អន្តរជាតិ
តៃវ៉ាន់ថា យន្តហោះចម្បាំងចិន២៨គ្រឿង ទន្ទ្រានដែនកំណត់ការពារអាកាសរបស់ខ្លួន
16, Jun 2021 , 12:29 pm        
រូបភាព
រូបថតពីក្រសួងការពារជាតិចិន
រូបថតពីក្រសួងការពារជាតិចិន
ដោយ៖​ ឈួ ស៊ាវយីងជាវ 
យន្តហោះចម្បាំងចិន២៨គ្រឿង នៅថ្ងៃទី១៥ ខែមិថុនា បានហោះចូលដែនកំណត់ការពារអាកាសរបស់តៃវ៉ាន់។ នេះបើតាមការអះអាងពីរដ្ឋាភិបាលកោះមួយនេះ។ វត្តមានដ៏ច្រើននៃយន្តហោះយោធាចិននេះ ជាចំនួនធំបំផុតដែលមិនធ្លាប់មានពីមុនមក។


បើតាមការអះអាងរបស់ក្រសួងការពារជាតិតៃវ៉ាន់ ក្បួនយន្តហោះចម្បាំងចិនដែលហោះចូលដែនកំណត់ការពារអាកាស រួមមានយន្តហោះប្រយុទ្ធJ-16 ចំនួន១៤គ្រឿង យន្តហោះប្រយុទ្ធJ-11 ចំនួន៦គ្រឿង យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ H-6 ចំនួន៤គ្រឿង និងយន្តហោះចម្បាំងប្រឆាំងនាវាមុជទឹកផ្សេងទៀតៗ។
 
ចំនួនយន្តហោះចម្បាំងដ៏ច្រើននេះ បានបំបែកកំណត់ត្រាខែមេសាកន្លងទៅ ពេលដែលយន្តហោះចម្បាំងចិន២៥គ្រឿងហោះទន្ទ្រានចូលដែនកំណត់ការពារអាកាសរបស់តៃវ៉ាន់។ តៃវ៉ាន់ ចាប់ផ្ដើមរាយការណ៍វត្តមានយន្តហោះចម្បាំងក្នុងឆ្នាំ២០២០ ពេលដែលយោធាបង្កើនសកម្មភាពកាន់តែញឹកញាប់ឡើងៗ។ 
 
ជារៀងរាល់លើក តៃវ៉ាន់ ក៏តវ៉ានឹងការហោះឆ្វែលរបស់យន្តហោះចិនមកកៀកដែនអាកាសរបស់ខ្លួន ដែលមានកាន់តែច្រើន និងក្នុងទ្រង់ទ្រាយកាន់ធំ។ សម្រាប់ករណីចុងក្រោយនេះ ក្រសួងការពារតៃវ៉ាន់បន្ថែមថា យន្តហោះត្រូវបានបញ្ជូនទៅឃ្លាំមើលពីសកម្មភាពរបស់ចិន ហើយប្រព័ន្ធមីស៊ីលក៏ត្រៀមជាស្រេចដែរ។
 
កាលពីថ្ងៃទី១៣ ខែមិថុនា ក្រុមមេដឹកនាំមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) បានចេញនៅសេចក្តីថ្លែងការណ៍រួមមួយ ដោយបានស្តីបន្ទោសនៅកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងលើបញ្ហាកើតឡើងបន្តបន្ទាប់ដូចជាការរំលោភបំពានដែនអាធិបតេយ្យភាពកោះតៃវ៉ាន់។ ប្រទេសទាំង៧ ក៏បញ្ជាក់ពីសារសំខាន់នៃសន្តិភាព និងស្ថិរភាពជុំវិញច្រកសមុទ្រតៃវ៉ាន់។ 
 
ដោយឡែក ទីក្រុងប៉េកាំងមិនទាន់មានការបញ្ជាក់បន្ថែមពីការបញ្ជូនយន្តហោះចូលដែលកំណត់អាកាសរបស់តៃវ៉ាន់ឡើយ។ កន្លងមក ប៉េកាំងព្រមានថា ខ្លួនមុនរអានឹងប្រើកម្លាំងទ័ពដើម្បីគ្រប់គ្រងតៃវ៉ាន់ឡើយ៕
 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com