ជាតិ
សង្គមជាតិ
បណ្ឌិត សុខ ទូច៖«បើខ្មែរ ខ្វះត្រីមែន ប្រហែលមកពីបឹង ស្ទឹង អូរ ត្រូវបានលុប ព្រៃលិចទឹក ត្រូវបានបំផ្លាញ...»
17, Jun 2021 , 12:59 pm        
រូបភាព
លោក សុខ ទូច ស្ថិតក្នុងសន្និសីទតាមអនឡាញ ស្តីពីភាសាចិនពិភពលោក កាលពីខែមេសា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់លោក សុខ ទូច
លោក សុខ ទូច ស្ថិតក្នុងសន្និសីទតាមអនឡាញ ស្តីពីភាសាចិនពិភពលោក កាលពីខែមេសា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់លោក សុខ ទូច
ដោយ: ថ្មីៗ
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ហាក់ចម្លែកចិត្តខ្លាំង ក្រោយលោក ឮថា កម្ពុជា ខ្វះត្រី។ ហេតុអ្វីគ្រាន់តែឲ្យប្រជាពលរដ្ឋវៀតណាមឡើងគោក និងលែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធនៅកម្ពុជា អះអាងថា កម្ពុជា ខ្វះត្រីហូប ខណៈប្រទេសជិតខាង មានប្រជាជនច្រើនជាងកម្ពុជា មានពូជត្រីតិចជាងកម្ពុជា ហើយនៅតែមានលទ្ធភាពដឹកត្រីចូលមកកម្ពុជាថែមទៀត? នេះជាការចោទសួរ និងជាចម្ងល់របស់លោក សុខ ទូច។

 
ចំពោះលោក សុខ ទូច លោក ដូចជាមិនជឿឡើយ ដែលថា កម្ពុជា ខ្វះត្រី។ តាមរយៈទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ប្រធានរាជបណ្ឌិត្យសភា ដែលធ្លាប់ធ្វើជាអ្នកវិភាគរូបនេះ បានសរសេរដូច្នេះថា៖«បើឡាវ ខ្វះត្រីហូប ទើបមិនចម្លែក តែបើខ្មែរថា ខ្វះត្រីទទួលទាន វា ដូចជាចម្លែកអស្ចារ្យណាស់ ព្រោះខ្មែរមានទន្លេមេគង្គ បឹងទន្លេសាប និង ស្ទឹង ព្រែក បឹង អូរជាច្រើន ប្រៀបដូចសសៃឈាម ហើយថែមទាំងមានសមុទ្រជាប្រភពត្រីទឹកប្រៃទៀត...»។ 
 
ប៉ុន្តែ បើកម្ពុជា ខ្វះត្រីមែននោះ លោក សុខ ទុច យល់ថា អាចបណ្តាលមកពីមូលហេតុមួយចំនួន រួមមាន ប្រហែលជាបឹង ស្ទឹង អូរ ត្រូវបានលុប, ប្រហែលជាព្រៃលិចទឹក ត្រូវបានបំផ្លាញអស់, ប្រហែលជាតំបន់នេសាទ តំបន់ចិញ្ចឹមត្រី មិនត្រូវបានរៀបចំទៅតាមសក្ដានុពល, មិនបានចងជាសហគមន៍ ដើម្បីឲ្យការផលិតត្រី ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, និង មិនបានគណនាពីតម្រូវការទីផ្សារនៅក្នុងស្រុក ។ល។

ជាមួយគ្នានេះ មន្រ្តីក្រោមឱវាទម្នាក់របស់លោកបណ្ឌិត សុខ ទូច គឺ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភា បានសរសេរលើគណនីហ្វេសប៊ុក ក្នុងអត្ថន័យបែបសំណួរថា៖«សូមជួយឆ្លើយប្រាប់ផង! ធ្វើដូចម្តេច ទើបមានបន្លែ ត្រី សាច់ហូបគ្រប់ ខណៈយើងមានស្ទឹង បឹង ទន្លេ ដីស្រែ ចម្ការច្រើន? ឆ្ងល់ពិតមែន»។ 
  
កាលពីថ្ងៃទី១៥ ខែមិថុនា ក្រសួងកសិកម្ម សារភាពតាមរយៈសេចក្តីប្រកាសព័ត៌មានថា ការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែជួបបញ្ហាប្រឈម ដោយមិនទាន់អាចដោះស្រាយបាននៅឡើយ។ ក្រសួងកសិកម្ម លើកមូលហេតុចម្បងៗថា ការជួបបញ្ហាប្រឈម ក្នុងការផ្គត់ផ្គង់ត្រីនៅកម្ពុជា គឺបណ្តាលមកពី ការថមថយត្រីពីធម្មជាតិ ការមានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា និង ការប្រកួតប្រជែងទីផ្សារត្រីក្នុងស្រុក ជាដើម។ 
 
អត្ថបទទាក់ទង

ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញបទបញ្ជាឲ្យអ្នករស់នៅ និងប្រកបរបរនេសាទលើផ្ទៃទន្លេចតុមុខ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាកចេញឲ្យអស់។ អ្នករស់នៅ និងប្រកបរបរនេសាទទាំងនោះ ដែលភាគច្រើនជាជនជាតិវៀតណាម បានចាកចេញជាបណ្តើរៗហើយ តែមួយចំនួនទៀត សុំពេលបន្ថែមពីអាជ្ញាធរ ដ្បិតពួកគេ មិនទាន់អាចរៀបចំខ្លួនចាកចេញទាន់ពេលវេលា។ 
 
ប្រជាពលរដ្ឋខ្មែរទូទៅ សាទរចំពោះចំណាត់ការរបស់អាជ្ញាធរ ដែលឲ្យអ្នករស់នៅ និងប្រកបរបរនេសាទនៅទន្លេចតុមុខ ចាកចេញឲ្យអស់ ដើម្បីការពារសោភ័ណភាពបរិស្ថាន។ ប្រជាពលរដ្ឋខ្មែរខ្លះ និយាយថា ទោះគ្មានជនជាតិវៀតណាម ក៏កម្ពុជា មិនខ្វះត្រីដែរ៕ 
 

Tag:
 សុខ ទូច
  បញ្ហាត្រី
  នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com