ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ក្រសួងយុត្តិធម៌ រៀបចំបង្កើតវិធានការឃ្លាំមើលអ្នកទោស ដែលត្រូវដោះលែងដោយមានលក្ខខណ្ឌ
16, Jun 2021 , 8:29 pm        
រូបភាព
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ថ្លែងក្នុងសិក្ខាសាលាមួយ កាលពីអំឡុងខែតុលា ឆ្នាំ២០២០។ រូបពីក្រសួងយុត្តិធម៌
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ថ្លែងក្នុងសិក្ខាសាលាមួយ កាលពីអំឡុងខែតុលា ឆ្នាំ២០២០។ រូបពីក្រសួងយុត្តិធម៌
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាស ស្តីពីបែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និង ការបញ្ជូលទៅក្នុងសង្គមវិញ ចំពោះទណ្ឌិត ដែលត្រូវដោះលែងដោយមានលក្ខខណ្ឌ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។ ប្រកាសនេះ គឺជាយន្តការថ្មីមួយ ដែលកំណត់ពីដែនសមត្ថកិច្ចរបស់អាជ្ញាធរ ក្នុងការតាមដាន និងការឃ្លាំមើលអ្នកទោស (ទណ្ឌិត) ពេលចូលទៅរស់នៅក្នុងសង្គមវិញ បន្ទាប់ពីពួកគេ ត្រូវដោះលែងដោយភ្ជាប់ជាមួយលក្ខខណ្ឌ។ 



លោក គឺម សន្តិភាព មិនទាន់អាចបញ្ជាក់បានឡើយថា សេចក្តីព្រាងប្រកាសស្តីពីការឃ្លាំមើលអ្នកទោស ដែលត្រូវដោះលែងដោយមានលក្ខខណ្ឌ នឹងត្រូវដាក់ឲ្យអនុវត្តនៅពេលណា។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី១៥ ខែមិថុនា លោក ថ្លែងថា សេចក្តីព្រាងប្រកាសនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យឲ្យបានល្អិតល្អន់ ពោលគឺ ក្រៅពីឆ្លងកាត់ការត្រួតពិនិត្យនៅក្រសួងយុត្តិធម៌រួចហើយ នឹងត្រូវបញ្ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីចូលរួមត្រួតពិនិត្យបន្ថែម មុននឹងសម្រេចប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ។   
 
លោក បញ្ជាក់ថា៖«ដើម្បីធានាថា ទណ្ឌិត ពិតជាបានអនុវត្តលក្ខខណ្ឌ ដែលចៅក្រម បានសម្រេច ដើម្បីតម្រូវឲ្យបានច្បាស់លាស់ថា ទណ្ឌិត ពិតជាបានកែប្រែខ្លួន នៅពេលខ្លួន ទៅរស់នៅក្នុងសង្គមវិញ ថាតើអាជ្ញាធរសាធារណៈ ត្រូវធ្វើខ្លះ។ អ៊ីចឹង ការត្រួតពិនិត្យ [សេចក្តីព្រាងប្រកាស] នេះ មានការពិចារណាល្អិតល្អន់ណាស់ ពាក់ព័ន្ធនឹងនីតិវិធីក្តី ពាក់ព័ន្ធនឹងផ្លូវច្បាប់ក្តី ហើយជាពិសេសទាក់ទងនឹងសមត្ថភាពរបស់អាជ្ញាធរ ក្នុងការត្រួតពិនិត្យតាមដានទណ្ឌិត ដែលចូលទៅរស់នៅក្នុងសង្គម ដោយភ្ជាប់ជាមួយលក្ខខណ្ឌ...»។    
 
