ្សែប្រយុទ្ធឆ្នើម Ronaldo បានបំប៉ោងសំណាញ់ទី២គ្រាប់ជាបន្តបន្ទាប់ មុនពេល Raphael Guerreiro សម្រេចគ្រាប់នាំមុខឱ្យក្រុមម្ចាស់ការពារតំណែងជើងឯកដើម្បីយកឈ្នះហុងគ្រី ៣-០ ក្នុងការប្រកួតបើកឆាកក្នុងព្រឹតិ្តការណ៍ Euro 2020។
 
ពីរគ្រាប់បន្ថែមនេះ មានន័យថា ខ្សែប្រយុទ្ធ Juventus វ័យ៣៦ឆ្នាំ កើនពី៩ ទៅ១១គ្រាប់ ដោយបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពានរង្វាន់អឺរ៉ុបរបស់អតីតខ្សែប្រយុទ្ធបារាំងលោក Platini ដែលរកបាន៩គ្រាប់។
 
សម្រាប់កំណត់ត្រាថ្មី ក្នុងចំណោមកីឡាករ១០រូបដែលស្ថិតក្នុង Top 10 ក្នុងនាមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបមាន Cristiano Ronaldo ១១គ្រាប់ ខណៈ Michel Platini នៅលេខពីរ មាន៩គ្រាប់ និងលេខ៣ Alan Shearer អតីតខ្សែប្រយុទ្ធអង់គ្លេស រកបាន៧គ្រាប់។ 
 
៧រូបទៀតដែលរកបាន៦គ្រាប់ដូចគ្នារួមមាន Wayne Rooney អតីតខ្សែប្រយុទ្ធអង់គ្លេស Antoine Griezmann បារាំង Thierry Henry អតីតជម្រើសជាតិបារាំង Patrick Kluivert និង Ruud van Nistelrooy អតីតជម្រើសជាតិហូឡង់  Nuno Gomes អតីតជម្រើសជាតិព័រទុយហ្កាល់ និង Zlatan Ibrahimović ខ្សែប្រយុទ្ធស៊ុយអែត។
 
មិនត្រឹមតែអាចបំបែកកំណត់ត្រារបស់ខ្លួននៅ UEFA European នោះទេ Ronaldo បានជួយព័រទុយហ្កាល់ទទួលបាន៣ពិន្ទុ និងឈរនៅកំពូលតារាងពូល F។ បារាំងដែលយកឈ្នះអាល្លឺម៉ង់ ១-០ ស្ថិតនៅចំណាត់ថ្នាក់ទី២បណ្តោះអាសន្ន។
 
ជំនួបបន្ទាប់ក្នុងពូល F ព័រទុយហ្កាល់ត្រូវជួបអាល្លឺម៉ង់នៅថ្ងៃទី១៩ ខែមិថុនា វេលាម៉ោង ១១:០០នាទីយប់ [ម៉ោងនៅកម្ពុជា] ក្រោយការប៉ះគ្នារវាងបារាំងនិងហុងគ្រីនៅម៉ោង ៨:០០នាទី៕
 

Tag:
 Cristiano Ronaldo
  Michel Platini
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com