កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អ៊ុយក្រែនប៉ះម៉ាសេដ្វានខាងជើង ដាណឺម៉ាកទទួលបែលហ្ស៊ិក មុនអូទ្រីសទៅជួបហូឡង់
17, Jun 2021 , 5:03 pm        
រូបភាព
ដោយ៖ជា យូគៀង 
 

សម្រាប់ការប្រកួត Euro 2020 នារាត្រីនេះ ពូល C ឈានដល់ជំនួបលើកទី២ ខណៈពូល B មានមួយប្រកួត។ នៅក្នុងពូល C អ៊ុយក្រែន និងម៉ាសេដ្វានខាងជើងប្រជែងរកពិន្ទុដំបូងរៀងៗខ្លួន ខណៈអូទ្រីស និងហូឡង់ ប្រឹងប្រែងសម្រាប់ជ័យជម្នះ២ប្រកួតជាប់គ្នា។ សម្រាប់ពូល B ដាណឺម៉ាករំពឹងមានអារម្មណ៍ល្អសាជាថ្មីឡើងវិញពេលស្វាគមន៍បែលហ្ស៊ិក។

 
ជំនួបពូល C៖អ៊ុយក្រែនស្វាគមន៍ម៉ាសេដ្វានខាងជើង នាកីឡដ្ឋាន Arena Nationala វេលាម៉ោង៨យប់
 
អ៊ុយក្រែនរំពឹងទទួលបាន៣ពិន្ទុពីការប្រកួតជាមួយម៉ាសេដ្វានខាងជើងក្នុងយប់នេះ។ កាលពី ប្រកួតទល់ជាមួយហូឡង់ ពួកគេបាយវាយបកតាមស្មើ ២-២ ប៉ុន្តែភ្លាត់ស្នៀតចុងក្រោយ ធ្វើឲ្យហូឡង់ឈ្នះ ៣-២។ ម៉ាសេដ្វានខាងជើង ក៏ត្រូវការប្រឹងប្រែងខ្ពស់ផងដែរ ក្រោយចាញ់អូទ្រីស ៣-១។ 
 
ក្រុមទាំងពីរធ្លាប់ប៉ះគ្នានាវគ្គជម្រុះឆ្នាំ២០១៥ ចំនួន២លើក ដោយអ៊ុយក្រែនឈ្នះទាំងពីរលើក។
 
ពូល B៖ ដាណឺម៉ាកស្វាគមន៍បែលហ្ស៊ិក នាកីឡដ្ឋាន Parken Venue វេលាម៉ោង ១១យប់
 
បច្ចុប្បន្ន ដាណឺម៉ាក ស្ថិតនៅបាតតារាងក្នុងពូល B ដោយការប្រកួតដំបូងរបស់ខ្លួនបានចាញ់ ក្រោមថ្វីជើងហ្វាំងឡង់ ១-០ បន្ទាប់ពី Christian Eriksen បានដួលសន្លប់ក្នុងការប្រកួត ហើយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ Romelu Lukaku ប្រធានក្រុមបែលហ្ស៊ិកដែលជាមិត្តភក្តិ Eriksen នៅក្លិប Inter Milan ក៏បានស្នើសុំឲ្យមានការស្ងៀមស្ងាត់១០នាទីក្នុងការប្រកួតដើម្បីលើកទឹកចិត្ត Eriksen ផងដែរ។
 
ដាណឺម៉ាកនឹងត្រូវជួបការលំបាកក្នុងការស្វែងរកពិន្ទុដោយជួបក្រុមខ្លាំងឈរលេខ១ បែលហ្ស៊ិក ដែលបានបើកឆាកជាមួយនឹងជ័យជម្នះ ៣-០ លើរុស្ស៊ី។
 
ពូល C៖ ហូឡង់ប៉ះអូទ្រីសនាកីឡដ្ឋាន Johan Cruijff Arena វេលាម៉ោង ២អាធ្រាត្រ
 
ហូឡង់ជាក្រុមខ្លាំងក្នុងពូល C ដែលបានយកឈ្នះអ៊ុយក្រែន ៣-២ នាជំនួបបើកឆាក ខណៈ អូទ្រីសឈ្នះម៉ាសេដ្វានខាងជើង ៣-១។  ប្រវត្តិរបស់ក្រុមទាំងពីរបើរាប់ចាប់ពីឆ្នាំ ២០០២ មក ៥ប្រកួតចុងក្រោយអូទ្រីសមិនដែរយកឈ្នះលើហូឡង់ឡើយ។ បច្ចុប្បន្ន អូទ្រីសឈរលេខ១បណ្តោះអាសន្ន ដោយមាន៣ពិន្ទុស្មើហូឡង់ តែខុសគ្រាប់បាល់បញ្ចូលទី ខណៈអ៊ុយក្រែន និងម៉ាសេដ្វានខាងជើង មិនទាន់មានពិន្ទុរាប់ឡើយ៕
 

Tag:
 UEFA EURO 2020
© រក្សាសិទ្ធិដោយ thmeythmey.com