កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែការពារ Ramos ចែកផ្លូវជាមួយ Real Madrid ក្រោយរួមរស់ជាមួយគ្នា១៦ឆ្នាំ
× Sergio Ramos នឹងចាកចេញពី Real Madrid នៅចុងខែមិថុនានេះ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ១៦ឆ្នាំ។ ក្លិបយក្សអេស្ប៉ាញ ប្រកាសលាប្រធានក្រុមវ័យ៣៥ឆ្នាំ នាសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែមិថុនា។
១៦រដូវកាលនៅ Santiago Bernabéu ខ្សែការពារឆ្នើម Ramos បានជួយក្រុមឈ្នះជើងឯក La Liga ចំនួន៥សម័យ និង Champions League ៤លើក ក្រោយចាកចេញពីក្រុមយុវជន Sevilla កាលពីឆ្នាំ ២០០៥។
កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ បង្ហាញខ្លួនឱ្យ Real Madrid បាន ៦៧១ប្រកួត និងស៊ុតបញ្ចូលទីបាន១០១គ្រាប់។ ១០១គ្រាប់ ជាចំនួនដ៏ច្រើនសម្រាប់ Ramos ដែលជាខ្សែការពារ។
យ៉ាងណាក៏ដោយឈានមកដល់ខែមិថុនា ឆ្នាំ២០២១ ជាពេលវេលាចុងក្រោយសម្រាប់ក្លិបរហស្សនាមអធិរាជស និង Ramos ខណៈកិច្ចសន្យានឹងត្រូវបញ្ចប់នៅចុងខែនេះ។ ក្លិប Real Madrid ក៏បានធ្វើសន្និសិទកាសែត ដើម្បីប្រកាសពីការលាគ្នាជាមួយប្រធានក្រុមខ្លួនផងដែរ។
បើតាមការផ្សាយរបស់កាសែត Marca ខ្សែការពារវ័យ៣៥ឆ្នាំរូបនេះ មិនយល់ព្រមបន្តកិច្ចសន្យាថ្មី១ឆ្នាំទៀតឡើយ ដ្បិត Real ត្រូវកាត់ប្រាក់ឈ្នួលខ្លួនចំនួន១០ភាគរយ។
Ramos ដែលមិនត្រូវបានកោះហៅឱ្យចូលជម្រើសជាតិអេស្ប៉ាញទៅកាន់ការប្រកួត Euro 2020 មានចរចាមអារាមទាក់ទងជាមួយក្លិបធំៗផ្សេងទៀតនៅអឺរ៉ុបដែលក្នុងនោះក៏មាន Manchester City និង Manchester United ផងដែរ៕
Tag:
Sergio Ramos
Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com