ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​ប្រជាជន សម្រេច​ឱ្យ​លោក ប្រាជ្ញ ច័ន្ទ ជា​ប្រធាន​គ​.​ជ​.​ប ជំនួស​លោក ស៊ិ​ក ប៊ុន​ហុ​ក​
16, Jun 2021 , 2:21 pm        
រូបភាព
លោក ប្រាជ្ញ ច័ន្ទ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា
លោក ប្រាជ្ញ ច័ន្ទ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា
​ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​យក​លោក ប្រាជ្ញ ច័ន្ទ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ជំនួស​លោក ស៊ិ​ក ប៊ុន​ហុ​ក​។ នេះ​បើតាម​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​។​



លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​ប្រជុំ​ពិនិត្យ​លើ​ការផ្លាស់ប្ដូរ​សមាភាព​ប្រធាន​គ​.​ជ​.​ប នេះ នៅ​សប្ដាហ៍​ក្រោយ ដើម្បី​រៀបចំ​របៀបវារៈ ដាក់ចូល​ក្នុង​កិច្ចប្រជុំពេញអង្គ​។​

កាលពី​ថ្ងៃទី​៤ មិថុនា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានអនុម័ត​យល់ព្រម​លើ​សំណើរ​លាឈប់​ពី​តួនាទី​និង​តំណែង​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់ ស៊ិ​ក ប៊ុន​ហុក​។​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា ការសុំ​លាលែង​របស់លោក ស៊ិ​ក ប៊ុ​ក​ហុក បច្ចុប្បន្ន​អាយុ​៧៥​ឆ្នាំ ក្រោម​ហេតុផល​សុខ​ភាពមិន​ទៀងទាត់ និង​ចាស់​ទ្រុឌទ្រោម​។​
 
កាលពី​ខែមេសា ឆ្នាំ​២០១៥ លោក ស៊ិ​ក ប៊ុន​ហុក បាន​កាន់តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បន្ត​ពី​លោក អ៊ឹម សួស្តី ដែល​បាន​កាន់តំណែង​នេះ តាំងពី​ឆ្នាំ​២០០២ មក​។​
 
​ក្រោយ​លោក ស៊ិ​ក ប៊ុន​ហុក លាឈប់​ពី​ប្រធាន​គ​.​ជ​.​ប នេះ រដ្ឋសភា បានប្រកាស​ជ្រើសរើស​បេក្ខភាព​ជំនួស ដោយ​ប្រើពេល​រយៈ​៥​ថ្ងៃ តាមច្បាប់​បោះឆ្នោត​។ ការប្រកាស​ជ្រើសរើស​នេះ គឺ​មានតែ​បេក្ខជន​២​រូប​ប៉ុណ្ណោះ ដែល​ដាក់ពាក្យ​ឈរឈ្មោះ​ជា​ប្រធាន​គ​.​ជ​.​ប ក្នុងនោះ​មាន​លោក ប្រាជ្ញ ច័ន្ទ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា និង​លោក ការ លាន ជា​មន្ត្រីជាន់ខ្ពស់ និង​ធ្លាប់ជា​អភិបាលរង​ខេត្តព្រះវិហារ​៕

Tag:
 គ.ជ.ប
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com