អន្តរជាតិ
លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង កំពុងប្រឈមការខ្វះខាតស្បៀង ដោយសារជំងឺកូវីដ-១៩ និងព្យុះ
16, Jun 2021 , 4:59 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង។ រូបភាព៖ KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង។ រូបភាព៖ KCNA
ដោយ ចាន់ ស៊ីណា 
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងថា សេដ្ឋកិច្ចប្រទេសខ្លួន ហាក់មានភាពល្អប្រសើរក្នុងឆ្នាំ២០២១។ បើទោះសេដ្ឋកិច្ចមានភាពល្អជាងមុនក្តី មេដឹកនាំកូរ៉េខាងជើងរូបនេះ បានទទួលស្គាល់ពីបញ្ហាប្រឈមទាក់ទិននឹងស្បៀងអាហារ ដែលបណ្តាលមកពីការរាលដាលជំងឺកូវីដ-១៩ និង គ្រោះធម្មជាតិកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី១៦ ខែមិថុនា។

 
នៅក្នុងកិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈមជ្ឈិមរបស់បក្សពលករកូរ៉េខាងជើង ដែលបានបើកនៅថ្ងៃទី១៥ ខែមិថុនា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងសមាជិកបក្ស បានពិនិត្យឡើងវិញលើគោលនយោបាយសំខាន់ៗ និងវិធានការដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលកំពុងរងគ្រោះដោយសារការរីកសាយជំងឺកូវីដ-១៩ និងព្យុះនៅក្នុងឆ្នាំ ២០២០។
 
ថ្លែងប្រាប់សមាជិកបក្សដែលចូលរួមក្នុងកិច្ចប្រជុំ មេដឹកនាំកូរ៉េខាងជើង បានអះអាងថា សេដ្ឋកិច្ចទាំងមូលរបស់កូរ៉េខាងជើង មានភាពប្រសើរនៅត្រឹមពាក់កណ្តាលឆ្នាំ២០២១  ដោយផលិតផលឧស្សាហកម្មសរុបកើនឡើង ២៥ ភាគរយ បើធៀបនឹងឆ្នាំមុន។ បើទោះជាសេដ្ឋកិច្ចមានភាពល្អប្រសើរក្តី ប៉ុន្តែលោកគីម បានបន្តថា វាមានឧបសគ្គជាច្រើន ដែលធ្វើឱ្យរាំងស្ទះ ផែនការ និងគោលនយោបាយរបស់រដ្ឋ ក្នុងនោះមានដូចជាបញ្ហាប្រឈមលើស្បៀងអាហារជាដើម។ 
 
«បច្ចុប្បន្ន ស្ថានភាពស្បៀងរបស់ប្រជាជន កំពុងប្រឈមការខ្វះខាត ខណៈពេលវិស័យកសិកម្មមិនបានបំពេញតាមផែនការផលិតរបស់ខ្លួន ព្រោះរងការខូចខាតពីព្យុះកាលពីឆ្នាំមុន»។ លោក គីម លើកឡើងបែបនេះ ដោយបន្តអំពាវនាវឱ្យ ដាក់ចេញចំណាត់ការផ្សេងៗ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះធម្មជាតិ ដោយយកការខូចខាតពីព្យុះកាលពីឆ្នាំមុនជាមេរៀន និងជាគន្លឹះ ដើម្បីសម្រចគោលដៅឆ្នាំនេះ។ 
 
ទន្ទឹមនេះ លោក គីម ក៏បានបញ្ជាឱ្យបក្សកាន់អំណាច ផ្តល់ស្បៀង សំលៀកបំពាក់ និងលំនៅដ្ឋានសម្រាប់ប្រជាជាជនដែលខ្វះខាត ក្នុងគ្រាអាសន្ននេះផងដែរ។ 
 
កន្លងមក មេដឹកនាំកូរ៉េខាងជើងរូបនេះ ផ្តោតសំខាន់ទៅលើកម្មវិធីនុយក្លេអ៊ែរ ខណៈវិស័យកសិកម្មបានធ្លាក់ចុះ ក្រោយព្យុះវាយប្រហារប្រទេសមួយនេះ។ ផលិតផលនាំចូល ជាពិសេសស្បៀងអាហារត្រូវបានផ្អាក ដោយសារជំងឺកូវីដ-19 បានអុកឡុកខ្លាំងនៅប្រទេសជិតខាង និងពិភពលោក ដែលធ្វើឱ្យកូរ៉េខាងជើងបង្ខំចិត្តបិទព្រំដែនខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលមកក្នុងស្រុក។ មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់រាយការណ៍ពីករណីឆ្លងជំងឹកូវីដ-១៩ ក្នុងប្រទេសនៅឡើយទេ។ 
 
គួររំលឹកថា លោក គីម នៅខែមករាកន្លងមក បានទទួលស្គាល់ថា ផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំកូរ៉េខាងជើង បានទទួលបរាជ័យស្ទើរតែគ្រប់វិស័យ ស្របពេលកង្វះស្បៀងអាហារ។ បញ្ហាស្បៀងអាហារកូរ៉េខាងជើង កាន់តែប្រឈមថែមទៀត ដោយសារតែទណ្ឌកម្មពីបរទេស ជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ផងដែរ។ ផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំ ក៏ត្រូវបានរួមបញ្ចូលទាំងការអភិវឌ្ឍលើវិស័យកសិកម្មផងដែរ៕
 

Tag:
 កូរ៉េខាងជើង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com