អន្តរជាតិ
ចិន ប្រកាសជោគជ័យលើការបង្ហាះយានដឹកមនុស្សបីនាក់ទៅស្ថានីយអវកាសរបស់ខ្លួន
17, Jun 2021 , 3:19 pm        
រូបភាព
យាន Shenzhou-12 ត្រូវបានបាញ់ទៅទីលំហជាមួយនឹងរ៉ុក្កែត Long March-2F ។ រូបថត Xinhua
យាន Shenzhou-12 ត្រូវបានបាញ់ទៅទីលំហជាមួយនឹងរ៉ុក្កែត Long March-2F ។ រូបថត Xinhua
ចិន នៅថ្ងៃទី១៧ ខែមិថុនា បានប្រកាសជោគជ័យលើការបង្ហោះយានអវកាសខ្លួន ដែលដឹកអវកាសយានិកជនជាតិចិនចំនួន៣រូបដំបូង ទៅស្ថានីយអវកាស Tiangong ដែលកំពុងសាងសង់។ នេះគឺជាការបោះជំហានដ៏សំខាន់មួយរបស់ចិន ដើម្បីក្លាយជាមហាអំណាចទីលំហ។

 
នាវេលាម៉ោង ៩ និង ២២នាទីព្រឹក រ៉ុក្កែត Long March-2F បានចាប់ផ្តើមបញ្ជូនយានអវកាស Shenzhou-12 ដែលមានវត្តមានអវកាសយានិកចិនចំនួន ៣រូបផងនោះ ពីមជ្ឈមណ្ឌលបាញ់ផ្កាយរណប Jiuquan ទៅស្ថានីយ Tiangong ដែលស្ថិតក្រោមការសាងសង់នៅឡើយ។ ស្ថានីយអវកាស Tiangong ស្ថិតនៅលើគន្លងផែនដីកម្រិតទាប ពោលគឺមានចម្ងាយត្រឹមតែ ៣៤០គីឡូម៉ែត្រ ទៅ៤៥០គីឡូម៉ែត្រ ពីផែនដីប៉ុណ្ណោះ។
 
ប្រមាណជា ១០នាទីបន្ទាប់ពីបង្ហោះចេញពីផែនដី គ្រាប់រ៉ុក្កែត និងយានអវកាស បានផ្តាច់ចេញពីគ្នា និងចូលក្នុងគន្លងរបស់ផែនដី។ យានអវកាស ក៏បានបើកផ្ទាំងស្រូបថាមពលព្រះអាទិត្យ និងចាប់ផ្តើមដំណើរការរបស់ខ្លួន។ ចំណែកអវកាសយានិក ក៏មានសុខភាពធម្មតាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍CGTN។ 
 
បន្ទាប់ពីយានអវកាស បានចូលក្នុងគន្លងបានត្រឹមត្រូវ មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបចិន បានប្រកាសពីភាពជោគជ័យ។ នេះគឺជាការបោះជំហានដ៏សំខាន់មួយរបស់ចិន ទាក់ទិននឹងអវកាស ស្របពេលបក្សកុម្មុយនីស្តចិនប្រារព្ធខួបរយៈពេល ១០០ឆ្នាំរបស់ខ្លួន។ 
 
អវកាសយានិកទាំង ៣រូប នឹងបំពេញបេសកកម្មរបស់ខ្លួនរយៈពេល ៣ខែនៅទីនោះ ដើម្បីជួយដំឡើងស្ថានីយអវកាស ដឹកនាំការងារមួយចំនួននៅក្រៅស្ថានីយអវកាស និងជួសជុលផ្នែកខ្លះនៃស្ថានីយជាដើម។ 
 
សូមបញ្ជាក់ថា ទីភ្នាក់ងារអវកាសចិន បានត្រៀមបេសកកម្មចំនួន ១១លើកបន្ថែមទៀតនៅត្រឹមដំណាច់ឆ្នាំ២០២២ ក្នុងនោះរួមមាន ការបញ្ជូនឧបករណ៍ពិសោធន៍ ដើម្បីភ្ជាប់ជាមួយស្ថានីយអវកាស Tiangong, គ្រឿងផ្គត់ផ្គង់ និងអវកាសយានិកបន្ថែម៕
 

Tag:
 ចិន
  ស្ថានីយអវកាស
© រក្សាសិទ្ធិដោយ thmeythmey.com