ជាតិ
សង្គមជាតិ
មហាផ្ទៃ និងសាធារណការនឹងអនុវត្តនីតិវិធីដកពិន្ទុបណ្ណបើកបរតាមកម្មវិធីទូរសព្ទដៃ
16, Jun 2021 , 5:30 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជុន និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជុន និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១
ដោយ:
ភ្នំពេញ៖ ក្រសួងសាធារណការ សហការជាមួយក្រសួងមហាផ្ទៃ ពន្លឿនការរៀបចំនីតិវិធី អនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ តាមយៈកម្មវិធីលើទូរសព្ទដៃស្មាតហ្វូត (App) ចំពោះអ្នកល្មើសនឹងច្បាប់ ចរាចរណ៍ផ្លូវគោក។ នេះបើតាមការផ្សាយព័ត៌មានរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

 
 
តាមការផ្សាយព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សមត្ថកិច្ចនគរបាល ចរាចរណ៍នឹងមានតួនាទីដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ ក្នុងកម្មវិធីលើទូរសព្ទដៃ ចំពោះម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ កម្មវិធីនេះធ្វើឡើង ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។ 
 
«កម្មវិធីនេះ អាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាននៃបទល្មើស ដូចជាមិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញាជាដើម»។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ 
 
យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមាន ពិន្ទុសរុប១២ពិន្ទុ។ ក្នុងករណីម្ចាស់បណ្ណបើកបរណាបានប្រព្រឹត្តបទល្មើសចរាចរណ៍ នឹងត្រូវកាត់១ពិន្ធុ ដល់៦ពិន្ទុ។ ប្រសិនម្ចាស់បណ្ណបើកបរ ត្រូវបានកាត់អស់ពិន្ទុ បណ្ណបើកបររបស់ពួកគេនឹងអស់សុពលភាព។ ប៉ុន្តែករណីដែលពួកគេចង់បានបណ្ណបើកបរថ្មី គឺពួកគេត្រូវតែប្រឡងយកបណ្ណបើកបរឡើងវិញត្រឹមរយៈពេលយ៉ាងតិច៦ខែ។ 
 
មុនផែនការអនុវត្តនីតិវិធីកាត់ពិន្ទុលើបណ្ណបើកបរនេះ ត្រូវបានអនុម័តឡើង ក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកពាក់ព័ន្ធ នឹងកែសម្រួលនីតិវិធីអនុវត្តកាត់ពិន្ទុលើបណ្ណបើកបរនេះឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីជោគជ័យក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ 
 
ក្រោយពីគម្រោងនេះត្រូវបានអនុម័តឡើង ក្រសួងសាធារណការ និងក្រសួងពាក់ព័ន្ធផ្សេងទៀត នឹងចូលរួមអប់រំផ្សព្វផ្សាយតាមគ្រឹះស្ថានអប់រំ, មូលដ្ឋាន,ស្ថាប័នគ្រប់គ្រងរបស់រដ្ឋនិងឯកជន គ្រប់រូបភាពទៅពលរដ្ឋដែលប្រើប្រាស់យានយន្តគ្រប់ប្រភេទ អំពីនីតិវិធីនៃការ កាត់ពិន្ទុបណ្ណបើកបរតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃ៕
 
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com