ជាតិ
កិច្ចគាំពារមាតុភាព៖ គន្លឹះនៃជីវិត ប្រកបដោយភាពថ្លៃថ្នូរ សម្រាប់ស្រ្ដីទាំងអស់ក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន
17, Jun 2021 , 9:29 am        
រូបភាព
អ្នកស្រី សុវណ្ណ ជាកម្មករតាមផ្ទះនៅពេលថ្ងៃ និងជាអ្នករត់ម៉ូតូកង់បីនៅពេលយប់។ ជាស្រ្ដីមេម៉ាយរស់នៅតែម្នាក់ឯង គ្មានអ្នកមើលថែកូនរបស់គាត់នៅផ្ទះ អ្នកស្រី សុវណ្ណ ត្រូវនាំកូនស្រីដែលមានអាយុ ៨ឆ្នាំទៅជាមួយនៅពេលត្រូវរត់ម៉ូតូកង់បីជារៀងរាល់ថ្ងៃ ។ រូបភាព៖ អុកស្វាម
អ្នកស្រី សុវណ្ណ ជាកម្មករតាមផ្ទះនៅពេលថ្ងៃ និងជាអ្នករត់ម៉ូតូកង់បីនៅពេលយប់។ ជាស្រ្ដីមេម៉ាយរស់នៅតែម្នាក់ឯង គ្មានអ្នកមើលថែកូនរបស់គាត់នៅផ្ទះ អ្នកស្រី សុវណ្ណ ត្រូវនាំកូនស្រីដែលមានអាយុ ៨ឆ្នាំទៅជាមួយនៅពេលត្រូវរត់ម៉ូតូកង់បីជារៀងរាល់ថ្ងៃ ។ រូបភាព៖ អុកស្វាម
ដោយ លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាម
 
អ្នកសាកស្រមៃមើលថា អ្នកគឺជាអ្នកស្រីសុវណ្ណ។ អ្នកកំពុងចិញ្ចឹមកូនស្រីតែម្នាក់ឯង។ នៅពេលមានជម្ងឺរាតត្បាតកូវីដ១៩ចាប់ផ្តើមឡើង ប្រាក់ឈ្នួលរបស់អ្នកដែលជាកម្មករធ្វើការតាមផ្ទះ ត្រូវបានកាត់ពាក់កណ្តាល។ ទោះបីជារងការវាយតម្លៃពីអ្នកដទៃ និងមានហានិភ័យសុវត្ថិភាពខ្ពស់ ក៏ដោយ អ្នកនៅតែសម្រេចចិត្តរត់ម៉ូតូកង់បី នៅពេលយប់ដើម្បីរ៉ាប់រងរាល់ថ្លៃឈ្នួល និងការចំណាយ ប្រចាំថ្ងៃ។ អ្នកនៅតែទន្ទឹងរង់ចាំជំនួយខ្លះៗពីខាងបេឡាជាតិសន្តិសុខសង្គម សម្រាប់កម្មករដូចខ្លួន អ្នក។ រហូតមកដល់ពេលនេះ អ្នកខិតខំប្រឹងប្រែងធ្វើការហើយត្រូវនាំកូនស្រីអាយុ ៨ឆ្នាំទៅជាមួយ នៅពេលរត់ម៉ូតូកង់បី ព្រោះគ្មានអ្នកណាមើលថែនាងនៅផ្ទះបាន។

 
ខ្ញុំជាម្តាយមួយរូប មានកូនតូចពីរនាក់ក្នុងបន្ទុក មានការងារធ្វើពេញម៉ោង។ ខ្ញុំពិបាកក្នុង ការស្រមៃ និងដាក់ខ្លួនខ្ញុំទៅក្នុងស្ថានភាពរបស់អ្នកស្រីសុវណ្ណ ឬទៅក្នុងស្ថានភាពម្តាយដទៃៗទៀត ដែលធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ។  ខ្ញុំមានសំណាងជាងពួកគាត់ ព្រោះខ្ញុំបានទទួលអត្ថប្រយោជន៍ និងប្រាក់ថែទាំកូនពេញលេញ ដែលជាផ្នែកមួយនៃអត្ថប្រយោជន៍ការងាររបស់ខ្ញុំ។  អ្នកខ្លះប្រហែលជាអាចនិយាយថា នេះជាភព្វសំណាងរបស់ខ្ញុំ។ ប៉ុន្តែហេតុអ្វីបានជាពួកគាត់និយាយដូច្នេះ?  តើការទទួលបានប្រាក់អត្ថប្រយោជន៍សម្រាប់ការមើលថែទាំកូន គឺជាអំណោយដែលព្រះ ប្រទានឱ្យ  ឬជាអំណោយសប្បុរសធម៌ឬ?  ឬជាសិទ្ធិរបស់ម្តាយទាំងអស់ ដែលធ្វើការដូចខ្ញុំ និងអ្នកស្រីសុវណ្ណ គួរតែទទួលបាន?
 