ការដោះលែងអ្នកទោសដោយមានលក្ខខណ្ឌ គឺមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា។ អ្នកទោស ដែលត្រូវដោះលែងដោយមានលក្ខខណ្ឌ គឺសំដៅដល់អ្នកទោស ដែលត្រូវបានអនុញ្ញាតឲ្យទៅរស់នៅក្នុងសង្គម ដោយភ្ជាប់ជាមួយលក្ខខណ្ឌ។ ភ្ជាប់ជាមួយលក្ខខណ្ឌ មានន័យថា អ្នកទោស ដែលអនុញ្ញាតឲ្យចូលទៅរស់នៅក្នុងសង្គម គឺត្រូវអនុវត្តតាមលក្ខខណ្ឌ ដែលតុលាការដាក់ឲ្យអនុវត្ត។ អ្នកទោស ដែលត្រូវបានដោះលែងដោយភ្ជាប់លក្ខខណ្ឌនោះ នៅតែមានឈ្មោះជាអ្នកទោសដដែល។ បើពួកគេ មិនអនុវត្តតាមលក្ខខណ្ឌ ដែលកំណត់នោះទេ ពួកគេ ប្រឈមនឹងការចាប់បញ្ជូនយកទៅឃុំវិញ។  
 
មានគោលការណ៍២សំខាន់ៗ ដែលអ្នកទោស អាចត្រូវបានដោះលែងដោយមានលក្ខខណ្ឌ។ ទី១ គឺរយៈពេលនៃការអនុវត្តទោសក្នុងពន្ធនាគារ និងទី២ គឺការកែប្រែខ្លួនរបស់អ្នកទោស។ ការពិនិត្យពិចារណា ថាតើអ្នកទោស បានអនុវត្តទោសក្នុងពន្ធនាគាររយៈពេលយូរប៉ុនណា និងបានកែប្រែខ្លួនល្អកម្រិត ដែលអាចទទួលបានការដោះលែងដោយមានលក្ខខណ្ឌ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។ 
 
គេ មិនដឹងនោះទេថា នឹងមានអ្នកទោសប៉ុន្មាននាក់ ដែលនឹងត្រូវដោះលែងដោយមានលក្ខខណ្ឌ បន្ទាប់ពីសេចក្តីព្រាងប្រកាសស្តីពីការឃ្លាំមើលអ្នកទោស ត្រូវបានប្រកាសដាក់ឲ្យអនុវត្ត។ គេ មិនទាន់ដឹងជាក់លាក់ដូចគ្នាថា អ្នកទោស ដែលត្រូវដោះលែងមានលក្ខខណ្ឌនោះ នឹងត្រូវតុលាការ អនុញ្ញាតឲ្យទៅរស់នៅជុំគ្នាក្នុងសហគមន៍ណាមួយ ឬក៏ទៅរស់នៅតាមទីលំនៅឋានរៀងៗខ្លួន។ 
 
គេ គ្រាន់តែអាចកត់សម្គាល់បានថា ការរៀបចំបង្កើតសេចក្តីព្រាងប្រកាសនេះឡើយ គឺស្របពេលដែលពន្ធនាគារនៅកម្ពុជា មានភាពចង្អៀតណែន ហើយជំងឺកូវីដ-១៩ ថែមទាំងបានរាលទៅដល់ពន្ធនាគារមួយចំនួនទៀត ដូចជា ពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ ពន្ធនាគារខេត្តកណ្តាល និង ពន្ធនាគារខេត្តព្រះសីហនុ ជាដើម។      
 
លោក គឹម សន្តិភាព លើកឡើងថា ការដោះលែងអ្នកទោសដោយមានលក្ខខណ្ឌ គឺដើម្បីលើកទឹកចិត្តដល់អ្នកទោស ដែលបានកែប្រែខ្លួនកន្លងមក និងដើម្បីផ្តល់ឱកាសដល់ពួកគេ អាចបន្តកែប្រែខ្លួន នៅពេលត្រូវបានដោះលែង ឲ្យចូលទៅរស់នៅក្នុងសង្គមវិញ។ លោក ចាត់ទុក ការដោះលែងអ្នកទោសដោយមានលក្ខខណ្ឌនេះ ថាជាយន្តការ១ អាចចូលរួមបន្ធូរបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។ ប៉ុន្តែ លោក អះអាងថា ទោះពន្ធនាគារ មានភាពចង្អៀតណែន និងផ្ទុះជំងឺកូវីដ-១៩ក៏ដោយ ក៏ការដោះលែងអ្នកទោស ត្រូវធ្វើទៅតាមច្បាប់ដែរ។ 
 
