ជាតិ
មរណភាពទេវនាដនិម្មិត ឯម ធាយ ជាការបាត់បង់មរតកមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យ
16, Jun 2021 , 3:33 pm        
រូបភាព
ភ្នំពេញ៖ ពីប្រមុខរដ្ឋាភិបាល អ្នកនយោបាយ គ្រូសិល្បៈបុរាណ និងអតីតសិស្ស ជាច្រើនរូប បានសម្ដែងនូវការសោកស្ដាយចំពោះមរណភាពរបស់ទេវនាដនិម្មិត ឯម ធាយ (ឬ ឯម ធ្ធាយ) ក្នុងជន្មាយុ៨៨ឆ្នាំដោយជរាពាធ កាលពីយប់ឈានចូលថ្ងៃទី១៥ ខែមិថុនា។ ព្រឹទ្ធាចារ្យសិល្បៈរូបនេះ ជាធនធានពហុជំនាញ ហើយត្រូវបានចាត់ទុកដូចជាសារមន្ទីរវចនានុក្រមសិល្បៈមួយរូប របស់ប្រជាជាតិខ្មែរ។ តាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាន សពព្រឹទ្ធាចារ្យ ឯម ធាយ មានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩។

 
«ការបាត់បង់ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ជាការបាត់បង់នូវម្ដាយ ជីដូន ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត និងជាព្រឹទ្ធាចារ្យសិល្បការិនីដ៏ឆ្នើម ដែលជាមរតកមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យ។ ពេញមួយជីវិតរបស់គាត់ ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត បានលះបង់ពេលវេលាដ៏មានតម្លៃ រួមចំណែកលើកស្ទួយ និងថែរក្សាសិល្បៈវប្បធម៌ដ៏រុងរឿងរបស់ជាតិយើង»។ នេះជាសាររំលែកទុក្ខពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
 
លោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានសម្ដែងនូវក្ដីតក់ស្លុតចំពោះការបាត់បង់ព្រឹទ្ធាចារ្យមរតកមនុស្សរស់ ឯម ធាយ ផងដែរ។ លោកថា ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ មានចំណេះដឹងយ៉ាងស្ដុកស្ដម្ភ ប្រៀបបាននឹងបណ្ដាល័យមួយ ឬវចនានុក្រមសិល្បៈមួយ ដែលក្មេងជំនាន់ក្រោយចូលទៅសិក្សាស្រាវជ្រាវមិនចេះរីងស្ងួត។
 
គ្រូសិល្បៈបុរាណរូបនេះបន្ថែមថា ព្រឹទ្ធាចារ្យ ឯម ធាយ បានពលីកម្មសម្លាំងកាយចិត្ត ពេញមួយជីវិត របស់លោក ដើម្បីសិល្បៈវប្បធម៌ជាតិ ដោយនេះគឺជាតម្លៃមិនអាចកាត់ថ្លៃបាន។ លោក ព្រឿង ឈៀង បន្ថែមថា បើទោះបីជាព្រឹទ្ធាចារ្យ ឯម ធាយ កំពុងតែមានជំងឺក៏ដោយ ក៏ព្រឹទ្ធាចារ្យនៅតែចែករំលែកចំណេះដឹងដល់សិស្ស រួមទាំងអ្នកសារព័ត៌មានជារឿយៗដែរ។
 


លោក ព្រឿង ឈៀង បានរំលឹកផងដែរថា អ្នកគ្រូ ឯម ធាយ បានប្ដូរជីវិតរក្សាសៀវភៅចម្រៀងបុរាណ ក្នុងសម័យសង្គ្រាម ដែលបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម ដើម្បីទុកបង្រៀនក្មេងជំនាន់ក្រោយ។ 
 
លោក ព្រឿង ឈៀង ពន្យល់បន្ថែម៖«គាត់ធ្លាប់បានប្រាប់ពួកយើងថា គាត់ខំថែរក្សាសៀវភៅចម្រៀងបុរាណ ដែលសល់ពីសម័យសង្គមរាស្ត្រនិយមស្មើនឹងជីវិតរបស់គាត់។ ហើយសៀវភៅនោះហើយ ដែលបានបង្រៀនពួកយើងដល់សព្វថ្ងៃ។ គាត់ជាម្ដាយដែលបានអប់រំ និងបង្ហាត់កូនចៅឱ្យក្លាយជានាដការបាំបានជាច្រើនរូប។ នឹកស្ដាយធនធានមនុស្សរបស់ជាតិ។ ក្មេងជំនាន់ក្រោយ ពុំទាន់បានក្រេបយកចំណេះពីគាត់អស់ទេ។ មរតកមនុស្សរស់ចេះតែបាត់ទៅម្ដងមួយៗ។ យើងស្ដាយ តែធ្វើម៉េចនេះគឺសង្ខារ»។ 
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសរសេរសាររំលែកទុក្ខនៅលើទំព័រហ្វេសប៊ុករបស់លោកស្រីថា កម្ពុជាបានបាត់បង់មរតកមនុស្សរស់មួយរូបទៀតនាថ្ងៃនេះ គឺលោកយាយ ទេវនាដនិម្មិត ឯម ធាយ។ លោកស្រីបញ្ជាក់ថា នេះគឺជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យវប្បធម៌ ទាំងផ្នែក របាំក្បាច់បុរាណ តន្ត្រី និងចម្រៀងបុរាណខ្មែរ។ 
 


