ជាតិ
សុខភាព
ខេត្តតាកែវ មានមនុស្ស៣នាក់ទៀត ស្លាប់ដោយកូវីដ-១៩
17, Jun 2021 , 4:39 pm        
រូបភាព
នារសៀលថ្ងៃទី១៧មិថុនានេះ រដ្ឋបាលខេត្តតាកែវ ប្រកាសរកឃើញ ថា មានមនុស្ស៣នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩(COVID-19) ដោយ២នាក់បានស្លាប់នៅថ្ងៃទី១៦ មិថុនា និង១នាក់ទៀត បានស្លាប់នៅថ្ងៃទី១៧មិថុនានេះ។ រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង៣នាក់នោះ មានស្ត្រីម្នាក់ ដែលមានអាស័យដ្ឋាននៅស្រុកសំរោង។

 
បើតាមរដ្ឋបាលខេត្តតាកែវ អ្នកជំងឺ៣នាក់ដែលស្លាប់ដោយសារកូវីដ-១៩នោះ មានបុរសវ័យ៥៨ឆ្នាំម្នាក់ឈ្មោះតាំង សម្បត្តិ  មានស្រុកកំណើតនៅភូមិអន្លងមាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បុរសម្នាក់នេះបានបាត់បង់ជីវិតនៅម៉ោង៥កន្លះ នាថ្ងៃទី១៦មិថុនា ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារជំងឺកូវីដ១៩។
 
ដោយឡែក បុរសវ័យ៤០ឆ្នាំម្នាក់ពឈ្មោះ សែម ពៅ អាយុ៤០ឆ្នាំ ដែលបានស្លាប់ដោយសារតែជំងឺកូវីដ-១៩ដែរនោះ គឺមានអាសយដ្ឋាននៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង។ បុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យរកឃើញផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី១២មិថុនា ឆ្នាំ២០២១។ ព្រោះតែស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ បានតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយក៏នៅតែមិនអាចសង្គ្រោះបាន រហូតដល់ម៉ោង៥ព្រឹកនាថ្ងៃទី១៧មិថុនា បុរសរូបនេះក៏បានបាត់បង់ជីវិតតែម្តង។
 
ចំពោះករណីស្លាប់ដោយសារកូវីដ-១៩ លើស្ត្រីវ័យ៣០ឆ្នាំ នៅភូមិត្រពាំងចំបក់ ឃុំជំរះពេន ស្រុកសំរោង ក៏មានលក្ខណៈមិនខុសគ្នាពីអ្នកស្លាប់ខាងលើប៉ុន្មានដែរ។ ស្ត្រីដែលស្លាប់ដោយសារកូវីដ-១៩នេះ មាន ឈ្មោះ ប្រាក់ សារី។ ស្ត្រីរូបនេះ ត្រូវបានគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ-១៩  នៅថ្ងៃទី១៤មិថុនា ហើយបានបាត់បង់ជីវិត នៅម៉ោង២យប់ ចូលថ្ងៃទី១៧មិថុនានេះ។
 
សម្រាប់ថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញមនុស្ស៦២៥នាក់ទៀត ឆ្លងជំងឺកូវីដ-១៩ និងមានអ្នកជំងឺ១២នាក់ទៀត ស្លាប់ដោយសារកូវីដ-១៩។ បើតាមរបាយការណ៍ពីក្រសួងសុខាភិបាលការរកឃើញថ្មីនេះ បានធ្វើឱ្យកម្ពុជា មានជំងឺកូវីដ-១៩កើនដល់៤០,៧៨២នាក់ ដោយនៅក្នុងនោះ មាន៣៨០នាក់ បានស្លាប់ដោយសារតែជំងឺនេះ៕ 
 
 
 
 

Tag:
 COVID-19
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com