ស្រ្ដីដែលជាកម្មករជាច្រើននៅក្នុងប្រទេសកម្ពុជា មានរឿងរ៉ាវនានាស្រដៀងនឹងអ្នកស្រី សុវណ្ណ។ ដូចអ្នកស្រីសុវណ្ណអញ្ចឹង ស្ត្រីដើរតួនាទីជាម្តាយផង និងជាអ្នកមើលថែទាំនៅក្នុងគ្រួសារយ៉ាងយ៉ាងយកចិត្តទុកដាក់ផងដែរ។ ពួកគាត់ត្រូវខិតខំធ្វើការដើម្បីផ្គត់ផ្គង់កូនៗរបស់ពួកគាត់ ហើយជារឿយៗក៏ដើម្បីសមាជិកគ្រួសារផ្សេងៗទៀតផងដែរ។ យ៉ាងណាមិញ ដោយសារតែស្ថានភាព ការងារក្រៅប្រព័ន្ធ ពួកគាត់មិនអាចទទួលបាននូវអត្ថប្រយោជន៍គាំពារមាតុភាពក្នុងអំឡុងពេលមាន ផ្ទៃពោះ និងសម្រាកមាតុភាពទេ។ ស្ត្រីប្រមាណ ៩០% នៃស្ត្រីនៅក្នុងកម្លាំងពលកម្មនៅកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពបែបនេះ ដែលធ្វើឱ្យពួកគាត់ងាយទទួលរងគ្រោះដោយសារការបាត់បង់ ការងារ ការជំពាក់បំណុល ភាពក្រីក្រ គ្រោះថ្នាក់ក្នុងពេលប្រកបការងារ និងជម្ងឺផ្សេងៗ។ មូលហេតុទាំងនេះធ្វើឲ្យពួកគាត់បាត់បង់លទ្ធភាពក្នុងការមើលការថែទាំខ្លួនគាត់ផ្ទាល់ និងកូនៗ ។
 
យើងរៀបរាប់មិនអស់ពីសារៈសំខាន់នៃកិច្ចគាំពារមាតុភាពទេ។ កិច្ចគាំពារមាតុភាព គឺជា ជាផ្នែកដ៏សំខាន់នៃសិទ្ធិការងារ។ កិច្ចគាំពារមាតុភាព អាចធានាបាននូវសន្តិសុខ និងសុខមាលភាពរបស់ស្ត្រី និងកូនៗពួកគេ ហើយក៏ជាគន្លឹះមួយដើម្បីទទួលបានសមភាពយេនឌ័រ និងការគាំទ្រដល់ កំណើនសេដ្ឋកិច្ច។ ជម្ងឺរាតត្បាតកូវីដ១៩ បានបង្កើនភាពងាយរងគ្រោះទៅដល់ស្រ្តីដែលជាកម្មករ ក្រៅប្រព័ន្ធ នៅក្នុងតំបន់អាស៊ាន ដោយមានការកើនឡើងអ្នកគ្មានការងារធ្វើ អំពើហឹង្សាក្នុងគ្រួសារ ការមានផ្ទៃពោះដោយចៃដន្យ និងអសន្តិសុខផ្នែកហិរញ្ញវត្ថុ ទំនួលខុសត្រូវកាន់តែច្រើនឡើងលើការថែទាំសុខភាព និងការអប់រំកូនៗរបស់ពួកគេអំឡុងពេលការបិទសាលារៀន ដើម្បីកាត់បន្ថយ ការរីករាលដាលនៃជំងឺកូវីដ១៩។ ដូច្នេះ កិច្ចគាំពារមាតុភាព គឺពិតជារឿងសំខាន់ជាងពេលណាៗ ទាំងអស់។
 