លោកស្រី ភឿង សកុណា បន្ថែម៖«រាងកាយបាត់ទៅ តែលោកយាយបានបន្សល់ទុកនូវស្នាដៃសិល្បៈខ្មែរមិនអាចកាត់ថ្លៃបាន។ សម្រាប់កូនខ្មែរជំនាន់ក្រោយ ចងចាំនូវគុណបំណាច់ជូនជាតិនេះ គ្មានថ្ងៃបំភ្លេចបានឡើយ។ នាងខ្ញុំសូមក្រាបសំពះ ជូនដំណើរនិងគោរពលាលោកយាយជាលើកចុងក្រោយ ដោយចងចាំមិនភ្លេចទេ នូវអ្វីដែលលោកយាយបានលះបង់ និងបូជាសម្រាប់វប្បធម៌ជាតិ»។
 
ចំណែកលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារ ព្រឹទ្ធាចារ្យទេវនាដនិមិ្មត ឯម ធាយ ផងដែរ។
 


 
លោកបានបញ្ជាក់ថា ការបាត់បង់ព្រឹទ្ធាចារ្យសិល្បៈ ឯម ធាយ គឺជាការបាត់បង់មរតកមនុស្សជាតិ ពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព ផ្នែករបាំក្បាច់បុរាណ ដែលជាមរតកជាតិ និងជាគំរូសម្រាប់កូនខ្មែរជំនាន់ក្រោយ។ 
 
លោក ហ៊ុន ម៉ានី បន្យល់បន្ថែម៖«លោកយាយព្រឹទ្ធាចារ្យគឺជាតួអង្គដ៏សំខាន់មួយនៃការរស់រានឡើងវិញនៃរបាំបុរាណ ក៏ដូចជាវិស័យសិល្បៈខ្មែរ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍»។
 
រីឯអ្នកស្រី ហ៊ុន សារ៉ាត់ ដែលត្រូវជាអតីតសិស្សរបស់ព្រឹទ្ធាចារ្យ ឯម ធាយ តាំងពីសម័យសង្គមរាស្ត្រនិយម ក៏បានសម្ដែងនូវការសោកស្ដាយចំពោះមរណភាពនេះដែរ។ បានក្លាយជាសិស្សរបស់ព្រឹទ្ធាចារ្យ ឯម ធាយ ផ្នែកចម្រៀងបុរាណតាំងពីអាយុប្រមាណ១០ឆ្នាំ អ្នកស្រី ហ៊ុន សារ៉ាត់ ថាព្រឹទ្ធាចារ្យ ឯម ធាយ គឺជាគ្រូដែលមានសន្ដានចិត្តល្អ និងយកចិត្តទុកដាក់ចំពោះសិស្ស។ 
«អ្នកគ្រូគាត់ចិត្តល្អណាស់ មុនបង្រៀនគាត់ទៅទិញគុយទាវឱ្យសិស្សញ៉ាំ គាត់ថាញ៉ាំឱ្យឆ្អែតសិនចាំរៀន។ គាត់បង្រៀនមិនកាចទេ គាត់បង្រៀនតាមក្បួនបុរាណផង និងតាមក្បួនសម័យទំនើបនេះផង។ គាត់បង្រៀនសិស្សឆាប់ចេះ។ ស្ដាយណាស់ ស្ដាយគាត់គឺជាធនធានមនុស្សដ៏កម្រ មិនងាយមានទេអ្នកចេះច្រើនដូចគាត់ ចម្រៀងក៏ចេះ របាំក៏ចេះ ហើយរបាំហ្នឹងចេះតួច្រើនទៀត។ នេះគឺជាការបញ្ជាក់របស់អ្នកស្រី ហ៊ុន សារ៉ាត់ ជាគ្រូចម្រៀងមហោរី។
 
