កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ីតាលីកក់កៅអីវគ្គ១៦ក្រុមមុនគេ ឯវែលស៍រកបាន៣ពិន្ទុបន្ថែមក្រោយឈ្នះតួកគី ២-០
17, Jun 2021 , 7:15 am        
រូបភាព

អ៊ីតាលីបានក្លាយជាក្រុមដំបូងគេដែលបានកៅអីបន្តទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Euro 2020 ក្រោយយកឈ្នះស្វ៊ីស ៣-០ ក្នុងជំនួបលើកទី២ពូល A។ វែលស៍ មានភាគរយខ្ពស់ដើម្បីឆ្លងផុតវគ្គជម្រុះតាមពូលជាមួយអ៊ីតាលី តាមរយៈជ័យជម្នះ ២-០ លើក្រុមតួកគី។



ក្រុមអ៊ីតាលីដែលមានលោក Roberto Mancini ជាគ្រូបង្វឹកបានបង្ហាញភាពខ្លាំងរបស់ខ្លួនដោយរកបានជ័យជម្នះ ៣-០ ទាំងពីរប្រកួតដំបូងនៅវគ្គសន្សំពិន្ទុ។ មុនឈ្នះស្វ៊ីស អ៊ីតាលីក៏ទទួលបាន៣ពិន្ទុតាមរយៈលទ្ធផលជ័យម្នះ ៣-០ លើក្រុមតួកគីផងដែរ។

៣គ្រាប់របស់ម្ចាស់ផ្ទះអ៊ីតាលីនៅជំនួបលើកទី២ពូល A នៅកីឡដ្ឋាន Stadio Olimpico សម្រេចបានដោយ Manuel Locatelli ២គ្រាប់ម្នាក់ឯងនៅនាទី២៦ និង៥២ មុនពេល Ciro Immobile បន្ថែមគ្រាប់ទី៣ នៅនាទី៨៩។ ជ័យជម្នះទាំងពីរប្រកួតដោយគ្មានរបូតគ្រាប់ គ្រប់គ្រាន់ដើម្បីនាំក្រុមលោក Mancini កក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានអឺរ៉ុបដោយស្វ័ប្រវត្តិ។

អ៊ីតាលី ដែលមាន៦ពិន្ទុពេញឈរកំពូលតារាងពូល A បណ្តោះអាសន្ននៅសល់មួយប្រកួតទៀត ដោយត្រូវប៉ះវែលស៍នៅជំនួបចុងក្រោយ។ វែលស៍ ដែលទទួលបាន៣ពិន្ទុបន្ថែមនៅជំនួបទី២ ក្រោយឈ្នះតួកគី ២-០ ដែលសម្រេចបានដោយ Aaron Ramsey នៅនាទី៤២ និង Connor Roberts នៅនាទី៩០+ មានភាគរយច្រើនក្នុងការទទួលបានកៅអីទៅវគ្គខ្វែង។ វែលស៍ស្ថិតនៅចំណាត់ថ្នាក់ទី២ពូល A ដោយរកបាន៤ពិន្ទុ។

ស្វ៊ីស ដែលទើបរកបាន១ពិន្ទុ នៅសល់ឱកាសប្រជែងកៅអីទៅវគ្គ១៦ក្រុមផងដែរ បើទោះមានភាគរយតិចក្តី។ ជំនួបចុងក្រោយរបស់ស្វ៊ីស ត្រូវប៉ះតួកគីដែលហាលអាវទៅហើយសម្រាប់ព្រឹត្តិការណ៍ Euro 2020 នេះ៕






Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com