លោក ឃួង ស្រេង ចេញវិធានការគ្រប់គ្រងការរាតត្បាតកូវីដ-១៩ តាមរោងចក្រ-សហគ្រាសនៅភ្នំពេញ
ជាតិ
លោក ឃួង ស្រេង ចេញវិធានការគ្រប់គ្រងការរាតត្បាតកូវីដ-១៩ តាមរោងចក្រ-សហគ្រាសនៅភ្នំពេញ
16, Jun 2021 , 9:29 pm        
រូបភាព
កម្មករចេញពីធ្វើការនៅតាមយផ្លូវជាតិលេង៣ចន្លោះផ្សារដើមរការនិងផ្សារត្រាំខ្នារចេញពីធ្វើការនៅល្ងាចថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២១។ (រូបដោយ៖ កញ្ញា ជឿន ស្រីណយ )
កម្មករចេញពីធ្វើការនៅតាមយផ្លូវជាតិលេង៣ចន្លោះផ្សារដើមរការនិងផ្សារត្រាំខ្នារចេញពីធ្វើការនៅល្ងាចថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២១។ (រូបដោយ៖ កញ្ញា ជឿន ស្រីណយ )
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់ចេញវិធានការចាំបាច់ ៣ដំណាក់កាល ដើម្បីគ្រប់គ្រងការរីករាលដាលកូវីដ-១៩ នៅតាមបណ្ដារោងចក្រ-សហគ្រាសនៅភ្នំពេញ។ ដំណាក់កាលទាំង៣នោះមាន វិធានការចំពោះមុខ, វិធានការមធ្យម និងវិធានការរយៈពេលវែង។


លោក ឃួង ស្រេង បានសង្កេតឃើញថា នៅតាមបណ្ដារោងចក្រ-សហគ្រានៅភ្នំពេញមួយចំនួន នៅតែបន្តឆ្លងកូវីដ-១៩ រាយប៉ាយលើកម្មករ។ មូលហេតុចម្បងនៃការឆ្លងនេះ គឺការស្នាក់នៅប្រមូលម្ដុំឬអគារជួលរួមគ្នា, ការធ្វើដំណើរចម្រុះគ្នាក្នុងមធ្យោបាយធ្វើដំណើរតែមួយ, កន្លែងទិញអាហារ និងមិនបានអនុវត្តន៍វិធានការសុខាភិបាលជាដើម។ នេះបើតាមលិខិតផែនការគ្រប់គ្រងការរីករាលដាលជំងឺ-១៩ តាមបណ្ដារោងចក្រ-សហគ្រាស ដោយសារការឆ្លងកូវីដ-១៩ ចេញថ្ងៃទី១៥មិថុនា។ 
 
ដោយពិនិ្យតឃើញស្ថានភាពឆ្លងរាលដាលបែបនេះ អភិបាលរាជធានីភ្នំពេញសម្រេចដាក់វិធានការជាបីដំណាក់កាល ដើម្បីធានានូវសុខុមាលភាព សុវត្តិភាព ជីវភាពរបស់កម្មករ ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស។ 
 
ដំណាក់កាលទី១ គឺវិធានការចំពោះមុខ សម្រាប់អនុវត្តនៅពេលបច្ចុប្បន្ន។ វិធានការនេះ គឺជំរុញឲ្យម្ចាស់រោងចក្រ-សហគ្រាស អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង-ស្ថានប័នជំនាញពាក់ព័ន្ធ ពិសេស គឺការផ្អាកនិងបើកឡើងវិញនូវអាជីវកម្ម។ ទន្ទឹមនឹងនេះ គឺការជំរុញការចាក់វ៉ាក់សាំង ដល់កម្មករ-និយោជិតនៅភ្នំពេញ។ 
 
