អន្តរជាតិ
ចិន រិះគន់អាមេរិកនិងសហភាពអឺរ៉ុប ដែលចោទខ្លួនអនុវត្តនយោបាយបង្ខំផ្នែកសេដ្ឋកិច្ច
16, Jun 2021 , 7:59 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ) លោកស្រីUrsula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុប
(ពីឆ្វេងទៅស្តាំ) លោកស្រីUrsula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុប
ស្ថានបេសកកម្មចិនប្រចាំនៅសហភាពអឺរ៉ុប នៅថ្ងៃទី១៦ ខែមិថុនា បានច្រានចោលសេចក្តីថ្លែងការណ៍រួមមួយរបស់អាមេរិក និងសហភាពអឺរ៉ុប ដែលបានអះអាង ចិនបានប្រើប្រាស់ការបង្ខិតបង្ខំដោយប្រើសេដ្ឋកិច្ចជាអាវុធ និងផ្សព្វផ្សាយព័ត៌មានមិនពិត។ បើតាមស្ថានបេសកកម្ម ចិនបដិសេធដាច់ខាតលើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។


ប្រធានបទចិន នៅតែមិនទៅណាឆ្ងាយពីសម្ព័ន្ធភាពអាមេរិក និងអឺរ៉ុប។ ក្នុងសេចក្តីថ្លែងការណ៍រួមក្រោយជំនួបកំពូលនៅថ្ងៃទី១៥ ខែមិថុនា អាមេរិក និងសហភាពអឺរ៉ុប បានបង្ហាញពីក្តីបារម្ភលើបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីងជាំង ទីបេ, ប្រជាធិបតេយ្យនៅហុងកុង, ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច, ការផ្សព្វផ្សាយព័ត៌មានមិនពិត។ មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍រួមដដែលនោះ ក៏បានបង្ហាញពីក្តីបារម្ភលើការប៉ុនប៉ងជាឯកតោភាគីនៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើតផងដែរ។ 
 
មួយថ្ងៃបន្ទាប់ ចិនបានបដិសេធទាំងស្រុង និងចាត់ទុកជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ស្ថានបេសកកម្មចិន ប្រចាំនៅសហភាពអឺរ៉ុប នៅក្នុងសេចក្កីថ្លែងការណ៍មួយរបស់ខ្លួន បានតបថា សេចក្តីថ្លែងការណ៍រួមអាមេរិក និងសហភាពអឺរ៉ុប មានចរិតបែបសង្គ្រាមត្រជាក់ និងនយោបាយជាប្លុក។ ក្នុងន័យនេះ ចិនបានហៅការចោទប្រកាន់ទាំងនោះ គឺលើសពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។  
 
តាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN ស្ថានបេសកកម្មចិន បានចាត់ទុកសេចក្តីថ្លែងការណ៍ខាងលើ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងជាការប្រឆាំងនឹងស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ រួមទាំងអន្តរជាតិ។ មិនតែប៉ុណ្ណោះ ចិន ក៏បានផ្តាំទៅអាមេរិក និងសហភាពអឺរ៉ុបផងដែរថា មិនចាំបាច់ប្រាប់ប្រទេសណាដាក់សម្ពាធលើប្រទេសណាមួយឡើយ ព្រោះសហគមន៍អន្តរជាតិ បានមើលឃើញច្បាស់ហើយ។ 
 
បើតាមស្ថានបេសកកម្ម ចិនបច្ចុប្បន្ន មិនដូចអតីតកាលឡើយ ព្រោះប្រជាជននឹងក្រោកឈរប្រឆាំងការគំរាមកំហែង។ ម្យ៉ាងវិញទៀត ចិន ក៏ផ្តោតលើការអភិវឌ្ឍប្រកបដោយសន្តិភាព រួមទាំងការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍របស់ខ្លួនដោយម៉ឺងម៉ាត់ផងដែរ។ 
 
សូមបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍រួមនោះ អាមេរិក និងសហភាពអឺរ៉ុប មិនសូវប្រើប្រាស់ឈ្មោះចិនប៉ុណ្ណោះឡើយ។ ចំណែកនៅត្រង់ចំណុចសមុទ្រចិនខាងត្បូង និងខាងកើត សហភាពអឺរ៉ុប និងអាមេរិក ក៏មិនបានដាក់ឈ្មោះចិនចំដែរ គ្រាន់តែលើកឡើងពីការជំទាស់ការប៉ុនប៉ងជាឯកតោភាគីប៉ុណ្ណោះ៕ 
 

Tag:
 ចិន
  អាមេរិក
  សហភាពអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com