ជាតិ
គម្រោងដាំ«ក្រវាញ»ក្នុងសហគមន៍ទំព័រ នឹងក្លាយជាគោលដៅអភិរក្សដ៏សំខាន់
17, Jun 2021 , 8:29 am        
រូបភាព
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងបរិស្ថាន បានជំរុញឱ្យមានគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដើម្បីរៀបចំសហគមន៍ដាំក្រវាញ ផ្គត់ផ្គង់លើទីផ្សារ។ គម្រោងដាំក្រវាញនេះ នឹងរៀបចំនៅសហគមន៍ទំព័រ ដែលអាចជួយបង្កើតប្រាក់ចំណូល និងជួយអភិរក្សក្រវាញក្នុងតំបន់ការពារក្នុងខេត្តពោធិ៍សាត់។



«ក្រវាញ» ជាប្រទាលមួយប្រភេទ ផ្លែធ្វើជាតែ ឬឱសថ,គមប្រើជាបន្លែ និងហាលឱ្យស្ងួតសម្រាប់ធ្វើជាភេជ្ជៈសម្រាប់ទទួលទាន់។ សព្វថ្ងៃ ក្រវាញមានដុះនៅតំបន់មួយចំនួនក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ រុក្ខជាតិ «ក្រវាញ» អាចផ្តល់គមបានពេញមួយឆ្នាំ។ ពលរដ្ឋអាចប្រមូលផល ពីគមក្រវាញបានច្រើន នៅរដូវវស្សា ចាប់ពីខែកក្កដា ដល់ខែធ្នូជារៀងរាល់ឆ្នាំ។ រីឯផ្លែក្រវាញទុំ គេតែងប្រមូលបាននៅរដូវប្រាំង។
 
លោក គង់ ពុទ្ធីវ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រាបសារព័ត៌មាន Thmey Thmey25 ថា បច្ចុប្បន្នគមក្រវាញនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ក្នុងព្រៃសហគមន៍នៅមានតិចតួច មិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងតំបន់  និងសម្រាប់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តនេះបាននៅឡើយ។ ប្រធានមន្ទីរបរិស្ថានរូបនេះ បន្ដថា ក្រវាញមិនសូវសម្បូរ និងពិបាករក។ «នេះក្រវាញខ្ញុំទើបនឹងទិញបាន មួយគីឡូក្រាម៣ម៉ឺន៥ពាន់រៀល។ ទម្រាំតែបាន បញ្ជាទិញគេពីរ ឬបីថ្ងៃទុកមុន។ នេះទីផ្សារនៅប្រម៉ោយ នៅខេត្តអត់មានទេ »។ នេះជាការលើកឡើងរបស់លោក គង់ ពុទ្ធីវ៉ា។


រូបភាពផ្តល់ដោយ លោក គង់ ពុទ្ធីវ៉ា 

ចំណែកលោក រី ភារម្យ នាយកឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលវិញ លើកឡើងថា បច្ចុប្បន្ននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលមានផ្ទៃដី៥០៦ហិកតា មានក្រវាញដុះតាមតំបន់ តែមិនសូវមានច្រើនទេ។ នាយកឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល សង្កេតឃើញថា ក្រវាញទាំងអស់នោះលូតលាស់យឺត និងត្រូវបានគំរាមកំហែងពីមនុស្ស។
 
លោក រី ភារម្យ បញ្ជាក់យ៉ាងដូច្នេះ៖ «ក្រវាញ ជារុក្ខជាតិត្រូវការអាកាសធាតុត្រជាក់ និងតំបន់ដីសើម។ បច្ចុប្បន្នក្នុងព្រៃខ្សត់ក្រវាញ។ វាបណ្ដាលមកពីការដកយកគម រម្លើងទាំងគ្មានបច្ចេកទេស និងកត្តាភ្លើងឆេះព្រៃនៅរដូវប្រាំង»។
 
បច្ចុប្បន្ន តម្រូវការក្រវាញពេញនិយមនៅក្នុងខេត្តពោធិ៍សាត់ ប៉ុន្តែមិនសូវមានអ្នកផ្គត់ផ្គង់។ លោក គង់ ពុទ្ធីវ៉ា សង្ឃឹមថាគម្រោងជំរុញការដាំក្រវាញរបស់ក្រសួងបរិស្ថាន ក្នុងសហគមន៍ទំព័រ ដែលមានគ្រួសារចំនួន១១៦ នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែងខេត្តពោធិ៍សាត់ នឹងអាចជួយបង្កើតចំនួនផលិតផលក្រវាញសម្រាប់ទេសចរ និងលក់លើទីផ្សារ។


រូបភាពផ្តល់ដោយ លោក គង់ ពុទ្ធីវ៉ា 
 
ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់រូបនេះ យល់ឃើញថាគម្រោងជំរុញការដាំក្រវាញនៅក្នុងសហគមន៍ទំព័រ ដែលមានផ្ទៃដី៤៦០ហិកតា នឹងផ្ដល់ប្រយោជន៍ច្រើនដល់ពលរដ្ឋក្នុងស្រុក និងក្រសួងបរិស្ថាន។ ពលរដ្ឋក្នុងសហគមន៍ អាចរកចំណូលបាននៅក្នុងសហគមន៍ ដោយមិនចាំបាច់ចូលព្រៃអាស្រ័យផលក្នុងតំបន់ការពារ ដែលត្រូវបានហាមឃាត់ដោយច្បាប់។ ម្យ៉ាងក្រសួងបរិស្ថាន ក៏អាចអភិរក្សតំបន់ដែលមានរុក្ខជាតិក្រវាញ ដោយនិរន្តរភាពសម្រាប់តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិនៅកម្ពុជា បានកាន់តែលឿន។
 
«ប្រសិនបើដំណើរការដំបូង នៃការដាំក្រវាញក្នុងសហគមន៍ទំព័រជោគជ័យ ក្រសួងបរិស្ថាន និងពលរដ្ឋមានសង្ឃឹមច្រើនសម្រាប់ការផែនការបន្ត ដើម្បីជួយជំរុញផលិតផលក្រវាញ។ ប៉ុន្ដែក្នុងពេលនេះ ទើបចាប់ផ្ដើមខ្ញុំមិនអាចនិយាយអ្វីលើសពីនេះបាននៅឡើយទេ»។ នេះជាបញ្ជាក់របស់ គង់ ពុទ្ធីវ៉ា៕


រូបភាពផ្តល់ដោយ លោក គង់ ពុទ្ធីវ៉ា 

រូបភាពផ្តល់ដោយ លោក គង់ ពុទ្ធីវ៉ា 
 
 

Tag:
 ក្រវាញ
  គម្រោង
  ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com