ដំណាក់កាលទី២ គឺវិធានកាលរយៈពេលមធ្យម សម្រាប់អនុវត្តមិនលើសពី១ឆ្នាំ។ វិធានការនេះ គឺម្ចាស់រោងចក្រ-សហគ្រាសត្រូវរៀបឲ្យមានច្រកសម្រាប់សង្គ្រោះបន្ទាន់, ចក្រចេញ-ចូល, បន្ទាប់សម្រាក, កន្លែងទទួលទានអាហារ ព្រមទាំងរក្សាអនាម័យគ្រប់កន្លែង ពិសេសបន្ទប់ទឹក។ ភាគីរោងចក្រត្រូវត្រៀមឧបករណ៍តេស្តរហ័សរកកូវីដ-១៩ និងសហការជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីពិនិត្យនិងទប់ស្កាត់ឲ្យបានទាន់ពេល។ លើសពីនេះ ត្រូវធ្វើបញ្ជីឈ្មោះនិងព័ត៌មានចាំបាច់ពីកម្មករ រាយការណ៍ដល់ក្រសួងការងារ ហើយបន្តណែនាំដល់កម្មនូវវិធានការផ្សេងៗសម្រាប់ការពារកូវីដ-១៩ដល់កម្មករ។ 
 
ចំណែក កម្មករ-និយោជិតវិញ ត្រូវការបន្ថយការធ្វើដំណើររួមគ្នា និងមិនត្រូវអនុញ្ញាតឲ្យកម្មករធ្វើការរោងចក្រផ្សេងស្នាក់ជាមួយឡើយ។ កម្មករទាំងអស់ត្រូវរក្សាអនាម័យផ្ទាល់ខ្លួន និងកាប់ព័ត៌មានឲ្យច្បាស់លាស់ ជៀសវាងជឿតាមការបំផុសបំផុសរបស់បុគ្គលមួយចំនួន។ 
 
ដំណាក់កាលទី៣ គឺវិធានការរយៈពេលវែង សម្រាប់អនុវត្ត១ឆ្នាំទៅ៥ឆ្នាំ។ វិធានការនេះ ម្ចាស់រោងចក្រ-សហគ្រាសទាំងអស់ គួររៀបកន្លែងការងាររបស់ខ្លួនឲ្យមាហេដ្ឋារចនាសម្ព័នសង្ដ់ដារ ដោយមានបន្ទប់ស្នាក់នៅ អាហារដ្ឋាន ទារកដ្ឋាន ចំណតយានយន្ត និងសួនច្បារជាដើម។ ភាគីរោងចក្រ គួររៀបចំមធ្យោបាយធ្វើដំណើររួមសម្រាប់កម្មករ ដោយបដិភាគចំណាយតាមការព្រមព្រៀងគ្នាជាមួយកម្មករ។ ម្ចាស់រោងចក្រនិងសហគ្រាស គួរបង្វែរមូលដ្ឋានអាជីវកម្មរបស់ខ្លួនទៅតំបន់សេដ្ឋកិច្ចពិសេស ព្រោះជាមជ្ឈមណ្ឌលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម។ ក្រៅពីនេះ ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានកម្មករជាប្រចាំ ហើយគួររៀបចំតាមប្រព័ន្ធបច្ចេកវិទ្យា Digital ដើម្បីងាយស្រួលគ្រប់គ្រងទិន្នន័យ។ 
 
គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២១នេះ នៅភ្នំពេញមានរោងចក្រ៧៤៦មូលដ្ឋាន ហើយឧស្សាហកម្មខ្នាតតូច-សិប្បកម្មមាន៤៩៨៥មូលដ្ឋាន។ រោងចក្រនិងសិប្បកម្មទាំងនេះ បានជួយបង្កើតការងារដោយផ្ទាល់ជាង៤៧ម៉ឺននាក់ និងប្រយោលជាងច្រើនសែននាក់ទៀត។ ថ្មីៗនេះ អនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញក៏ បានចុះបញ្ជីឲ្យរោងចក្រវិនិយោគចំនួន៣៤មូលដ្ឋានបន្ថែមទៀតផងដែរ៕ 
 
 
 

Tag:
 រោងចក្រ
  សហគ្រាស
© រក្សាសិទ្ធិដោយ thmeythmey.com