អន្តរជាតិ
ការវិនិយោគវិស័យធ្យូងថ្មនៅបរទេសរបស់ចិន ត្រូវលុបចោលច្រើនជាងការដាក់ឱ្យដំណើរការ រូបថត AFP
×
ដោយ ជា ពេជ្រដាឡែន
មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់បរិសុទ្ធ (CREA) ថ្ងៃទី១៦ ខែមិថុនា បានចេញរបាយការណ៍មួយដែលរកឃើញថា ការវិនិយោគរបស់ចិនលើថាមពលធ្យូងថ្មបរទេសត្រូវបានលុបចោល ច្រើនជាងការដាក់ឱ្យដំណើរការ។ ការលុបចោលការវិនិយោគនេះ បង្ហាញពីការផ្លាស់ប្ដូរនិន្នាការក្នុងការបង្កើតថាមពល និងជាសញ្ញាថា វិស័យធ្យូងថ្ម កំពុងជួបបញ្ហានៅពេលពិភពលោកកំណត់ទិសដៅថាមពលបៃតងនោះ។
ជាលើកដំបូងគិតតាំងពីឆ្នាំ២០១៧ ការវិនិយោគរបស់ចិនលើសមត្ថភាពបង្កើតថាមពលដើរធ្យូងថ្មនៅឯបរទេស ថយចុះចំនួន៤,៥ភាគរយធៀបនឹងការដាក់ដំណើរការ ឬសាងសង់រោងចក្រ។ ការកំណត់គោលដៅកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតរបស់ប្រទេសនានារាប់ទាំងចិនផង ជាមូលហេតុចម្បងដែលនាំឱ្យគម្រោងវិនិយោគរបស់ចិនលើវិស័យនេះត្រូវលុបចោល។
ចិន ជាប្រភពទុនដ៏ធំមួយក្នុងការវិនិយោគក្នុងវិស័យធ្យូងថ្ម។ បើតាមរបាយការណ៍របស់ CREA តាំងពីឆ្នាំ២០១៦ មក ធនាគារធំទាំង១០ ដែលផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងរោងចក្រថាមពលដើរដោយធ្យូងថ្ម ជាធនាគារចិន។ លើសពីនេះ រោងចក្រធ្យូងថ្មនៅក្រៅចិនប្រមាណ១២ភាគរយ មានទំនាក់ទំនងជាមួយស្ថាប័នរបស់ចិនទាំងធនាគារ ក្រុមហ៊ុនគ្រឿងបរិក្ខារ និងក្រុមហ៊ុនសាងសង់ជាដើម។
សូមបញ្ជាក់ថា ធ្យូងថ្ម ជាប្រភពដ៏ធំបំផុតមួយនៃការបំភាយឧស្ម័នកាបូនឌីអុកស៊ីតទៅកាន់បរិយាកាស ដែលធ្វើឱ្យកម្ដៅពិភពលោកកើនឡើងជាបន្តបន្ទាប់ ខណៈធ្យូងថ្ម ក៏ជាប្រភពថាមពលដ៏សំខាន់មួយផងដែរ។ ដូចនេះ ចលនាលុបចោលគម្រោងវិនិយោគ កំពុងធ្វើឱ្យការប្រកួតប្រជែងក្នុងវិស័យនេះជួបបញ្ហា។
យ៉ាងណាមិញ ចិនផ្ទាល់ ក៏បានដាក់គោលដៅកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មីដើម្បីជួយកាត់បន្ថយការបំភាយឧស្ម័នពុលផងដែរ។ បច្ចុប្បន្ន ចិនកំពុងរៀបចំគោលនយោបាយដើម្បីឈានដល់គោលដៅគ្មានកាបូនឌីអុកស៊ីតនៅឆ្នាំ២០៦០ ។ ប៉ុន្តែចិន នឹងបន្តប្រើប្រាស់ធ្យូងថ្មដើម្បីផលិតថាមពលរហូតដល់ឆ្នាំ២០២៦ សិន។
ជាមួយគ្នានេះ ក្រុមសកម្មជនបរិស្ថាន ក៏ទាមទារឱ្យចិនបញ្ឈប់ទាំងស្រុងការផ្ដល់លុយដើម្បីអនុវត្តគម្រោងរោងចក្រថាមពលដើរដោយធ្យូងថ្ម។ ជំនួយមកវិញ ចិនគួរផ្ដល់ហិរញ្ញវត្ថុលើការងារថាមពលបៃតងឱ្យបានច្រើនវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com