ដូចគ្នាអ្នកស្រី ឱម យុវណ្ណឌី គាត់ក៏ជាសិស្សរបស់អ្នកគ្រូ ឯម ធាយ ផ្នែករបាំបុរាណដែរ។ បច្ចុប្បន្នមានវ័យជាង៦០ឆ្នាំ អ្នកស្រី យុវណ្ណឌី នៅចាំមិនភ្លេចទេ គ្រានៅរៀនជាមួយអ្នកគ្រូ ឯម ធាយ។ អតីតសិស្សសំណព្វ ដែលបច្ចុប្បន្នបានក្លាយជាគ្រូមួយរូបដែរនោះ អ្នកស្រី យុវណ្ណឌី បានរំលឹកទាំងអួលដើមកថា ព្រឹទ្ធាចារ្យ ឯម ធាយ គឺជាគ្រូដែលស្រឡាញ់កូនសិស្សណាស់។
អ្នកស្រី ឱម យុវណ្ណឌី បន្ថែមថា រាល់ពេលដែលគាត់ឡើងសម្ដែងម្ដងៗ ព្រឹទ្ធាចារ្យ ឯម ធាយ តែងតែមកជួយសម្អិតសម្អាងកាយរបស់អ្នកស្រីជានិច្ច ខ្លាចថានៅមានកន្លែងណាមិនទាន់រាបរយ។ ចំណេរក្រោយមកទៀតគឺក្នុងអំឡុងឆ្នាំ១៩៨០និង១៩៩០ អ្នកស្រី យុវណ្ណឌី គឺជាដៃស្ដាំរបស់ព្រឹទ្ធាចារ្យ ឯម ធាយ ដែលបានដំឡើងរបាំចាស់និងថ្មីរួមគ្នា។ 
 
គ្រូរបាំបុរាណ ឱម យុវណ្ណឌី បន្យល់បន្ថែម៖«គាត់ជាគ្រូដែលយកចិត្តទុកដាក់សិស្សណាស់ ខ្លាចតែសិស្សរៀនមិនចេះ ហើយពេលសិស្សឡើងសម្ដែងម្ដងៗ ខ្លាចតែសិស្សមិនស្អាត គាត់តាមថែ តាមជួយស្អិតស្អាងជានិច្ច។ នេះគឺជាការបាត់បង់ដ៏ធំធេង។ អត់ពីម្ដាយរបស់ខ្ញុំទៅ ខ្ញុំមានអ្នកគ្រូជាទីពឹង តែពេលនេះគាត់ទៅហើយ»។ 


 
ចំណែកលោក ជា សុភាព ដែលជានាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា មិនមែនជាសិស្សរបស់ព្រឹទ្ធាចារ្យ ឯម ធាយ ឡើយ។ លោកគ្រាន់តែធ្លាប់បានធ្វើការជាមួយនឹងព្រឹទ្ធាចារ្យ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ជាតិប៉ុណ្ណោះ។ ដោយការដឹងគុណ និងដើម្បីរំលឹកដល់គុណូបការៈរបស់ ព្រឹទ្ធាចារ្យ ឯម ធាយ មជ្ឈមណ្ឌលបុប្ផាណា នឹងប្រមូលទិន្នន័យភាពយន្ត ក៏ដូចជារូបថតមួយចំនួន ដើម្បីបញ្ចាំងតាមអនឡាញ។
 


 
«ដូចជាសិល្បករផ្សេងៗទៀតដែរ ព្រឹទ្ធាចារ្យ គឺជាធនធានមនុស្សឆ្នើម ដែលមានជំនាញសិល្បៈខ្ពស់ និងមានការលះបង់ដើម្បីសិល្បៈខ្មែរ តាំងពីសិល្បៈធ្លាក់ដល់សូន្យ ក្រោយសម័យសង្គ្រាម។ គាត់បានបូជាជីវិតដើម្បីសិល្បៈខ្មែរ។ កូនខ្មែរគួររៀនសូត្រពីគាត់។ ពេលនេះយើងកំពុងស្វែងរកភាពយន្ត និងសុំសិទ្ធិពីម្ចាស់កម្មសិទ្ធដើម្បីបញ្ចាំងក្នុងពេលឆាប់ៗ»។ ទាំងនេះគឺជាការបញ្ជាក់របស់លោក ជា សុភាព។
 
ព្រឹទ្ធាចារ្យ ឯម ធាយ កើតនៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ១៩៣៥ នៅសង្កាត់លេខ៤ ក្រុងភ្នំពេញ។ ឪពុករបស់ ព្រឹទ្ធាចារ្យឈ្មោះ ឯម បាន និងម្ដាយឈ្មោះ ឱ នី។ ព្រឹទ្ធាចារ្យ រៀនសាលាចំណេះដឹងទូទៅចុងក្រោយបង្អស់ នៅក្នុងព្រះបរមរាជវាំង។ ជំនាញដែលព្រឹទ្ធាចារ្យចេះចាំស្ទាត់ ខាងផលិតនិងសម្ដែង គឺរបាំបុរាណខ្មែរ។
 
