ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានទៅដល់ទីក្រុងហ្សឺណែវហើយ នៅថ្ងៃទី១៥ ខែមិថុនា។ មុនជំនួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន មេដឹកនាំរុស្ស៊ីដ៏មានឥទ្ធិពល លោក បៃឌិន បានបង្ហាញជំហរយ៉ាងច្បាស់ៗថា លោកបានត្រៀមខ្លួនរួចហើយ។ ក្នុងកិច្ចប្រជុំនេះ មេដឹកនាំជាន់ខ្ពស់អាមេរិក-រុស្ស៊ី នឹងជជែកពីបញ្ហារកាំរកូស និងបញ្ហាដែលត្រូវសហការជាមួយគ្នាផងដែរ។
ជំនួបរវាងប្រធានាធិបតីអាមេរិក លោកចូ បៃឌិន និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អាចនឹងចាប់ផ្តើមនៅម៉ោង១រសៀល (ម៉ោងក្នុងស្រុក) នៅក្នុងវីឡា La Grange ក្នុងក្រុងហ្សឺណែវ ប្រទេសស៊្វីស។ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP មន្រ្តីអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា កិច្ចប្រជុំនេះ អាចមានរយៈពេល ៥ម៉ោង ហើយមេដឹកនាំជាន់ខ្ពស់ទាំងពីរ នឹងមិនបរិភោគអាហារជាមួយគ្នាឡើយ។
ការជួបគ្នារវាងថ្នាក់ដឹកនាំក្រុងវ៉ាស៊ីនតោន និងក្រុងមូស្គូ ធ្វើឡើងស្របពេលទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានលោក ពូទីន និងលោក បៃឌិន ចាត់ទុកថា ធ្លាក់ចុះទាបបំផុត។ កន្លងមកប្រទេសទាំងពីរ បានបណ្តេញមន្រ្តីទូតទៅវិញទៅមក និងរុស្ស៊ីដាក់អាមេរិក ក្នុងបញ្ជីរដ្ឋអមិត្តថែមទៀត។
ថ្លែងប្រាប់អ្នកសារព័ត៌មានមុនជំនួបជាមួយលោក ពូទីន លោក បៃឌិន និយាយថា លោកតែងតែត្រៀមខ្លួនរួចជាស្រេច។ កន្លងមកអាមេរិក ធ្លាប់បានលើកឡើងថា ជំនួបនេះ គឺជាការជជែកពីបញ្ហាបន្ទាន់ និងចង់បានភាពដែលអាចប៉ាន់ស្មានបាន និងស្ថិរភាពក្នុងទំនាក់ទំនងអាមេរិក និងរុស្ស៊ី។
ក្នុងជំនួបដ៏សំខាន់មួយនេះ មេដឹកនាំអាមេរិក អាចនឹងលើកយកបញ្ហាជាច្រើន ដូចជា ការបញ្ជូនទ័ពរបស់រុស្ស៊ីទៅតំបន់ព្រំដែនជាប់អឺរ៉ុបខាងកើត, អាវុធនុយក្លេអ៊ែរ, បញ្ហាស៊ីរី, ការចាប់ខ្លួនអ្នកប្រឆាំង, ការជ្រៀតជ្រែកការបោះឆ្នោតនៅអាមេរិក និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
មិនតែប៉ុណ្ណោះ ភាគីទាំងពីរអាចជជែកពីបញ្ហាមួយចំនួនដែលសហការជាមួយគ្នាផងដែរ។ នៅក្នុងកិច្ចសម្ភាសមួយនៅចុងសប្តាហ៍មុនជាមួយសារព័ត៌មាន NBC លោកពូទីន បានលើកឡើងថា រុស្ស៊ី និងអាមេរិក អាចសហការគ្នាលើបញ្ហាដូចជា ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ សង្គ្រាមនៅស៊ីរី និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។
យ៉ាងណាមិញ ជំនួបនេះ ត្រូវបានអ្នកជំនាញរំពឹងថា នឹងមិនទទួលបានលទ្ធផលច្រើនឡើយ ប៉ុន្តែវាជាកិច្ចប្រជុំដ៏សំខាន់មួយ ស្របពេលប្រទេសទាំងពីរ កំពុងតែប្រឈមមុខដាក់គ្នា។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែមិថុនា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានអះអាងថា លោកមិនរំពឹងថា ជំនួបនេះ នឹងទទួលបានលទ្ធផលល្អឡើយ។ ចំណែកប្រធានាធិបតីស៊្វីស លោក Guy Parmelin បានចាត់ទុកកិច្ចប្រជុំនេះ គឺជារឿងចាំបាច់ ស្របពេលប្រទេសមហាអំណាចយោធាទាំងពីរ កំពុងមានភាពតានតឹងជាមួយគ្នា។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំបក្សសម្ពន្ធយោធាណាតូ (NATO)កន្លងទៅ រុស្ស៊ី បានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំជជែកពិភាក្សា ជាពិសេសគឺការបញ្ជូនកម្លាំងទ័ពមកតំបន់ព្រំដែនជាប់អឺរ៉ុបខាងកើត៕