កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ហ្វាំងឡង់ជួបរុស្ស៊ី តួកគីប៉ះវេលស៍ មុនអ៊ីតាលីតទល់នឹងស្វីស
×
ដោយ៖ជា យូគៀង
ការប្រកួត UEFA EURO 2020 នារាត្រីនេះក្រុមជម្រើសជាតិ៦ក្រុមនឹងត្រូវបន្តធ្វើការប្រកួត សន្សំពិន្ទុក្នុងវគ្គចែកពូលដោយជំនួបពូល B ហ្វាំងឡង់ទទួលរុស្ស៊ី មុនជំនួបពូល A ដែលតួកគីត្រូវស្វាគមន៍វែលស៍ បន្ទាប់មកអ៊ីតាលីទល់ជាមួយស្វីស។
ពូល B៖ ហ្វាំងឡង់តទល់ជាមួយរុស្ស៊ី នាវេលាម៉ោង៨យប់ នាកីឡដ្ឋាន Saint Petersburg
ក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នា៤លើកគឺក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ១៩៩៥ ចំនួន២លើក និងព្រឹត្តិការណ៍ជម្រុះ World Cup ឆ្នាំ២០០៨-២០០៩ ចំនួន ២លើក ដោយរុស្ស៊ីបានឈ្នះទាំង៤លើក។
ការប្រកួតនារាត្រីនេះ រុស្ស៊ីត្រូវការឈ្នះជាចាំបាច់ខ្លាំងបំផុតក្នុងការប្រកួតប្រជែងយកកៅអីទៅវគ្គបន្ត ក្រោយពួកគេបើកឆាកចាញ់បែលហ្ស៊ិក ៣-០ រីឯហ្វាំងឡង់ឈ្នះដាណឺម៉ាក ១-០។
ពូល A ៖តួកគីជួបវេលស៍ វេលាម៉ោង១១យប់នៅកីឡដ្ឋាន Baku Olympic
ជំនួប តួកគី និងវេលស៍ គឺជាការប្រកួតដ៏សំខាន់សម្រាប់ ក្រុមជម្រើសជាតិទាំងពីរក្នុងការរកពិន្ទុដើម្បីឈានជើង ផុតវគ្គចែកពូលដ៏លំបាកមួយនេះ។ ពួកគេធ្លាប់ជួបគ្នា៦លើករួចមកហើយដោយគិតចាប់តាំងពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ ១៩៩៧ ក្នុងនោះវេលដ៍បានយកឈ្នះ ៣ដង ស្មើ១ និងចាញ់២ ក្នុងព្រឹតិការណ៍ World Cup ហើយការប្រកួតនារាត្រីនេះ ជាការប៉ះគ្នាវិញ ក្រោយខកខានអស់២៤ឆ្នាំ។
នាការប្រកួតបើកឆាក តួកគីចាញ់អ៊ីតាលី ៣-០ រីឯវេលស៍តាមស្មើស្វីស ១-១។
អ៊ីតាលីទល់ជាមួយស្វីសវេលាម៉ោង២អាធ្រាត្រ នាកីឡដ្ឋាន Stadio Olimpico
អ៊ីតាលីមានក្តីសង្ឃឹមឆ្លងផុតវគ្គចែកពូលកាន់តែខ្ពស់ដោយសារពួកគេទទួលបាន៣ពិន្ទុរួចជាស្រេចពីការប្រកួតបើកឆាក Euro 2020 ដោយបានឈ្នះក្រុមតួកគី ៣-០។ ក្រុមជម្រើសជាតិស្វីសក៏ជាក្រុមត្រូវការឈ្នះជាចាំបាច់ផងដែរក្នុងពូល ក្រោយពួកគេមាន១ពិន្ទុក្នុងដៃ។
ក្រុមធ្លាប់ជួបគ្នា ៥៧លើករួចមកហើយបើគិតចាប់ពីឆ្នាំ ១៩១១ រហូតដល់ឆ្នាំ ២០១០ ដោយអ៊ីតាលីយកឈ្នះចំនួន ២៨លើក ស្មើ២២លើក និងចាញ់ ៧លើក នាគ្រប់ព្រឹត្តិការណ៍ រួមទាំងប្រកួតមិត្តភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com