ដើម្បីលើកទឹកចិត្តដល់អ្នកទោស ដែលបានកែប្រែខ្លួន កម្ពុជា មានគោលការណ៍បន្ធូរបន្ថយទោស និងលើកលែងទោស ឲ្យអ្នកទោសចំនួន៥ដង ក្នុង១ឆ្នាំ រួមមាន ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងពិធីបុណ្យវិសាខបូជា ក្នុងពិធីបុណ្យឯករាជ្យជាតិ ក្នុងពិធីបុណ្យអុំទូក និង ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍។ ការបន្ធូរបន្ថយទោស និង ការលើកលែងទោស គឺជាការសម្រេចព្រះរាជហឫទ័យរបស់ព្រះមហាក្សត្រ ដោយមានសំណើពីនាយករដ្ឋមន្រ្តី ហើយនាយករដ្ឋមន្រ្តី ទទួលបានសំណើនោះ ពីគណៈកម្មការជាតិទទួលបន្ទុកពិនិត្យការបន្ធូរបន្ថយទោសនិងការលើកលែងទោស។  
 
អ្នកទោស ដែលទទួលបានការបន្ធូរបន្ថយទោសពីព្រះមហាក្សត្រ គឺត្រូវបន្តជាប់ឃុំដដែល តែទោសជាប់ឃុំនោះ ត្រូវបានកាត់បន្ថយ។ អ្នកទោស ដែលទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ត្រូវបានដោះលែងពីការឃុំឃាំង ហើយលែងមានឈ្មោះជាអ្នកទោស ដែលត្រូវតុលាការ ឬអាជ្ញាធរតាមឃ្លាំមើលទៀតដែរ។ អ្នកទោស ដែលទទួលបានការដោះលែងដោយមានលក្ខខណ្ឌពីតុលាការ គឺនៅតែមានឈ្មោះជាអ្នកទោស និងត្រូវបានអាជ្ញាធរ តាមឃ្លាំមើល។ គោលការណ៍ដោះលែងអ្នកទោស ដោយមានលក្ខខណ្ឌនេះ អាចចាត់ទុកជាគោការណ៍១បន្ថែមទៀត ខណៈកម្ពុជា បានអនុវត្តរួចមកហើយ នូវគោលការណ៍ដោះលែងអ្នកទោសចំនួន៥ដង ក្នុង១ឆ្នាំ។ 
 
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា អង្គការសង្គមស៊ីវិល តែងបារម្ភពីអ្នកជាប់ឃុំ ខណៈពន្ធនាគារ មានភាពចង្អៀតណែន ហើយពន្ធនាគារខ្លះ មានផ្ទុះជំជឺកូវីដ-១៩ ដូច្នេះហើយ ទើបអង្គការសង្គមស៊ីវិល ស្នើឲ្យមានការដោះលែងអ្នកជាប់ឃុំខ្លះជាបណ្តោះអាសន្ន ដូចជា អ្នកជាប់ឃុំបណ្តោះអាសន្ន (អ្នកជាប់ឃុំមិនទាន់ត្រូវបានកាត់ទោស) អ្នកជាប់ឃុំ ដែលជិតផុតទោស អ្នកជាប់ឃុំជាស្រ្តីមានកូនតូចៗឬមានផ្ទៃពោះ អ្នកជាប់ឃុំជាចាស់ជរា អ្នកជាប់ឃុំមានជំងឺប្រចាំកាយ និង អ្នកជាប់ឃុំជាអនីតិជន (អាយុក្រោម១៨ឆ្នាំ) ជាដើម។ 
 
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ មន្រ្តីសង្គមស៊ីវិលរូបនេះ ស្នើដូច្នេះថា៖«ការដោះលែង ដោយមានលក្ខខណ្ឌក្តី ឬតាមមធ្យោបាយណាក្តី ត្រូវភ្ជាប់ដោយតម្លាភាព និងយុត្តិធម៌ ដោយគ្មានការរើសអើង»។
 
គិតត្រឹមឆ្នាំ២០២១នេះ កម្ពុជា មានអ្នកជាប់ឃុំសរុបប្រមាណ៤ម៉ឺននាក់៕ 
 

Tag:
 ដោះលែងអ្នកទោសដោយមានលក្ខខណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com