អន្តរជាតិ
ប៉ូលិសហុងកុងចាប់ខ្លួនបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុនកាសែតរបស់សេដ្ឋី ជីមី ឡៃ
17, Jun 2021 , 10:59 am        
រូបភាព
ដោយ ជា ពេជ្រដាឡែន 
 
ព្រឹកថ្ងៃទី១៧ ខែមិថុនា ប៉ូលិសហុងកុងបានចាប់ខ្លួនបុគ្គលិកជាន់ខ្ពស់៥នាក់របស់កាសែត Apple Daily ដែលមាននិន្នការគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង។ កាសែតនេះ គ្រប់គ្រងដោយមហាសេដ្ឋី ជីមី ឡៃ ដែលត្រូវចាប់ខ្លួនរួចហើយក្រោមច្បាប់សន្តិសុខជាតិ។

 
ប៉ូលិសហុងកុងប្រមាណ១០០នាក់ បានឡោមព័ទ្ធ និងវាយឆ្មក់ចូលទីស្នាក់កាសែត Apple Daily ដែលគាំទ្រប្រជាធិបតេយ្យដោយមានដីការឹបអូសសម្ភារសារព័ត៌មានផងដែរ។ នាយកដ្ឋានសន្តិសុខរបស់ប៉ូលិសហុងកុង បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការចាប់ខ្លួននេះ គឺមកពីការសង្ស័យ គប់គិតគ្នារវាងកាសែត Apple Daily ជាមួយអំណាចបរទេសដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
 
បុគ្គលិកជាន់ខ្ពស់ Apple Daily ចំនួន ៥ នាក់ មានបុរសបួននាក់ និងស្ត្រីម្នាក់ អាយុចន្លោះ ៤៧ឆ្នាំ និង៦៣ឆ្នាំ ត្រូវបានចាប់ខ្លួនក្រោមបទសង្ស័យថាមានការគប់គិតជាមួយអំណាចបរទេស ដែលធ្វើឱ្យប៉ះពាល់សន្តិសុខជាតិ។ និពន្ធនាយក Apple Daily លោក Ryan Law និងនាយកប្រតិបត្តិ Cheung Kim-hung ស្ថិតក្នុងចំណោមអ្នកត្រូវចាប់ខ្លួន។ 
 
ក្រុមប៉ូលិសក៏បានប្រមូលសម្ភារសារព័ត៌មានដាក់ទៅក្នុងឡានរបស់ពូកគេដើម្បីប្រមូលព័ស្តុតាងសម្រាប់ករណីដែលពាក់ព័ន្ធនឹងការសង្ស័យថា ផ្ទុយនឹងច្បាប់សន្តិសុខ។ នេះបើតាមវីដេអូផ្សាយផ្ទាល់របស់អ្នកយកព័ត៌មាន Apple Daily ។ សកម្មភាពប៉ូលិសហុងកុងពេលនេះ ជាការឆ្មក់ចូលទីស្នាក់ការកាសែតនេះលើកទីពីរហើយក្នុងពេលមិនដល់មួយឆ្នាំផង ខណៈដែលអាជ្ញាធរហុងកុងកំពុងវែកមុខក្រុមប្រឆាំង។
 
កាលពីខែសីហា ឆ្នាំ២០២០ លោក  Jimmy Lai ស្ថាបនិកកាសែត Apple Daily និងជាសកម្មជនគាំទ្រប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួនដោយត្រូវចោទថាបំពានច្បាប់សន្តិសុខជាតិពាក់ព័ន្ធការគប់គិត ជាមួយបរទេស។
 
ចាប់តាំងពីច្បាប់ស្ដីពីសន្តិសុខជាតិនៅហុងកុងបានដាក់ចេញកាលពីខែកក្កដា ឆ្នាំ២០២០មក មនុស្ស ១១២នាក់ត្រូវបានចាប់ខ្លួន និងត្រូវស៊ើបអង្កេតបន្ថែម ហើយមនុស្ស ៥៧នាក់ត្រូវបានដាក់ទោស ក្រោមច្បាប់នេះ៕
 
 

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com