ព្រឹទ្ធាចារ្យមានស្វាមីឈ្មោះ ថោង កង និងមានកូនស្រីប្រុស៤នាក់។ កូនស្រីទី១ឈ្មោះ ថោង គឹម អាន ជានាដការបាំបុរាណ។ កូនស្រីទី២ឈ្មោះ ថោង គឹមឡេង ជាអតីតនាដការបាំបុរាណ។ កូនប្រុសទី៣ឈ្មោះ ថោង គឹម លី ជានាដករបាំបុរាណនិងប្រពៃណី។ និងកូនស្រីទី៤ឈ្មោះ ថោង គឹមចេង ជាសាស្ត្រាចារ្យផ្នែកតូរ្យតន្ត្រី។
 
ព្រឹទ្ធាចារ្យមានទេពកោសល្យខ្ពស់ក្នុងជំនាញរបាំបុរាណ ដោយលោកអាច ដើរតួនាង តួនាយរោង ក្បាច់ប្លែង តួស្វា តួយក្ខ ដឹកនាំបង្ហាត់ក្នុងរឿង និងច្រៀងអមរបាំផងដែរ។ ទេវនាដនិម្មិត ឯម ធាយ បានបង្រៀន និងផ្ទេរចំណេះដឹងក្នុងការផលិតនិងសម្ដែង ឱ្យសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ បន្ទាប់មកទៅបង្ហាត់នៅក្នុងនាយកដ្ឋានសិល្បៈទាំងផ្នែកច្រៀង រាំ និងក្បាច់រាំនៅក្នុងព្រះបរមរាជវាំង។
ព្រឹទ្ធាចារ្យ ធ្លាប់បានចូលរួមសម្ដែងរបាំក្បាច់បុរាណខ្មែរ ក្នុងរាជ្យព្រះករុណាព្រះបាទសម្ដេច នរោត្តម សុរាម្រិត។ ព្រឹទ្ធាចារ្យក៏បានទៅសម្ដែងរបាំក្បាច់បុរាណខ្មែរ នៅប្រទេសចិន បារាំង អាមេរិក អូស្ត្រាលី និងអាហ្វ្រិកជាដើម។ បន្ថែមពីនោះ ព្រឹទ្ធាចារ្យ ឯម ធាយ បានបណ្ដុះបណ្ដាលសិស្សអន្តរជាតិ ជាច្រើនរូបផងដែរ។
មរតកមនុស្សរស់ ឯម ធាយ ទទួលបានប័ណ្ណសរសើរឆ្នាំ១៩៧៩ និងទទួលបានគ្រឿងឥស្សរិយសជាច្រើនទៀត។ ព្រឹទ្ធាចារ្យ បានទទួលងារជាវីរសិល្បការិនី តាំងពីឆ្នាំ១៩៩៦ ផ្ដល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ទទួលបានងារជាព្រឹទ្ធាចារ្យវប្បធម៌ និងសិល្បៈតាំងពីឆ្នាំ២០០១ ផ្ដល់ដោយរាជបណ្ឌិតសភាព្រះសីហនុរាជ។
 
ព្រឹទ្ធាចារ្យ ឯម ធាយ ទទួលបានការប្រោសព្រះរាជទានគោរមងារ ជាមរតកមនុស្សរស់ ទេវនាដនិម្មិត ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីឆ្នាំ២០១២ រួមជាមួយនឹងមរតកមនុស្សរស់១៦អង្គនិងនាក់ផ្សេងទៀត។ 
 
ទេវនាដនិម្មិត ឯម ធាយ បានបញ្ជាក់ពីមូលហេតុដែលលោកចង់ចូលជាប្រព័ន្ធមរតកមនុស្សរស់ថា ព្រឹទ្ធាចារ្យចង់រក្សាកេរតំណែលសិល្បៈជាតិ តាមរយៈការផ្ទេរចំណេះដឹងទាំងអស់ ដល់អ្នកជំនាន់ក្រោយ តាមរយៈការជួយបង្រៀនដល់អ្នកដែលចង់រៀន។ ពេញមួយជីវិតរបស់ព្រឹទ្ធាចារ្យ ឯម ធាយ បានបូជាដើម្បីសិល្បៈជាតិ៕ 


 
 

Tag:
 សិល្បៈ
  មរតកមនុស្សរស់
  វប្បធម៌
  របាំ
  នាដការបាំ
  បុរាណ
  ឯម ធាយ
© រក្សាសិទ្ធិដោយ thmeythmey.com