យើងឃើញមានការរីកចម្រើន និងកិច្ចប្រឹងប្រែងជាច្រើនទៅលើកិច្ចគាំពារសង្គមនៅក្នុង ប្រទេសកម្ពុជា ក៏ប៉ុន្តែនៅមានស្រ្តីកម្មករក្រៅប្រព័ន្ធជាច្រើន មិនទាន់ទទួលបានការយកចិត្តទុកដាក់ពេញលេញពីសង្គមនៅឡើយ។ នាពេលបច្ចុប្បន្ននេះ ច្បាប់ការងាររបស់ប្រទេសកម្ពុជា ផ្តល់អត្ថប្រយោជន៍លើការគាំពារមាតុភាពដល់តែកម្មករស្ត្រី ដែលមានកិច្ចសន្យាការងារជាផ្លូវការ និងការងារក្នុងប្រព័ន្ធ ដែលមានលទ្ធភាពអាចបំពេញតាមគោលការណ៍ចាំបាច់មួយចំនួន ដូចជាការចូលរួមវិភាគទាន ដើម្បីអាចទទួលបានរបបសន្តិសុខសង្គម ឬជំនួយសង្គមតែប៉ុណ្ណោះ។ ស្រ្តីកម្មករក្រៅប្រព័ន្ធភាគច្រើនមិនអាចបំពេញតាមគោលការណ៍ដែលគេតម្រូវទាំងអស់នេះទេ ពីព្រោះពួកគាត់ពុំមានការងារជាប្រព័ន្ធណាមួយច្បាស់លាស់ ហើយកាលវិភាគការងាររបស់គាត់ក៏ ពុំមានភាពទៀងទាត់ ដើម្បីអាចចូលរួមចំណែកទទួលបានរបបសន្តិសុខសង្គមនោះដែរ។ បញ្ហាទាំងនេះត្រូវបានចាក់ឫសជាយូរអង្វែង និងក្លាយទៅជាបទដ្ឋានសង្គម និងឥរិយាបថលើតួនាទី របស់ស្ត្រីនៅក្នុងសង្គមកម្ពុជា ហើយមិនទាន់បានដោះស្រាយ និងបញ្ចូលពេញលេញទៅក្នុងច្បាប់ជាតិ នៅឡើយ។ ដូចបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ ស្ត្រីកម្ពុជាក្នុងវ័យពរពោះ (ចន្លោះអាយុ២៥-៣៤ឆ្នាំ) មានចំនួនច្រើនលើលលុប ដែលស្ថិតនៅក្នុងចំណោមប្រជាជនមាន ជីវភាពខ្វះខាត ពីព្រោះពួកគេត្រូវបានសង្គមរំពឹងទុកថា ត្រូវបំពេញការងារផ្ទះ ក៏ដូចជាការងារថែទាំផ្សេងៗច្រើន ជាងបុរស ហើយដែលជាហេតុធ្វើឲ្យស្រ្តីមានពេលវេលាតិចតួចក្នុងការធ្វើការរកប្រាក់ចំណូល។ ទន្ទឹមនឹងនេះ អាជីវកម្ម និងធុរកិច្ចត្រូវយកចិត្តទុកដាក់បន្ថែមជាច្រើនទៀត ដើម្បីបង្កើតការផ្លាស់ប្តូរ និងផ្តល់បរិយាកាសការងារ ដែលផ្តល់សិទ្ធិអំណាចដល់ស្រ្តី និងការការពារស្ត្រី ហើយទទួលស្គាល់នូវការចូលរួមចំណែកដ៏សំខាន់របស់ស្រ្តីទៅលើការអភិវឌ្ឍ និងបង្កើនសេដ្ឋកិច្ច។
 
ដោយមើលឃើញពីបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនៃការពពោះ និងសម្រាកមាតុភាពសម្រាប់ ស្រ្ដីកម្មករទាំងអស់ អង្គការអុកស្វាម និងដៃគូ សូមសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា សូមពិនិត្យ និងរៀបចំនូវច្បាប់ និងបទប្បញ្ញត្ដិការងារឲ្យកាន់តែប្រសើរ ដោយស្របជាមួយនឹងអនុសញ្ញា១៨៣ ស្តីអំពីកិច្ចគាំពារមាតុភាពរបស់អង្គការពលកម្មអន្តរជាតិ ដែលមានគោលការណ៍គំរូស្នូលចំនួន៥៖ ការសម្រាកលំហែមាតុភាព អត្ថប្រយោជន៍ជាសាច់ប្រាក់ និងការព្យាបាលផ្នែកវេជ្ជសាស្រ្ដ ការការពារសុខភាពនៅកន្លែងការងារ ការការពារលើការងារ និងការមិនរើសអើង ព្រមទាំងការគាំទ្រការបំបៅដោះកូនជាដើម។ 
 
