អន្តរជាតិ
លោក ប្រាយុទ្ធ សុំទោសចំពោះការពន្យារពេលការចាក់វ៉ាក់សាំងកូវីដ-១៩ រូបថត AFP
×
ដោយ៖ ជា ពេជ្រដាឡែន
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៥ ខែមិថុនា បានសុំទោសប្រជាជនចំពោះការពន្យារពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ មូលហេតុនៃការពន្យារពេលនេះបណ្ដាលមកពីបញ្ហារាំងស្ទះ ការផ្គត់ផ្គង់ និងការចែកចាយវ៉ាក់សាំង។
«ខ្ញុំសុំទោសចំពោះបញ្ហានេះ ហើយខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងលើការដោះស្រាយបញ្ហាមួយនេះ ផងដែរ»។ ប្រមុខរដ្ឋាភិបាលថៃ ប្រាយុទ្ធ ចន្ទអូចា ប្រាប់ទៅកាន់អ្នកសារព័ត៌មានបែបនេះនៅថ្ងៃទី ១៥ ខែមិថុនា ខណៈដែលថៃកំពុងជួបបញ្ហាខ្វះខាតវ៉ាក់សាំងចាក់ឱ្យប្រជាជនខ្លួន។ លោក ប្រាយុទ្ធ ក៏ប្ដេជ្ញា ចិត្តនឹងស្ដារស្ថានភាពឱ្យបានប្រសើរជាងនេះ។
បញ្ហារាំងស្ទះការផ្គត់ផ្គង់ និងការចែកចាយវ៉ាក់សាំងកូវីដ-១៩ ធ្វើឱ្យមន្ទីរពេទ្យនៅបាងកក មួយចំនួន ត្រូវផ្អាកការចាក់វ៉ាក់សាំងក្នុងសប្ដាហ៍នេះ។ ទាក់ទងរឿងនេះ រដ្ឋមន្ត្រីសុខាភិបាលថៃធ្លាប់បកស្រាយថា ទំនងមានការភាន់ច្រឡំរវាងមន្ទីរពេទ្យ និងរដ្ឋបាលក្រុងបាងកកលើការចែកវ៉ាក់សាំង។
យុទ្ធនាការចាក់វ៉ាក់សាំងនៅថៃ ពឹងផ្អែកយ៉ាងខ្លាំងទៅលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ដែលនាំចូលពីចិន និងក្រុមហ៊ុន AstraZeneca ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុកដែល គ្រប់គ្រងដោយ ស្តេច Siam Biotech ។ ក្រុមហ៊ុននេះក៏ផលិតវ៉ាក់សាំង របស់ AstraZeneca សម្រាប់ប្រទេសក្នុងតំបន់ផងដែរ ប៉ុន្តែការនាំចេញក៏ជួបបញ្ហាដូចគ្នា។ តៃវ៉ាន់ និងម៉ាឡេស៊ី ដែលបញ្ជាទិញវ៉ាក់សាំងពីថៃ ធ្លាប់លើកឡើងថា ការដឹកជញ្ជូនត្រូវពន្យារពេល ព្រោះថៃត្រូវការវ៉ាក់សាំងដែរ។ ម្យ៉ាងវិញទៀត ប្រទេសថៃក៏កំពុងព្យារយាមទិញវ៉ាក់សាំងចម្រុះប្រភេទបន្ថែមទៀត ក្នុងប៉ុន្មានខែថ្មីៗនេះ។
ខណៈការផ្គត់ផ្គង់របស់រដ្ឋាភិបាលជួបបញ្ហា វិស័យឯកជនថៃ និងស្ថាប័នរដ្ឋខ្លះ ក៏ងាកទៅរកស្ថាប័នមួយទៀតដែលគ្រប់គ្រងដោយអនុជស្ដេចវិញ។ បណ្ឌិត្យសភា Chulaborn ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះនាង Chulaborn និយាយថា ក្រុមហ៊ុនឯកជននិង ស្ថាប័នថ្នាក់ខេត្តប្រមាណ ៧,០០០ស្ថាប័ន បានប្រជែងគ្នាដើម្បីទទួលបានវ៉ាក់សាំងដែលនាំចូលដោយបណ្ឌិត្យសភា ។ កាលពីសប្ដាហ៍មុន បណ្ឌិត្យសភានេះ អះអាងថា វ៉ាក់សាំង Sinopharm ចំនួន ១លានដូសនឹងទៅដល់ថៃនៅថ្ងៃទី២០ ខែមិថុនា។
រហូតមកដល់ពេលនេះ ប្រជាជនចំនួន៤,៧៦លាននាក់ក្នុងចំណោមប្រជាជនថៃជាង ៦៦ លាននាក់ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com