អង្គការអុកស្វាមសូមធ្វើការអំពាវនាវដល់ អ្នកប្រកបធុរកិច្ចទំាងអស់ ឱ្យចូលរួមគាំទ្រដល់ ស្រ្ដីកម្មករឲ្យបានប្រសើរជាងមុន ដោយផ្ដល់នូវការគាំពារមាតុភាពឲ្យបានពេញលេញ និងលើកកម្ពស់ គោលនយោបាយគ្រួសារ ក៏ដូចជាមានបែងចែកនូវការងារថែទាំដែលមិនទទួលបានប្រាក់ឈ្នួលនៅ ក្នុងគ្រួសារផងដែរ ដើម្បីផ្លាស់ប្ទូរគោលគំនិតចាស់ដែលចាត់ទុកស្រ្ដីគឺជាអ្នកទីមួយដែលត្រូវនៅថែទាំ គ្រួសារ។ 
 
កម្មការនីក្រៅប្រព័ន្ធដូចជាអ្នកស្រីសុវណ្ណ គឺជាឆ្អឹងខ្នងនៃគ្រួសារ និងសង្គម ហើយដែលមានចំនួនរហូតដល់៩០% នៃកម្លាំងពលកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុប ដែលរួមចំណែកប្រមាណ៦៥%នៃផលិតផលក្នុងស្រុកសរុបក្នុងប្រទេសកម្ពុជា។ ដូច្នេះ ការផ្តល់សេវាគាំពារ សង្គមជាសកលសម្រាប់ពលរដ្ឋទូទៅ ក៏ដូចជាអត្ថប្រយោជន៍ មាតុភាពជាសកលសម្រាប់អ្នកម្តាយ ទាំងអស់នៅត្រឹមឆ្នាំ ២០៣០ គឺជាការចាំបាច់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការផ្តល់សេវាគាំពារ សង្គមនេះ មិនមែនជាសកម្មភាពសប្បុរសធម៌ទេ ប៉ុន្តែគឺជាគោលនយោបាយសេដ្ឋកិច្ចដ៏រឹងមាំមួយ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាកើនឡើង និងពន្លឿនគោលដៅប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ កិច្ចគាំពារមាតុភាពពេញលេញ នឹងជួយបង្កើនសក្តានុពលសេដ្ឋកិច្ចប្រទេសកម្ពុជា និងលើកកម្ពស់សុខមាលភាព ផលិតផល និងផលិតភាព។  ខ្ញុំសង្ឃឹមថានៅឆ្នាំ ២០៣០ កម្មការនីទាំងអស់ ទាំងអ្នកធ្វើការក្នុងស្រុក និងអ្នកចំណាកស្រុកតាមរដូវកាល នឹងមិន ចាត់ទុកការទទួលបានអត្ថប្រយោជន៍មាតុភាពនេះ ថាជាពរជ័យ ឬជាភព្វសំណាងនោះទេ ប៉ុន្តែជាសិទ្ធិស្របច្បាប់របស់ពួកគេដែលត្រូវទទួលបាន។
 
ក្នុងខែមិថុនានេះ ខ្ញុំសូមអញ្ចើញអ្នកទាំងអស់សូមចូលរួមជាមួយអង្គការអុកស្វាម និងដៃគូ ដើម្បីបន្តនូវយុទ្ធនាការធ្វើឲ្យប្រសើរឡើងនូវកិច្ចគាំពារមាតុភាពសម្រាប់ស្រ្ដីកម្មករទាំងអស់។ សូមតាម ដានយុទ្ធនាការនេះ តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់អង្គការអុកស្វាម (Oxfam in Cambodia)។ ស្ត្រីគ្រប់រូប រួមទាំងស្ត្រីកម្មករក្រៅប្រព័ន្ធ ត្រូវទទួលបានការការពារ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com